ខេត្តកំពង់ធំ ៖ ដេកលើគ្រែក្រោមផ្ទះជាមួយប្រពន្ធមេឃភ្លៀងក៏ក្រោកទៅទម្លាក់តង់កៅស៊ូ ត្រូវរន្ទះបាញ់ស្លា.ប់ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលទី៥ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្រោលគោក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សពឈ្មោះ ឈិត តាំង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកើតហេតុ ។
តាមការបំភ្លឺពីស្ត្រីឈ្មោះ ហេង វ៉ុន អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ (សព) បានអោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្តី កំពុងតែដេកនៅលើគ្រែក្រោមផ្ទះជាមួយគ្នា ពេលនោះមេឃក៏មានភ្លៀង និងខ្យល់កន្ត្រាក់ផង ឃើញដូច្នេះប្ដីរបស់គាត់ក៏បានងើបដើរទៅទម្លាក់បិទរនាំងកៅស៊ូតង់ ដែលបាំងក្រោលគោ ដូចសព្វដង ខណៈពេលនោះស្រាប់តែលឺសូរសម្លេងរន្ទះបាញ់មានផ្កាភ្លើងលាន់ក្តាំងឡើងរញ្ជូយញ័រអស់ផ្ទះ លឺដូច្នេះរូបគាត់ជាប្រពន្ធក៏ក្រោកទៅបើកភ្លើង តែបើកភ្លើងមិនភ្លឺនោះទេ គាត់ក៏ច្របាច់ពិលបំភ្លឺឃើញប្ដីដេកដួលផ្ទាល់ដី ហើយព្រំផ្ទះ និងតំបូលផ្ទះបាក់ធ្លុះធ្លាយ គាត់ក៏ចាប់លើកប្តី តែលើកមិនរួចក៏បានស្រែកហៅញាតិជិតខាងអោយជួយប្ដីគាត់ ក្រោយមកទើបដឹងថា ប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុពិនិត្យ សពមានស្លាកស្នាមឡោកស្បែកពណ៌ខ្មៅនៅលើត្របកភ្នែកខាងឆ្វេង ក្រៅពីនេះមិនមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ ទើបសន្និដ្ឋាន សពពិតជាស្លា.ប់ដោយសាររន្ទះបាញ់ប្រាកដមែន មិនមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។

ក្រោយការពិនិត្យសពយើងបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ