ខេត្តមណ្ឌលគិរី ៖ អ្នកនំាពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស (PM) លោក អេង ហ៊ី បានបា្រប់អ្នកសារព័ត៌មាននៅប៉ុន្មាននាទីមុននេះថា មកដល់ពេលនេះមានក្រុមហ៊ុនចំនួនពីរដែលពាក់ព័ន្ឋនឹងបទល្មើសព្រៃឈើនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី បានត្រូវបញ្ជូនសំណុំរឿងដល់ដៃព្រះរាជអាជ្ញាហើយ ។
បើតាមលោកឧត្តមសេនីយ៍អ្នកនំាពាក្យ PM ក្រៅពីក្រុមហ៊ុនទំាងពីរគឺក្រុមហ៊ុនយូនីគ្រីន ស្ថិតនៅក្នុងស្រុកកោះញែក និង ក្រុមហ៊ុនប៊ិញភឿក១ នៅក្នុងស្រុកកែវសីមា នឹងអាចមានក្រុមហ៊ុនមួយចំនួនទៀតដែលគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ កំពុងពិនិត្យចាត់វិធានការច្បាប់ ។

ដោយឡែក សេចក្តីរាយការណ៍បានឲ្យដឹងនៅវេលាម៉ោង១និង២៥នាទីរសៀលថ្ងៃទី០៨ មីនា ២០១៦នេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើ ដឹកនំាដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា កំពុងទទួលទានអាហារថ្ងៃត្រង់នៅក្នុងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ហើយថាបន្ទាប់ពីសម្រាកទទួលទានអាហាររួច គណៈប្រតិភូគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើ នឹងអាចបន្តទៅពិនិត្យនៅក្នុងក្រុមហ៊ុនដាយណាម ឬ ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកទៀតថា អំឡុងពេលចុះពិនិត្យនៅក្នុងក្រុមហ៊ុនយូនីគ្រីននិងម៉ាស្ទ័រខេសាន់នោះរួចមក លោកនាយឧត្តមសេនីយ៍ សៅ សុខា បានស្នើនិងណែនំាដល់មន្រ្តីរដ្ឋបាលព្រៃឈើនិងមន្រ្តីជំនាញពាក់ព័ន្ឋ ត្រូវពិនិត្យឈើនៅក្នុងក្រុមហ៊ុននិមួយៗឲ្យបានច្បាស់លាស់ មុននឹងធ្វើរបាយការណ៍ ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រោះឈើមួយចំនួនក្រុមហ៊ុនបានបង់ពន្ឋជូនរដ្ឋរួចហើយ និងមួយចំនួនទៀត ជាឈើដែលរឹបអូសមកពីក្នុងព្រៃ ដែលក្រុមហ៊ុនបានទិញយកមកស្តុកទុក ។
ជាមួយគ្នានេះ លោកប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ក៍បានឲ្យមន្រ្តីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ឋស្រាវជ្រាវរកម្ចាស់ឈើនោះផងដែរ ៕
ចែករំលែកព័តមាននេះ