រាជធានីភ្នំពេញ ៖ រថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿនមិនបានឃើញអ្នកសុំទានម្នាក់ខ្វិនជើងទាំង២កំពុងរំកិលខ្លួនឆ្លងផ្លូវ ក៏ត្រូវរថយន្តបើកបុកបណ្ដាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង០៩យប់ថ្ងៃទី០៤ មីនា ២០១៦ ត្រង់ចំណុចផ្លូ១៥៤ កែងផ្លូវ១៩ ក្នុងសង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ។
រថយន្តបង្កជាប្រភេទរថយន្តតាក់ស៊ីម៉ែត្រ ពណ៌.ស លេខរៀងលេខ54 ពាក់ស្លាកលេខភ្នំពេញ2Q-1246 បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហតុ គេឃើញរថយន្តបង្កបើកតាមផ្លូវលេខ19 ទិសដៅពីត្បូងទៅជើងហើយបត់ស្ដាំ ក៏បុកបុរសអ្នកសុំទានម្នាក់ ដែលរំកិលនៅនឹងដី ព្រោះគាត់ខ្វិនជើងទាំងពីរ បណ្ដាលឱ្យរងរបួសធ្ងន់ ហើយរថយន្តនោះបានបើករត់ រហូតដល់មុខរោងកុនលុច្ស ស្ថិតតាមបណ្ដោយផ្លូវ១៤៨ កែងនិងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ទើបរថយន្តឈប់ តែអ្នកបើកបានគេចខ្លួនបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាល ។ ចំណែកឯរថយន្តវិញ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីដោះស្រាយនៅពេលក្រោយ ។
បើតាមសម្ដីរបស់ប្រជាលរដ្ឋបានមានមតិថា ភាគច្រើនគ្រប់រថយន្តតាក់ស៊ីទាំងអស់ ដែលចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ហើយបើកបរនៅពេលយប់ភាគច្រើន គឺបើកបរមានល្បឿនលឿនណាស់ ហើយពួកគាត់សុំឱ្យខាងផ្នែកពាក់ព័ន្ធទាំងអស់ ជួយពិនិត្យមើលឡើងវិញលើតៃកុងមួយចំនួន ដែលបើកបរគ្មានការអធ្យាស្រ័យ និងភាពអត់អោនឱ្យគ្នា ។
ចែករំលែកព័តមាននេះ