ខេត្តត្បូងឃ្មុំ ៖ ខ្សែភ្លើងកាត់ទទឹងផ្លូវជាតិលេខ៧ បានធ្លាក់ចុះមកកម្ពស់ប្រហែលជាង១ម៉ែត្រពីដីបានបង្កឲ្យអ្នកជិះម៉ូតូម៉ាក CBR ម្នាក់ឈ្មោះ ហេង ឡេហ៊ាង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិថ្មី សង្កាត់វិហាហ្លួង ក្រុងសួង បានរងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៥ មីនា ២០១៦ ត្រង់ផ្លូវបំបែកស្ថិតនៅភូមិជប់ក្រៅ ឃុំជុប់ ស្រុកត្បូងឃ្មុំ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅប្រទេសវៀតណាម ។
នគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប្រាប់ឲ្យដឹងថា ខ្សែភ្លើងដែលរត់កាត់ទទឹងផ្លូវជាតិខាងលើនោះ ទំនងជារបូតធ្លាក់ចុះមកដី ដោយចៃដន្យស្របពេលដែលម៉ូតូរបស់អ្នករងគ្រោះជិះក្នុងទិសដៅពីលិចមកើតតាមបណ្តោយផ្លូវ ក៏ទាក់ជាហេតុបណ្តាលឲ្យធ្លាក់មនុស្សមកលើថ្នល់រងរបួសជាទម្ងន់ ដោយមានឈាមហូរពេញមុខមាត់ផងដែរ ។
នគរបាលចរាចរស្រុកត្បូងឃ្មុំ ប្រាប់បន្តឲ្យដឹងទៀតថា ចំណែកម៉ូតូរបស់អ្នករងគ្រោះវិញបានផ្លោងទៅមុខបុករបងផ្ទះរបស់អ្នកស្រុកដែលស្ថិតនៅក្បែរនោះ រងការខូចខាតសម្ភារមួយចំនួនផងដែរ។ បន្ទាប់ពីមានហេតុការណ៍នេះ អធិការនគរបាលស្រុកបានចាត់ឲ្យជំនាញចរាចរណ៍ចុះទៅកាន់កន្លែងគ្រោះថ្នាក់ចរាចរជាបន្ទាន់ ដោយបានហៅរថយន្តសាមុយមកដឹកជនរងគ្រោះឈ្មោះ ឡៃហ៊ាង យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ តែដោយសារស្ថានភាពរបួសមានលក្ខណៈធ្ងន់ធ្ងរក៏សាច់ញាតិបានប្រញាប់បញ្ជូនបន្ត ទៅសង្គ្រោះនៅប្រទេសវៀតណាម ហើយរហូតមកដល់ព្រឹកថ្ងៃទី៦ មីនា នេះ គេមិនទាន់ដឹងពីស្ថានភាពរបស់ជនរងគ្រោះឡើយទេ ។
នគរបាលចរាចរស្រុកត្បូងឃ្មុំបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរ បណ្តាលឲ្យរងរបួសខាងលើ មន្ត្រីចរាចរបានទាក់ទងទៅនឹងក្រុមហ៊ុនអគ្គិសនី ឲ្យមករៀបចំចងខ្សែភ្លើងដែលរត់កាត់ទទឹងថ្នល់ឡើងលើវិញ ឲ្យផុតទាំងរថយន្តធំៗបើកកាត់មិនឲ្យប៉ះពាល់ ។
នគរបាលចរាចរបានបញ្ជាក់ថា ជនរងគ្រោះនេះមិនបានពាក់មួកសុវត្ថិភាពនោះទេ នៅពេលដែលជិះម៉ូតូ ហើយម៉ូតូត្រូវបាននាំមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំជាបណ្តោះអាសន្នផងដែរ ៕
ចែករំលែកព័តមាននេះ