គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សធំពីរនៅកម្ពុជា បានកំពុងគិតហើយថា តើត្រូវទាក់ទាញទឹកចិត្តអ្នកបោះឆ្នោតវ័យក្មេងដោយរបៀបណា ។ ក្នុងចំណោមយុទ្ធសាស្ត្រជាច្រើននោះ គឺការជំរុញតួនាទីនយោបាយរបស់មនុស្សជំនាន់ក្រោយ នៅក្នុងឆាកនយោបាយ ។ តើមនុស្សជំនាន់ក្រោយណាខ្លះ នៅក្នុងគណបក្សទាំងពីរដែលស្ថិតនៅក្នុងក្រសែភ្នែកតាមដានរបស់មហាជន ?
នៅក្នុងគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី កូនប្រុសរបស់សម្តេចតេជោហ៊ុន សែន កំពុងតែលេចធ្លោ ហើយត្រូវបានសារព័ត៌មានតាមដានរូបលោកយ៉ាងយកចិត្តទុកដាក់ ពិសេសបន្ទាប់ពីលោកបានប្រាប់សារព័ត៌មានថា លោកចង់ធ្វើនាយករដ្ឋមន្ត្រី ។ ជាកូនរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បានកើតនៅក្នុងឆ្នាំ១៩៨២ ហើយលោកបានធ្លាប់សិក្សានៅប្រទេសអាមេរិក និងអូស្ត្រាលី ដោយមានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ និងផ្នែកសន្តិសុខ ពិសេសប្រឆាំងភេរវកម្ម ។
លោកគឺជាតំណាងរាស្ត្រខេត្តកំពង់ស្ពឺ ។ មុនពេលដែលលោកចាប់ផ្តើមប្រឡូកក្នុងឆាកនយោបាយយ៉ាងពេញលេញនោះ លោកបាន ធ្លាប់ធ្វើការជាជំនួយការផ្ទាល់របស់ឪពុកលោក គឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ នោះគឺជាឱកាស ដែលលោកបានរៀនសូត្រច្រើនពីឪពុករបស់លោក នៅក្នុងកិច្ចការនយោបាយ ។
លោកគឺជាអ្នកនយោបាយវ័យក្មេង នៅក្នុងគណបក្សប្រជាជនកម្ពុជា ។ ដោយឪពុករបស់លោកជានាយករដ្ឋមន្ត្រីនោះ រូបលោកបានក្លាយទៅជាអ្នកនយោបាយ ដែលគេផ្តោតការយកចិត្តទុកដាក់ផងដែរ ។ ក្រៅពីនេះ លោកគឺជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ។ ក្នុងនាទីនេះ លោកបានប្រឡូកផ្ទាល់ជាមួយនឹងយុវជន និងយុវតីកម្ពុជា ដោយធ្វើឱ្យរូបលោក កាន់តែមានប្រជាប្រិយភាពនៅក្នុងចំណោមយុវជន និងយុវតីកម្ពុជា ។
លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជាកូនប្រុសរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា គឺជាឈាមស្រស់ថ្មីម្នាក់ទៀត នៅក្នុងគណបក្សប្រជាជនកម្ពុជា ដែលត្រូវគេគិតថា សកម្មនៅក្នុងឆាកនយោបាយកម្ពុជា ។ ដោយមានអាយុ៣៥ឆ្នាំ លោកគឺជារដ្ឋមន្ត្រីវ័យក្មេងជាងគេ នៅក្នុងរដ្ឋាភិបាល ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនៅសាកលវិទ្យាលល័យ Monash University នៅប្រទេសអូស្ត្រាលី ។
នៅខាងគណបក្សសង្គ្រោះជាតិវិញ កញ្ញាកឹម មនោវិទ្យា ដែលជាកូនស្រីច្បងរបស់លោកកឹម សុខា គឺជាអ្នកនយោបាយវ័យក្មេងដ៏សំខាន់ម្នាក់ ។ នាងបានទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេសផងដែរ ។ កញ្ញា កឹម មនោវិទ្យា ដែលកើតនៅឆ្នាំ១៩៨១ បច្ចុប្បន្ន ជាសមាជិកអចិន្ត្រៃយ៍មួយរូបរបស់គណបក្សសង្គ្រោះជាតិ ។ ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ចំនួន២៦រូប នាងឈរលេខរៀងទី១៣ ដែលខ្ពស់ជាងប្រពន្ធរបស់លោកសម រង្ស៊ី គឺលោកស្រី ជូឡុង សាមូរ៉ា ។
ដោយផ្អែកលើបញ្ជីសមាសភាពនៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ កញ្ញា អាចចាត់ទុកជា អ្នកនយោបាយស្ត្រីវ័យក្មេង ដែលមានឥទ្ធិពលបំផុត នៅក្នុងគណបក្សប្រឆាំង បន្ទាប់ពីលោកស្រី មួរ សុខហួរ ។
ប្រភពការទូតមួយរូបបាននិយាយថា នាងជាមនុស្សដ៏សំខាន់មួយរូប នៅក្នុងការតាក់តែងយុទ្ធសាស្ត្រនយោបាយរបស់គណបក្ស សង្គ្រោះជាតិផងដែរ ។ បច្ចុប្បន្ន នាងមានតួនាទី ជាអគ្គនាយករងនៃផ្នែកទំនាក់ទំនងសាធារណៈរបស់គណបក្សសង្គ្រោះជាតិ ។
កញ្ញាកឹម មនោវិទ្យា បានចាប់ផ្តើមល្បី នៅពេលដែលនាងបានធ្វើយុទ្ធនាការ ដើម្បីទាមទារការដោះលែង ឪពុករបស់នាង គឺលោក
កឹម សុខា កាលពីឆ្នាំ២០០៦ ។
យុវតីមួយទៀត ដែលគេយកចិត្តទុកដាក់ គឺ ធី សុវណ្ណថា ដែលប្រកាសខ្លួនថា គឺជាអ្នកនយោបាយមួយរូប ទោះបីជាពេលនេះ នាងមិនទាន់ច្បាស់លាស់នៅឡើយថា នឹងចូលគណបក្សនយោបាយណា ។ ធី សុវណ្ណថា ក្នុងវ័យ២១ឆ្នាំ មានអ្នកគាំទ្រផេកហ្វេសប៊ុក រហូតដល់ជាង១, ៤៤លាននាក់ ។ នាងធ្លាប់ជាអ្នករិះគន់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា នៅមុនពេលបោះឆ្នោតឆ្នាំ២០១៣ ។
ខណ:ដែលកម្ពុជា កំពុងបោះជំហានទៅរកការបោះឆ្នោតយ៉ាងសំខាន់ នៅឆ្នាំ២០១៧ និង២០១៨ អ្នកនយោបាយវ័យក្មេងទាំងបួនរូបនឹងស្ថិតនៅក្រោមក្រសែភ្នែកតាមដានរបស់ប្រជាជនកម្ពុជាជាង១៥លាននាក់ ៕
ចែករំលែកព័តមាននេះ