រាជធានីភ្នំពេញ ៖ ខណៈវិស័យសំណង់មានកំណើន សម្ភារផ្សេងៗដែលបម្រើឱ្យវិស័យសំណង់ក៏មានសន្ទុះ ដូចជាគ្រឿងសំណង់ និងសម្ភារសម្រាប់ជំនួយដល់ជាងសំណង់ផងដែរ។ ដោយមើលឃើញពីសក្ដានុពលនេះ ក្រុមហ៊ុន ម៉េង ឡេងអីុវ ដែលជាក្រុមហ៊ុននាំចូល និងចែកចាយសម្ភារជាងសំណង់ និងកសិកម្ម បានបោះទុនជាង១០ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីសាងសង់អគារតាំងបង្ហាញសម្ភារជាងសំណង់ និងគ្រឿងយន្តកសិកម្មទាំងនេះ ។ អគារតាំងបង្ហាញនេះ ស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ជិតស្ថានទូតចិន ជាអគារដែលដាក់តាំងសម្ភារសម្រាប់ជំនួយដល់ជាងក្នុងវិស័យសំណង់ និងសម្ភារជំនួយដល់ប្រជាកសិករក្នុងការផ្លាស់ប្តូររបៀបធ្វើស្រែតាមបែបសម័យថ្មី ។
លោក ម៉េង រស្មី នាយកគ្រប់គ្រងក្រុមហ៊ុន ម៉េង ឡេងអីុវ បានមានប្រសាសន៍ថា ៖ « អគារតាំងបង្ហាញនេះ គ្រាន់តែជាអគារចាស់របស់ក្រុមហ៊ុន ដែលបានចុះបញ្ជីតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ តែដោយសារនៅពេលនេះ វិស័យសំណង់កំពុងមានការរីកចម្រើន ក្រុមហ៊ុនក៏បានពង្រីកអគារសម្រាប់តាំងបង្ហាញ និងជួសជុលកន្លែងផ្សេងៗឱ្យធំជាងមុន » ។
លោកបន្តថា ៖ « ដោយយល់ឃើញថាផលិតផលជាច្រើនរបស់ក្រុមហ៊ុន ម៉េង ឡេងអីុវ មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទូទាំងប្រទេស ស្របពេលដែលវិស័យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជាកត្តាជំរុញឱ្យវិនិយោគិនបរទេសសម្លឹងឃើញប្រទេសកម្ពុជា ជាប្រទេសដែលមានសក្ដានុពលខ្ពស់ ក្នុងចំណោមប្រទេសទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍ ហេតុនេះហើយទើបក្រុមហ៊ុនម៉េង ឡេងអីុវ បានពង្រីក និងកែលម្អអគារតាំងបង្ហាញថ្មី និងមជ្ឈមណ្ឌលទទួលសេវាកម្ម និងជួសជុលឱ្យមានសោភ័ណភាព ដែលមានជម្រើសច្រើនសម្រាប់ឱ្យអតិថិជនសាកល្បងជ្រើសរើសផលិតផលតាមតម្រូវការ និងបង្កលក្ខណៈងាយស្រួលដល់អតិថិជនក្នុងការយកមក ឬទទួលផលិតផលជួសជុល » ។
លោកបន្ថែមថា ៖ « អគារថ្មីដែលយើងជួសជុល និងរៀបចំកន្លែងតាំងបង្ហាញសម្ភារជាងសំណង់នេះ បានបោះទុនបន្ថែមប្រមាណ១០ម៉ឺនដុល្លារអាមេរិក និងបែងចែកជាកន្លែងតាំងបង្ហាញផ្សេងៗដូចជា កន្លែងតាំងបង្ហាញឧបករណ៍ជាងប្រើដោយដៃ ឧបករណ៍ជាងសំណង់ប្រើចរន្តអគ្គិសនី និងឧបករណ៍ម៉ាស៊ីនកសិកម្ម ជាដើម » ។
លោកបន្ថែមទៀតថា ៖ « បើនិយាយពីការលក់សម្ភារជាងសំណង់នៅក្នុងក្រុមហ៊ុនយើងវិញ នៅក្នុងឆ្នាំ២០១៥នេះ ហាក់ដូចជានៅមានកម្រិត ដោយសារតែក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេសចូលមកប្រទេសកម្ពុជា ដើម្បីចរាចរណ៍ផលិតផលរបស់ខ្លួន ។ ដូចនេះហើយទើបក្រុមហ៊ុនខិតខំកែប្រែ និងបង្កើតកន្លែងថ្មី ដើម្បីឱ្យអតិថិជនងាយស្រួលស្វែងរកផលិតផល ដែលពួកគាត់ត្រូវការ » ។
លោកបញ្ជាក់ថា ៖ « ថ្វីដ្បិតតែក្រុមហ៊ុនជាច្រើនចូលមកធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជាក៏ពិតមែន តែអតិថិជនអ្នកប្រើប្រាស់គាត់ដឹងច្បាស់ និងស្វែងរកផលិតផលណាដែលមានម៉ាកយីហោច្បាស់លាស់ ព្រោះមិនចង់ឱ្យការងាររាំងស្ទះ ព្រោះតែផលិតផលដែលមិនសូវមានគុណភាព ប្រើមិនបានយូរ ទោះបីជាផលិតផលនោះមានតម្លៃទាបក៏ដោយ » ៕
ចែករំលែកព័តមាននេះ