រាជធានីភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រកាសគោលជំហរថា លោកមិនធ្វើតាមយុវជនគណបក្សសង្គ្រោះជាតិណាដែលចង់បំបែកបំបាក់ជាតិឡើយ ។ ការប្រកាសជំហររបស់លោកបែបនេះ បានធ្វើឡើងក្នុងពិធី «សំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនថ្នាក់ជាតិ និងចលនាយុវជនរាជធានីភ្នំពេញ» នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ។
លោក កឹម សុខា បញ្ជាក់លើសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «ខ្ញុំបានកោតសរសើរ និងអរគុណដល់យុវជនទាំងអស់ ជាពិសេសយុវជនសង្គ្រោះជាតិ ដែលបានធ្វើការលះបង់ដ៏អង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋខ្មែរ តាមរយៈគណបក្សសង្គ្រោះជាតិ ។ ខ្ញុំក៏បានបញ្ជាក់ផងដែរថា ជំនួបនេះគឺ ខ្ញុំមានគោលបំណងចង់ពិភាក្សាគ្នាដោយផ្ទាល់ អំពី «ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ ដើម្បីខ្លួនខ្ញុំផ្ទាល់ក៏ដូចជាគណបក្សសង្គ្រោះជាតិយកទៅពិចារណា ។ ខ្ញុំត្រូវតែធ្វើអ្វីតាមយុវជនសង្គ្រោះជាតិឲ្យខ្ញុំធ្វើ ខ្ញុំមិនអាចធ្វើអ្វីតាមអ្នកបំបែកបំបាក់ជាតិឲ្យខ្ញុំធ្វើនោះទេ» ។
ជាមួយគ្នានោះដែរ លោកសុខា បាន សំណូមពរឲ្យយុវជនសង្គ្រោះជាតិទាំងអស់ បន្ដការតស៊ូ ដោយអត់ធ្មត់ព្យាយាម ដោយអហិង្សា តទៅទៀត ដើម្បីសម្រេចបានគោលដៅរបស់យើងគឺ «សង្គ្រោះជាតិ» ។
គួរបញ្ជាក់ថា កាលពីថ្មីៗមកនេះ ដោយមានការបែកធ្លាយរឿងអាស្រូវជាខ្សែអាត់សម្លេងស្នេហា ដែលតាមសំឡេងនោះត្រូវបានគេសង្ស័យទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលបង្ហោះចេញពីផេកហ្វេសប៊ុកឈ្មោះរឿងពិត CNRP ក៏មាននិស្សិតមួយក្រុមបានធ្វើការស្នើសុំឲ្យលោកកឹម សុខា ធ្វើការបំភ្លឺចំពោះសម្លេងតាមខ្សែអាត់នេះ ប៉ុន្តែលោកមិនបានធ្វើការបំភ្លឺនោះទេ ។ ជាងនេះទៅទៀត ក្រុមនិស្សិតនៅបន្តស្នើសុំឲ្យមានការបំភ្លឺ រហូតដល់មានការប៉ះទង្គិចសម្ដីគ្នាជាមួយសកម្មជនគណបក្ស នៅក្នុងវេទិកាសាធារណៈរបស់លោក កឹម សុខា កាលពីថ្ងៃទី៦ ខែមីនាផងដែរ។ ពួកគេនិយាយថា ពួកគេក៏ជាយុវជនគាំទ្រគណបក្សសង្គ្រោះជាតិដែរ ។
មុននេះលោក កឹម សុខា ក៏បានប្រកាសយកគោលការណ៍ «កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង» ស្របពេលដែលបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួនបន្តផ្សព្វ ផ្សាយខ្សែអាត់សំឡេង ដែលខ្លះសង្ស័យនិងខ្លះចោទថា ជាសំឡេងរបស់លោក កឹម សុខា មានការទាក់ទងផ្លូវភេទជាមួយស្ត្រីវ័យក្មេងម្នាក់ ។
មន្ត្រីសង្គមស៊ីវិលខ្លះយល់ថា នេះគឺជាជម្រើសល្អមួយសម្រាប់ទុកពេលវេលាធ្វើកិច្ចការល្អៗវិញសម្រាប់សង្គមកម្ពុជា ហើយអ្នកនយោបាយពុំគួរយកកិត្តិយសស្ត្រីខ្មែរ ដើម្បីផលចំណេញនយោបាយឬបុគ្គលនោះទេ ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងហ្វេសប៊ុករបស់លោកថា «ដូច្នេះ អ្វីដែលយើងត្រូវធ្វើតទៅមុខទៀតនោះ គឺយើងត្រូវតែធ្វើទៅតាមគោលដៅផែនការយុទ្ធសាស្ត្ររបស់យើងតែប៉ុណ្ណោះ ។ យើងមិនត្រូវធ្វើតាមអារម្មណ៍ឬធ្វើអ្វីតាមតែគេចាក់ឱ្យយើងលោតនោះទេ ត្រូវរក្សានូវការអត់ធ្មត់តទៅទៀត ដូចដែលខ្ញុំបានជម្រាបហើយថា យើងកុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង» ។
ការលើកឡើងរបស់លោក កឹម សុខា ស្របពេលដែលមានការចោទថា លោកមានការទាក់ទងផ្លូវភេទជាមួយនិងស្ត្រីវ័យក្មេងម្នាក់ ដែលមានឈ្មោះថា «ស្រីមុំ» ។ ខ្សែអាត់សំឡេងដែលគេចោទថា ជាសំឡេងពិតរបស់លោក កឹម សុខា និងស្ត្រីវ័យក្មេងម្នាក់ ត្រូវបានគេបង្ហោះក្នុងគណនីហ្វេសប៊ុក ទើបបង្កើតថ្មី មានឈ្មោះថា «Mon Srey» នាដើមសប្តាហ៍នេះ ។ ហ្វេសប៊ុកដែលអះអាងថា ខ្លួនមានឈ្មោះ «Mon Srey» មានការទាក់ទងផ្លូវភេទនឹងលោក កឹម សុខា បានបង្ហោះខ្សែអាត់សំឡេងជាបន្តបន្ទាប់។
ខ្សែអាត់សំឡេងច្រើនផ្សេងទៀត រួមទាំងអត្ថបទសន្ទនាក៏ត្រូវបានគេផ្សព្វផ្សាយតាមគណនីហ្វេសប៊ុកផ្សេងទៀត ដែលមានឈ្មោះថា «រឿងពិត CNRP» និងត្រូវបានដកស្រង់ដោយសារព័ត៌មាន និងទូរទស្សន៍ក្នុងស្រុកផងដែរ ។
លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ដែលធ្វើការលើកកម្ពស់សិទ្ធិស្ត្រីនៅកម្ពុជា បានថ្កោលទោសចំពោះការប្រើប្រាស់ស្ត្រីដើម្បីផលប្រយោជន៍បុគ្គល ជាពិសេសគឺនៅលើឆាកនយោបាយកម្ពុជា ។ នេះបើតាមការដកស្រង់សម្តីដោយវិទ្យុផ្សាយជាខេមរៈភាសាកាលពីសប្តាស៍មុន ។ ការដកស្រង់បន្ត «ខ្ញុំគិតថាអ្នកទាំងអស់ អ្នកពាណិជ្ជកម្ម ជាពិសេសអ្នកដែលមានអំណាច អ្នកនយោបាយធំៗអ្វីជាដើមហ្នឹង គឺមិនត្រូវយកស្ត្រីហ្នឹងយកទៅឡូកឡំពាក់ព័ន្ធនឹងកិត្តិនាមរបស់គាត់នោះទេ ព្រោះរឿងមួយជារឿងឯកជន វាជារឿងមួយផ្សេងរបស់គេ ។ ក៏ប៉ុន្តែបើថាបុគ្គលដែលមានការរំលោភទៅលើច្បាប់ ទៅលើការធ្វើបាប ស្ត្រីអីហ្នឹង ជារឿងផ្សេងមួយទៀត» ។
ស្រដៀងគ្នានោះដែរ កាលពីពាក់កណ្តាលឆ្នាំ២០១៣ មិនប៉ុន្មានខែមុនពេលបោះឆ្នោតក្នុងប្រទេសកម្ពុជា ស្ត្រីវ័យកណ្តាលម្នាក់បានចេញមុខអះអាង ថាខ្លួនជាស្ត្រីកំណាន់របស់លោក កឹម សុខា ។ ស្ត្រីរូបនោះនិងម្តាយបានចេញមុខធ្វើការតវ៉ា នៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ និងដាក់ពាក្យបណ្តឹងដើម្បីឲ្យលោក កឹម សុខា ទទួលខុសត្រូវនិងជួយផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគាត់និងកូន ។ យ៉ាងណាក៏ដោយការទាមទារនេះ បានស្ងប់ស្ងាត់ទៅវិញ ក្រោយការបោះឆ្នោត ។
ក្រុមអ្នកវិភាគយល់ថា រឿងអាស្រូវផ្លូវភេទ កាលណាកើតមានមែន រួមជាមួយ «ដេញទាន់ជាន់កែង» នោះប្រាកដជាមានភាពអៀនខ្មាស់មិនខាន ។ ដោយសារការអៀនខ្មាស់នេះហើយ គ្មានអ្វីប្រសើរជាងស្ងៀមឡើយ។ យូរៗទៅស្ងាត់វិញជាមិនខាន ។ សម្រាប់សាម៉ីខ្លួនដែលមិនឆ្លើយអាចជាការត្រូវម្យ៉ាងដែរ ប៉ុន្តែឃើញទឹកស្ងប់កុំថាអត់មានត្រី ។
វិទ្យុបរទេសមួយផ្សាយជាខេមរភាសាម្សិលមិញនេះបានថ្លែងថា ការមានប្រពន្ធ២-៣វាខុសនឹងច្បាប់ឯកព័ន្ធភាព ហើយវាក៏ជារឿងអសីលធម៌ខ្លាំងណាស់ ។ គេនិន្ទា គេជេរ គេស្តីឱ្យព្រោះវាជាគំរូអាក្រក់សម្រាប់មនុស្សជាតិក្នុងសង្គម ។ ក្នុងលោកនេះគ្មានអ្នកណាសរសើរប្រុសមានប្រពន្ធច្រើនទេ ។ បើរស់នៅក្នុងភូមិគេស្អប់ គេខ្ពើម រហូតដល់ធ្វើឱ្យខូចពូជ ខូចអម្បូរទៀតផង ៕
ចែករំលែកព័តមាននេះ