រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្តចេញ ពីចំណតផ្សារអូឡាំពិក មិនដឹងមូលហេតុអ្វីបានជាជ្រុលល្បឿនទៅបុក រះរថយន្ត និងម៉ូតូខូចខាតអស់ចំនួន៧គ្រឿង រុញខ្ទប់ទៅនឹងស្នាក់ការប៉ូលីស សណ្តាប់ធ្នាប់ដែលមានគោលដៅនៅជាប់ផ្សារ ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យនណាម្នាក់រងរបួសនោះទេ។ គ្រោះថ្នាក់នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទី ក្នុងចំណតផ្ញើឡានផ្សារអូឡាំពិកខាងជើងឆៀងខាងលិច ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។
ស្ត្រីអ្នកបើកបររថយន្តបង្ក មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បានចេញពីផ្សារអូឡាំពិកដើរឆ្ពោះទៅកាន់រថយន្តម៉ាសស្តា របស់ខ្លួនមានពណ៌ស ស្លាកលេខ ភ្នំពេញ 2 AG-7099 ហើយបើករថយន្តចេញ ប៉ុន្តែមិនដឹងថាមូលហេតុអ្វីរថយន្តបានស្ទុះល្បឿនជ្រុលទៅបុកខាងក្រោយរថយន្ត៧គ្រឿងបន្តគ្នាក្នុងនោះមានម៉ូតូមួយគ្រឿងដែលចតក្បែរស្នាក់ការសណ្តាប់ធ្នាប់រុញតៗគ្នា ហើយរថយន្តកាមរីបាឡែន ក៏ជ្រុលទៅបុកខ្ទប់និងរបង ស្នាក់ការសណ្តាប់ធ្នាប់ បណ្តាលឲ្យបាក់ជញ្ជាំងអស់មួយផ្ទាំង ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យនណាម្នាក់រងគ្រោះថ្នាក់ឡើយ គឺខូចខាតតែរថយន្ត និងម៉ូតូតែប៉ុណ្ណោះ ។
ចំពោះករណីនេះរថយន្តកណ្តាលនិងខាងមុខរងការខូចខាតធ្ងន់ធ្ងរជាងគេ ។ ប្រភពដដែលបន្តថាក្រោយពីកើតហេតុភាគី អ្នកបើករថយន្តបង្កមិនបានរត់គេចទៅណាទេ ដោយទទួលស្គាល់កំហុស របស់នាងក៏ចេញមុខមកសម្របសម្រួលជាមួយភាគីរថយន្ត និងម៉ូតូ ដើម្បីបញ្ចប់រឿង ។ ដោយមានការសម្របសម្រួលព្រមចេញសងថ្លៃការខូចខាត ភាគីរថយន្ត និងម៉ូតូបានព្រមទទួលយកសំណងជួសជុល ដើម្បីបញ្ចប់រឿងប៉ុន្តែគេមិនដឹងថា អស់ចំនួនប៉ុន្មាននោះទេ ។
ចែករំលែកព័តមាននេះ