វិបត្តិកូវីដធ្វើឱ្យកសិករចិញ្ចឹមត្រីអណ្តែង និងកង្កែបត្អួញត្អែរ តែបែកគំនិតរកវិធីថ្មីល្អប្រសើរ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិករដែលមានមុខរបរចិញ្ចឹមត្រីអណ្តែង និងកង្កែប បែបវារីវប្បកម្មនៅតាមលំនៅដ្ឋានបានត្អូញត្អែរពីផលប៉ះពាល់ដោយសារតែបញ្ហាកូវីដ១៩ ដែលបានធ្វើឲ្យមុខរបររបស់គាត់ជួបនឹងហានិភ័យលក់មិនចេញ គ្មានទីផ្សារ ។

យ៉ាងនេះក្តី លោក ចិត្ត សុផល ដែលជាអ្នកចិញ្ចឹមកង្កែប និងត្រីអណ្ដែង រស់នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានបែកគំនិតកែច្នៃត្រី និងកង្កែប ទាំងនោះ ឲ្យទៅជារបស់ក្រៀម ជំនួសដោយការលក់មិនចេញ ហើយយកទៅលក់នៅស្រុកលើ ក៏បានទទួលផលល្អប្រសើរដែរ។

លោក ចិត្ត សុផល បានឱ្យដឹងថា៖ រយៈពេល២ឆ្នាំចុងក្រោយនៃការកើតជំងឺកូវីដនេះ ធ្វើឲ្យមុខរបរ ចិញ្ចឹមត្រីអណ្តែង និងកង្កែប របស់គាត់ជួបនឹងបញ្ហាលក់មិនដាច់ គ្មានអ្នកទិញ ។ ខុសពី២ឆ្នាំមុន គាត់អាចលក់ត្រីអណ្តែង និងកង្កែប ទៅឱ្យម៉ូយនៅរាជធានីភ្នំពេញ តាមការកម្មង់ដល់ទៅរាប់តោនឯណោះ បើទោះបីគាត់គ្មានត្រី កង្កែប គ្រប់ចំនួនឲ្យគេក៏ពិតមែន ប៉ុន្តែគាត់មានសាខារបស់គាត់នៅតាមបណ្ដាស្រុកនានា ពេលគេត្រូវការច្រើន គឺគាត់ប្រមូលយក ហើយទៅបោះឱ្យគេនៅរាជធានីភ្នំពេញ ប៉ុន្តែចាប់តាំងពីមានជំងឺកូវីដ១៩ មក ផលិតផលរបស់គាត់លក់មិនចេញ គ្មានទីផ្សារ សល់ពេញអាង ។

លោក សុផល បានបន្តថា ៖ ក្រោយមក គាត់ក៏បែកគំនិតយកត្រីអណ្ដែង និងកង្កែបទាំងនោះ ទៅប្រឡាក់ នឹងឆ្អើរឱ្យទៅជារបស់ក្រៀមទុកបានយូ រួចដឹកយកទៅលក់នៅស្រុកលើ (ស្រុកទឹកផុស) ហើយក៏បានទទួលផលប្រសើរដែរ ខ្លះទិញយកទៅទទួលទានផ្ទាល់ ចំណែកតាមតៀមខ្លះក៏ទិញទុកលក់បន្តដែរ ឃើញថា គ្រាន់បើជាងទុករបស់ដែលផលិតបានចោលទទេៗ ។ ប៉ុន្តែមិនអាចដូចកាលពីមិនទាន់មានកូវីដនោះទេ គឺការលក់ដូររបស់គាត់នៅមានកម្រិត។

សូមបញ្ជាក់ថា មុនពេលមានជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ឆ្នាំង មានអ្នកចិញ្ចឹមត្រី ចិញ្ចឹមកង្កែប តាមបែបវារីវប្បកម្មច្រើនណាស់ តាមបណ្តាភូមិ-ឃុំមួយចំនួន ប៉ុន្តែក្រោយពេលមានជំងឺកូវីដមក បានធ្វើឱ្យប៉ះពាល់ដល់មុខរបរនៅផ្ទះមួយនេះ ទើបប្រជាកសិករមួយចំនួនបានបោះបង់ចោលការចិញ្ចឹមត្រី ចិញ្ចឹមកង្កែបមួយរយៈ ហើយអាចនិយាយបានថា នៅពេលជំងឺកូវីដបានធូស្រាលវិញ ពួកគាត់នឹងជាបន្តទៀត៕










ចែករំលែកព័តមាននេះ