ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឃើញ​រូបភាព​ដើរ​លេង​ប្រមូលផ្តុំ​គ្នា​ច្រើន​កុះករ ក្រសួងសុខាភិបាល​ព្រមាន​រាតត្បាត​ធំធេង​នៃ​កូ​វី​ដ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បានឃើញ​នូវ​រូបភាព​ជា​ច្រើន​កន្លែង​ដែល​មាន​បងប្អូន​ដើរ​កំសាន្ត​កំឡុង​ពេល​សម្រាក បុណ្យ​ភ្ជុំបិណ្ឌ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បានឃើញ​នូវ​រូបភាព​ជា​ច្រើន​កន្លែង​ដែល​មាន​បងប្អូន​ដើរ​កំសាន្ត​កំឡុង​ពេល​សម្រាក បុណ្យ​ភ្ជុំបិណ្ឌ មាន​សភាព​ច្រើន​កុះករ កកកុញ និង​មិន​ពាក់​ម៉ាស​ថែម​ទៀត នៅ​កន្លែង​កំសាន្ត​មួយ​ចំនួន​នោះ លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​ថា លោកស្រី​ពិតជា​មានការ​ព្រួយបារម្ភ​ណាស់ ចំពោះ​ការ​ធ្វេសប្រហែស​របស់​បុគ្គល​មួយ​ចំនួន ដែល​អាច​បង្ក​នូវ​ការ​ចម្លង​កូ​វី​ដ​-១៩ ពិសេស ខណៈ​ពេល​ដែល វីរុស​បំប្លែង​ថ្មី ដែល​តា កំពុង​តែ​ចរាចរ​យ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស ហានិភ័យ​នៃ​ការ​ចម្លង​បន្ត​គ្នា​ពិតជា​លឿន ។

លោកស្រី ឱ វណ្ណ​ឌី​ន បាន​ចេញ​អត្ថបទ​មួយ អម​ដោយ​រូបភាព​អ្នក​ទៅ​លេង​បុណ្យ​ភ្ជុំបិណ្ឌ កកកុញ និង​មិន​ពាក់​ម៉ាស​ថែម​ទៀត កាលពី​ថ្ងៃ​ទី ៦ ខែតុលា ដោយ​បាន​ក្រើនរំលឹក​ថា «​សូមកុំ​ឱ្យ​ការ​សប្បាយ​ភ្លេចខ្លួន​របស់​បុគ្គល​មួយ​ក្រុម​ណា​នោះ​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ក្លាយទៅជា​ការ​បង្កហេតុ​នៃ​ការ​ចម្លងរោគ​កូ​វី​ដ​-១៩ រាតត្បាត​ធំធេង ដល់​គ្រួសារ និង​អ្នក​ដទៃ នៅ​ក្នុង​សហគមន៍ ដែល​បុគ្គល​នោះ រស់នៅ ក្រោយ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ដែល​អាច​ឈាន​ទៅ​ដល់​មានការ​ស្លាប់​បាត់បង់​ជីវិត​នូវ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​»​។

លោកស្រី​វេជ្ជបណ្ឌិត បាន​បន្ត​ថា «​ក្រោយ​ពី​ខ្ញុំ​បានឃើញ​រូបភាព ដើរ​កំសាន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​តាម​ទីតាំង​មួយ​ចំនួន​មក ខ្ញុំ​មានការ​បារម្ភ​ខ្លាំង​ណាស់ នូវ​ស្ថានភាព​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​របស់​ពួក​គាត់ ដោយ​នាំ​គ្នា​ផ្តុំ​ច្រើន​កុះករ​ពេក​ហើយ​ៗ មិន​មាន​អនុវត្តន៍​វិធានការ ៣​ការពារ និង ៣​កុំ​។ នៅ​កន្លែង​ប្រមូលផ្តុំ​មួយ​ចំនួន ដែល​កកស្ទះ​មនុស្ស​ម្នា​ច្រើន​ហួសប្រមាណ ក្នុង​ពេល​ដែល​វីរុស​កូ​វី​ដ​-១៩ ជា​ពិសេស​ពពួក​ដែល​តា កំពុង​តែ​ចរាចរ​យ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស ហានិភ័យ​នៃ​ការ​ចម្លង​បន្ត​គ្នា​លឿន នឹង​អាច​កើតឡើង​គ្រប់ពេល និង​គ្រប់​ទីកន្លែង ក្នុង​សភាព​ដែល​បងប្អូន​ជួបជុំ​ប្រមូលផ្តុំ​កកកុញ ដោយសារ​តែ​ភាព​មាន​:​ចង់​ចូល​ទៅ​លេង​ទឹក ឫ​កំសាន្ត​បែប​យុវវ័យ​ជុំ​ៗ​គ្នា​ច្រើន ដោយ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​»​។

លោកស្រី ឱ វណ្ណ​ឌី​ន បាន​បង្ហាញ​នូវ​ឧទាហរណ៍​នៃ​ការ​ផ្ទុះ​ការ​ឆ្លង​រាតត្បាត​យ៉ាង​ដូច្នេះ​ថា «​បងប្អូន​ដឹង​ទេ​ថា មូលហេតុ​នៃ​ការ​ផ្ទុះ​ជំងឺ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ នៅ​បណ្តា​ប្រទេស​មួយ​ចំនួន គឺ​ចេញ​មក​ពី​កន្លែង ដែល​កកកុញ​មនុស្ស​ច្រើន ឬ​នៅ​កន្លែង ៣​ជ (​កន្លែង​បិទ​ជិត កន្លែង​ជុំ​ៗ​គ្នា​ច្រើន និង​នៅ​ជិត​កៀក​ៗ​គ្នា​) ដោយ​មិន​មាន​អនុវត្ត​វិធានការ​ការពារ​ខ្លួន​នេះឯង​។ តាម​រូបភាព ដែល​ខ្ញុំ​បានឃើញ​មួយ​ចំនួន គឺជា​ការ​ជួបជុំ​បែប​មិន​មានការ​បារម្ភ​ពី​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ទាល់តែ​សោះ​»​។

លោកស្រី ឱ វណ្ណ​ឌី​ន លើក​ឡើង​ថា «​ជា​ការ​ពិត​ហើយ ដែល​បងប្អូន​ចង់​លេង​សប្បាយ ក៏​ប៉ុន្តែ មិន​ត្រូវ​ឱ្យ​ការ​សប្បាយ​របស់​ខ្លួន ក្លាយជា​ការ​កើតទុក្ខ ដោយ​ការ​បាត់បង់​សាច់ញាតិ​ជាទី​ស្រឡាញ់​របស់​ខ្លួន ដោយសារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នោះ​ទេ​។ ត្រូវ​ចង​ចាំ​ថា «​ជីវិត​យើង​មាន​តែ​មួយ​គត់ បើ​ស្លាប់​បាត់​ទៅ តើ​ការ​សប្បាយ​តែ​មួយ​ភ្លែត ឫ​មួយ​ថ្ងៃ ជា​ផល​ចំណេញ​សម្រាប់​បុគ្គល​ដែរ​ទេ? ហើយ​យើង​អាច​នៅ​មាន​ពេល និង​ទីកន្លែង​ច្រើន​ទៀត ដើម្បី​ស្វែង​ទៅ​រក​ការ​កំសាន្ត​សប្បាយ ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដែល​យើង​អាច​រៀន​រស់នៅ បាន​យូរអង្វែង ជាមួយនឹង​ការ​វិវត្តន៍​ប​ម្លែ​ង​ខ្លួន​នៃ​វីរុស​កូ​វី​ដ​-១៩​។ ការ​ដកស្រង់​បទ​ពិសោធន៍ និង​រៀនសូត្រ​រស់នៅ​កំសាន្ត​សប្បាយ​របស់​យើង ចាំបាច់​ត្រូវធ្វើ​តាម​បែប «សន្សឹម​ៗ កុំ​បំបោល ក្រែង​ពុំ​ដល់​ដូច​ប្រាថ្នា​» ទើប​យើង​អាច​ឈាន​ទៅ​ដល់​ការ​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព រក្សា​បាន​សុខភាព​បុគ្គល គ្រួសារ និង​សហគមន៍ បាន​យូរអង្វែង​ផង​ដែរ​»​។

លោកស្រី ឱ វណ្ណ​ឌី​ន បន្ថែម​ថា «​ខ្ញុំ​សូម​ក្រើនរំលឹក​ហើយ​រំលឹក​ទៀត​ថា ទោះជា​បុគ្គល និង​ក្រុម​គ្រួសារ ដើរ​កំសាន្ត​នៅ​ទីណា​ក៏​ដោយ សូមកុំ​ភ្លេច​នាំ​យក​ទៅ​ជាមួយ​ខ្លួន​នូវ​ការ​អនុវត្តន៍ «៣​ការពារ និង ៣​កុំ​» ឱ្យ​បាន​ខ្ជាប់ខ្ជួន រូ​ម​គ្នា​បញ្ចៀស​បាន​នូវ​ការ​ចម្លង​បន្ត​គ្នា ដែល​ជា​មហន្តរាយ​សុខភាព​សាធារណ​: និង​សេដ្ឋកិច្ចជាតិ​។ ត្រូវ​ចេះ​ជួយ​ដាស់តឿន​គ្នា រំលឹក​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពេល​ដើរ​កំសាន្ត នូវ​ក្បួន​ការពារ​ខាងលើ​នេះ ជា​ចាំបាច់ ដើម្បី​សេចក្តីសុខ និង​សុខភាព​ល្អ​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​មាន​សុវត្ថិភាព ហើយ​មិន​ត្រូវ​នាំ​វីរុស​កូ​វី​ដ​-១៩ មក​ចម្លង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឡើយ ជា​ពិសេស​ជន​វ័យចាស់ និង​វ័យចាស់​ជរា​។ សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ សុខភាព​ល្អ ចៀស​ផុត​ការ​ចម្លងរោគ​កូ​វី​ដ​-១៩ ចង្រៃ​គ្រប់​ៗ​គ្នា និង​សូម​អរគុណ​ច្រើន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ