ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុច​ទាន​ធូប​ថ្វាយ​គ្រូ​លើ​អាសនៈ​ ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​​សន្ធោសន្ធៅ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ផ្ទះ​០១​ខ្នង​ត្រូវ​បាន​អណ្តាតភ្លើង​លេប​ត្របាក់​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​០១​ខ្នង​ត្រូវ​បាន​អណ្តាតភ្លើង​លេប​ត្របាក់​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្ម​ខាងជើង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​រដ្ឋបាល​ឃុំ​ប៉ោយ​ចារ បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​បាន​ព្រះ​អគ្គី​ឆាបឆេះ​ខាងលើ​នេះ គឺ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ មាន​ទំហំ​០៧​ម៉ែត្រ​គុណ​នឹង​០៦​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ​វី សា​វ៉ៃ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ថ្ម​ខាងជើង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះ​ខាងលើ គឺ​គាត់​ជា​អ្នក​កាន់​គ្រូ ហើយ​មុន​ពេល​កើតហេតុ គាត់​បាន​អុច​ទាន​ធូប​ដើម្បី​ថ្វាយ​គ្រូ​នៅ​លើ​អាសនៈ​ដែល​បាន​រៀបចំ​នៅ​លើ​ផ្ទះ រួច​ហើយ​មិន​បាន​នៅ​មើល​ទាន​ធូប​នោះ​ទេ ក៏​ដើរទៅ​លេង​ផ្ទះ​អ្នក​ជិតខាង​បាត់​។ លុះ​ពេល​នោះ ភ្លើងទាន​ធូប​ក៏​បាន​ឆាបឆេះ​បង្ក​ឲ្យ​រាលដាល​ឆេះ​ផ្ទះ​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​នគរបាល​អធិការដ្ឋាន បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ និង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ជួយ​អន្តរាគមន៍​ពន្លត់​អស់​ទឹក​២​រថយន្ត ទើប​ភ្លើង​រលត់​ទៅ​វិញ​អស់ទាំង​ស្រុង ។ ចំណែក​ការ​ខូចខាត គឺ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​អស់​ប្រហែល​២០% និង​សម្លៀក​បំពាក់​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ