យោងតាម YONHAP ថា នាថ្ងៃចាប់ផ្តើមសមយុទ្ធយោធារួមដ៏ធំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាេមរិក KEY RESOLVE និង FOAL EAGLE ប្រទេសកូរ៉េខាងជើងនាព្រឹកថ្ងៃទី៧ មីនា បានគំរាមធ្វើការវាយលុកទាំងស្រុងមួយ ។ ការគំរាមបែបនេះគឺក្នុងសេចក្តីប្រកាសមួយរបស់គណៈកម្មាធិការការពារជាតិ ដែលលោកគីម ជុងអ៊ុន ជាប្រធានគណៈកម្មាធិការនេះ។
សេចក្តីប្រកាសចេញផ្សាយនាព្រឹកថ្ងៃទី៧ មីនា ដោយទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA និយាយថា កូរ៉េខាងជើងបានចាត់ទុកសមយុទ្ធយោធានេះថា ជាសង្គ្រាមបរមាណូមួយនៅឧបទ្វីបកូរ៉េ ទន្ទឹមនឹងការគាបសង្កត់នានាប្រឆាំងរបបកូរ៉េខាងជើងតាមរយៈដំណោះស្រាយរបស់ អ.ស.ប ដែលអនុម័តកាលពីថ្ងៃទី៣ មីនា (ម៉ោងនៅក្រុងសេអ៊ូល) កន្លងមកនេះ ។
សេចក្តីប្រកាសនេះជាប្រតិកម្មដំបូងចំពោះសមយុទ្ធយោធារួមនៅកូរ៉េខាងត្បូងបន្តថា យើងនឹងត្រូវធ្វើការវាយលុកទាំងស្រុងមួយប្រឆាំងនឹងល្បែងសង្គ្រាមបរមាណូរបស់សហរដ្ឋអាមេរិក និងកងកម្លាំងកូរ៉េខាងត្បូង ដែលចង់ឱ្យជីវិតរបស់យើងធ្លាក់ក្នុងគ្រោះមហន្តរាយនុយក្លេអ៊ែរ ។
វិធានការតបតវិញប្រកាសដោយគណៈកម្មាធិការការពារជាតិកូរ៉េខាងជើង គឺធ្វើសកម្មភាពយោធាមួយផ្អែកលើការវាយប្រហារបង្ការខ្លួនដែលអាចកម្ទេចដោយគ្មានប្រណីប្រឈមមុខនឹងសភាពការណ៍ ដែលគំរាមកំហែងដល់ភាពថ្លៃថ្នូររបស់យើង ស្និទ្ធិឯករាជ្យភាព និងការរស់រានរបស់យើង ។
សេចក្តីប្រកាសបន្តទៀតថា ដោយសារសមយុទ្ធយោធាទាំងនេះធ្វើឡើងដោយសត្រូវចាត់ទុកជាការបង្កហេតុនៃសង្គ្រាមបរមាណូមួយប្រឆាំងសិទ្ធិឯករាជ្យភាពរបស់យើង ការតបតខាងយោធារបស់យើងនឹងជាការវាយប្រហារបង្ការ ហើយការវាយប្រហារនុយក្លេអ៊ែរមានលក្ខណៈវាយលុកបំផុត ។ ការវាយប្រហារនុយក្លេអ៊ែរបង្ការទាំងនេះនឹងត្រូវធ្វើយោងតាមបទបញ្ជាមានចែងក្នុងសេចក្តីប្រកាសដ៏សំខាន់បំផុតរបស់ទីបញ្ជាការយោធាជាន់ខ្ពស់ (ចុះថ្ងៃទី២៣ កុម្ភៈ) ។
រួចចំណុចទី៣ហើយជាចំណុចចុងក្រោយនៃសេចក្តីប្រកាសនេះគឺការដាក់ពង្រាយបណ្តាមធ្យោបាយវាយប្រហារដែលតម្រង់លើបណ្តាគោលដៅពិសេសៗរបស់កូរ៉េខាងត្បូង ហើយរៀបចំមធ្យោបាយវាយប្រហារនុយក្លេអ៊ែរងាកឆ្ពោះទៅដែនដីអាមេរិក និងបណ្តាមូលដ្ឋានយោធាអាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
សេចក្តីប្រកាសសន្និដ្ឋានថា យើងអាចប្រកាសដោយគ្មានការរារែកចិត្តណាមួយថា សង្គ្រាមនេះផ្តោតលើការបង្រួបបង្រួមដែលយើងបានរៀបចំចាប់តាំងពីកន្លះសតវត្សមកហើយ នឹងត្រូវធ្វើដើម្បីបង្ហាញឱ្យឃើញភ្លាមៗ យោងតាមលទ្ធិ JUCHE (លទ្ធិឯករាជ្យភាព) ដែលពិភពលោកគិតមិនដល់ចាប់តាំងពីបង្កើតលទ្ធិនេះមក ។
សមយុទ្ធយោធារួម KEY RESOLVE និង FOAL EAGLE ដែលចាប់ផ្តើមពីថ្ងៃទី៧ មីនា ទៅ រហូតដល់ថ្ងៃទី៣០ មេសា នឹងប្រមូលផ្តុំទាហានកូរ៉េខាងត្បូងប្រមាណជា៣០០.០០០នាក់ ទាហានអាមេរិកជាង១៥.០០០នាក់ ព្រមទាំងមធ្យោបាយយុទ្ធសាស្ត្ររបស់អាមេរិកទាំងឡាយដូចជានាវាផ្ទុកយន្តហោះ USS JOHN C. STENNIS (CVN-74) យន្តហោះបំបាំងកាយ B-2 នាវាមុជទឹកនុយក្លេអ៊ែរ ព្រមទាំងបណ្តាយន្តហោះផ្គត់ផ្គង់យោធា ៕
ចែករំលែកព័តមាននេះ