ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កម្ពុជា​កាន់តែ​ច្រើន​ឡើង

8 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ចាប់តាំងពី​ទសវត្សរ៍​៧០​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​រៀបចំ​យុទ្ធសាស្ត្រ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ក្នុងស្រុក​ចំនួន​១៤​ការិយាល័យ និង​២២​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ចាប់តាំងពី​ទសវត្សរ៍​៧០​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​រៀបចំ​យុទ្ធសាស្ត្រ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ក្នុងស្រុក​ចំនួន​១៤​ការិយាល័យ និង​២២​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍ ព្រមទាំង​រៀបចំ​បណ្ដាញ​ទំនាក់ទំនង​អន្តរជាតិ​បាន​ចំនួន​៣៥​ការិយាល័យ និង​៨​ការិយាល័យ​ទីផ្សារ ។ ចំណែក​នៅ​ប្រទេស​កម្ពុជា​បាន​ចាប់ផ្ដើម​បង្កើត​ការិយាល័យ​ទំនាក់ទំនង​ទីផ្សារ​ឡើង​នៅ​ឆ្នាំ​២០០៤ ។ ការ​បង្កើត​បណ្ដាញ​គ្រប់​ទិស​ទី​បែប​នេះ ក្នុង​គោលបំណង​ដើម្បី​ស្រូប​យក​កំណើន​ភ្ញៀវ​ទេសចរ និង​ពង្រីក​រយៈពេល​នៃ​ការ​ស្នាក់ ព្រមទាំង​បង្កើន​ការ​ចំណាយ​ជា​មធ្យម​របស់​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ។

កាលពី​ឆ្នាំ​មុន​មាន​ភ្ញៀវ​ទេសចរ​ខ្មែរ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី ចំនួន​៧៥.០០០​នាក់ ពោល​គឺ​មាន​អត្រា​១,៦% ក្នុង​រយៈពេល​ដូច​គ្នា បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។
អគ្គនាយករង​នៃ​ក្រុមប្រឹក្សា​ម៉ា​ឡេ​ស៊ី លោក Datuk Azizan Noordin បាន​លើក​ឡើង​ថា ៖ « ម៉ា​ឡេ​ស៊ី​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ខ្មែរ​បន្ត​ទៀត ហើយ​រំពឹង​ថា ភ្ញៀវ​ទេសចរ​នឹង​កើនឡើង​ចំនួន​៨០.០០០​នាក់​នៅ​ឆ្នាំ​នេះ » ។

ក្នុង​រយៈពេល​២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ផ្សព្វផ្សាយ​អំពី​ទេសចរណ៍​របស់​ខ្លួន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា ដូច​ជា ការ​បង្ហាញ​នៅ​តាម​ដងផ្លូវ ជា​ពិសេស នៅ​ក្នុង​ពិធីបុណ្យ​ផ្លាស់​ប្តូរ​ព័ត៌មាន​អាស៊ាន ដែល​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សមាគម​ទេសចរណ៍​ម៉ា​ឡេ​ស៊ី ។ ការ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍​របស់​ម៉ា​ឡេ​ស៊ី​នេះ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ពី​បណ្តា​ប្រទេស​អាស៊ាន ជា​ពិសេស ទីផ្សារ​ទេសចរណ៍​ជនជាតិ​ខ្មែរ​តែ​ម្តង ។

អគ្គនាយករង​នៃ​សមាគម​ទេសចរណ៍​ម៉ា​ឡេ​ស៊ី លោក Uzaidi Udanis បាន​បង្ហាញ​ថា ៖ « សមាគម​បាន​រៀបចំ​វគ្គ​សិក្សា​សម្រាប់​ការ​ធ្វើ​ជំនួញ​ក្នុង​ទីផ្សារ​កម្ពុជា ដែល​ចូលរួម​ដោយ​ភ្នាក់ងារទេសចរណ៍​កម្ពុជា​ចំនួន​២០ និង​ភ្នាក់ងារទេសចរណ៍​ក្នុងស្រុក​របស់​ម៉ា​ឡេ​ស៊ី​ចំនួន​២០ ។ វគ្គ​សិក្សា​រយៈពេល​កន្លះ​ថ្ងៃនេះ នឹង​បើកឱកាស​ថ្មី​ដល់​ភ្ញៀវ​ទេសចរ​ម៉ា​ឡេ​ស៊ី ក្នុង​ការ​ធ្វើ​កិច្ច​ពិភាក្សា​ពី​ការ​ធ្វើ​ជំនួញ​ថ្មី ព្រមទាំង​បង្កើន​ភ្ញៀវ​ទេសចរ​ថ្មី​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ។ ជាង​នេះ​ទៀត ភ្នាក់ងារទេសចរណ៍​ធំ​ៗ​របស់​កម្ពុជា ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ម៉ា​ឡា​កា និង​កូ​ឡាំ​ពួរ ដើម្បី​ស្វែងរក​ផលិតផល​ទេសចរណ៍​ថ្មី​ផង​ដែរ » ។

លោក Uzaidi Udanis បន្ត​ថា ៖ « ការ​ចុះ​ឈ្មោះ​វី​សា​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ជាង​១​ម៉ឺន​នាក់​មក​កម្សាន្ត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។ ជាក់ស្តែង ភ្ញៀវ​ទេសចរ​ចិន​បាន​ចំណាយ​ប្រាក់​យ៉ាងតិច ក៏​១.៧២៣​ដុល្លារ​ដែរ​សម្រាប់​ដំណើរ​កម្សាន្ត​រយៈពេល​៥​ថ្ងៃ ជា​ហេតុ​ធ្វើ​ឲ្យ​ភ្នាក់ងារទេសចរណ៍ ម្ចាស់​ភោជនីយដ្ឋាន និង​មជ្ឈមណ្ឌល​លក់ទំនិញ​របស់​ម៉ា​ឡេ​ស៊ី ទទួល​បាន​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ » ។

លោក​បន្ថែម​ថា ៖ « ការ​កើនឡើង​នៃ​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​ចិន គួរតែ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ក៏​ដូច​ជា​លើក​ស្ទួយ​ផលិតផល​ក្នុងស្រុក​រួម​មាន កាហ្វេ និង​សម្បុក​សត្វ ដែល​ផលិតផល​នេះ​ពេញ​និយម​នៅ​ប្រទេស​ចិន ។ ដូច្នេះ សហគ្រាស​ទាំងនោះ​គួរ​ត្រូវ​បាន​លើកទឹកចិត្ត​ដល់​ការ​ជ្រៀតចូល​ក្នុង​ទីផ្សារ​ចិន ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព » ។

គួរ​បញ្ជាក់​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ដាក់​ទិស​ដៅ​ស្រូប​យក​ចំណូល​ពី​វិស័យ​ទេសចរណ៍​ឲ្យ​បាន​១៦៨​ប៊ី​លាន​រីង​ហ្គី​ត នៅ​ឆ្នាំ​២០២០ ។

តាម​រយៈ​ការ​ផ្ដល់​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​នៅ​ឯ​ពហុ​កីឡដ្ឋាន Sepang International Circuit កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៥ លោក Y. Bhg. Dato Hj. Azizan Norrdin អគ្គនាយករង​ផ្នែក​ផ្សព្វផ្សាយ​អន្តរជាតិ នៃ​វិស័យ​ទេសចរណ៍​ម៉ា​ឡេ​ស៊ី បាន​ថ្លែង​ថា ៖ « ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​មក​ទស្សនា​នៅ​ម៉ា​ឡេ​ស៊ី នឹង​កើនឡើង​យ៉ាង​ពិតប្រាកដ ព្រោះ​យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​ប្រចាំឆ្នាំ​ចំនួន​៥០ ដូច​ជា ពិធីបុណ្យ​វប្បធម៌​ប្រពៃណី​ជាតិ និង​អន្តរជាតិ​សំខាន់​ៗ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Formula 1 ការ​ប្រណាំង MotorGP អន្តរជាតិ ការ​ជិះ​ម៉ូតូ​បោះ​ជុំ និង​កម្មវិធី​ពិសេស​ៗ​ជា​ច្រើន​ទៀត ដើម្បី​ស្វាគមន៍​ដំណើរ​កម្សាន្ដ​របស់​ភ្ញៀវ​ទេសចរ​ពី​ជុំវិញ​ពិភពលោក ។ ជាមួយ​គ្នា​នេះ នៅ​ឆ្នាំ​២០២០​ខាង​មុខ យើង​បាន​ដាក់​ទិស​ដៅ​ថា នឹង​ប្ដេជ្ញា​សម្រេច​ឲ្យ​បាន​នូវ​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​ម៉ា​ឡេ​ស៊ី​ចំនួន​៣៦​លាន​នាក់ និង​ស្រូប​យក​ចំណូល​ឲ្យ​បាន​ចំនួន​១៦៨​ប៊ី​លាន​រីង​ហ្គី​ត​» ៕