ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​ដោះលែង​យានយន្ត ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន…

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​ដោះលែង​យានយន្ត ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឃាត់ទុក​រយៈពេល​មួយឆ្នាំ ក្នុង​បទល្មើស​នៃ​ការដឹកជញ្ជូន​លើស​ទម្ងន់​។ ​​ការសម្រេច​ដោះលែង​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ នៅមុនកាលកំណត់នេះ មិនមែនជា​ការលើកទឹកចិត្ត ឬ​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកជញ្ជូន​ទាំងនោះ បង្ក​បទល្មើស​ដឹកជញ្ជូន​​លើស​ទម្ងន់​សាជាថ្មី​ឡើយ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​ផ្សាយ​ថា សម្តេច បានអនុញ្ញាត​ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោះលែង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ផ្ទុយ​នឹង​ច្បាប់ ចំនួន ២២៩​គ្រឿង មុន​កាលកំណត់ ដែល​បាន​ឃាត់ទុក​នៅតាម​ស្ថានីយ​ជញ្ជីង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន តាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​។​

​សំណេរ​ដដែល លើកឡើងថា ពេល​ថ្មីៗ​នេះ ដោយ​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ មាន​សភាព​ធូរស្រាល ហើយ​រាជរដ្ឋាភិបាល បានរៀបចំ​កែសម្រួល និង​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក្នុង​បរិបទ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដូចជា​៖ ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ សាលារៀន ផ្សារ​ទំនើប ផ្សារ​សាធារណៈ តំបន់​ទេសចរណ៍ និង​ការស្ដារ​សកម្មភាព​ធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និង​សង្គម ផ្សេងៗ​ទៀត​។ ម្យ៉ាងវិញទៀត ដើម្បី​ស្ដារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ជាពិសេស​ការគាំទ្រ​ដល់​ការ​រស់​ឡើងវិញ​របស់​វិស័យ​ឯកជន និង​ជាការ​លើកលែង​បន្ធូរបន្ថយ និង​ផ្ដល់ឱកាស​សារជាថ្មី នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​យានយន្ត ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ផាកពិន័យ និង​ការឃាត់ទុក​យានយន្ត ក្នុង​បទល្មើស​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ រាជរដ្ឋាភិបាល​កម្ពុជា នឹង​អនុញ្ញាតឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដោះលែង​យានយន្ត​ទាំង ២២៩​គ្រឿង​ខាងលើ​ជូនទៅ​ម្ចាស់​យានយន្ត​ដើម្បី​ប្រកប​អាជីវកម្ម​ឡើងវិញ​។ ប៉ុន្តែ​យានយន្ត​ទាំងឡាយណា ដែល​មិនទាន់​បង់ប្រាក់​ពិន័យ ត្រូវធ្វើ​ការបង់ប្រាក់​ពិន័យ តាមច្បាប់​កំណត់​ជាមុនសិន ទើប​អនុញ្ញាតឱ្យ​មានការ​ដោះលែង​។​

​ថ្វីត្បិតតែ​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាតឱ្យ​ដោះលែង និង​បន្ធូរបន្ថយ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក៏ពិតមែន ប៉ុន្តែ​សូម​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទាំងឡាយ ចូលរួម​គោរព និង​អនុវត្ត​តាមច្បាប់ ស្តីពី ផ្លូវថ្នល់ មាត្រា​៦០ និង​សេចក្ដីជូនដំណឹង ស្តីពី ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ហើយ​សូមឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវតែ​បន្ត​អនុវត្ត​យ៉ាង​តឹងរ៉ឹង ចំពោះ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ដោយ​ច្បាប់ ដោយ​មិនមាន​ការលើកលែង​ជា​លើក​ទី​២ ទៀត​ទេ​។ ជាងនេះទៀត ក្រសួង ត្រូវខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដល់​សាធារណជន​ទូទៅ ឱ្យបាន​យល់ដឹង និង​ជ្រួតជ្រាប​កាន់តែច្បាស់​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សូម​កោតសរសើរ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ដោយ​ឈរលើ​បទដ្ឋាន​ច្បាប់​នៃ​ការដឹកជញ្ជូន លើ​ការ​រឹតបន្តឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។​

​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោះលែង​យានយន្ត​ទាំង ២២៩​គ្រឿង ជូនទៅ​ម្ចាស់​យានយន្ត ដើម្បី​ប្រកប​អាជីវកម្ម​ឡើងវិញ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក៏​នាំ​ឲ្យ​មានការ​លើកឡើងថា ដូចលើកទឹកចិត្ត ឲ្យ​​ឈ្មួញ​ទុច្ចរិត ​បន្ត​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​តទៅទៀត​។​

​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ដូច​ពាក្យ​គេ​លើកឡើង​ខាងលើ មន្ត្រី​ជំនាញ មុន​ប្រគល់​យានយន្ត​ទាំងនោះ ឲ្យ​ថៅកែ​ដឹកជញ្ជូន ឬម្ចាស់យានយន្ត​​វិញ ត្រូវតែ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ ហើយ​ថ្ងៃក្រោយ បើ​ចាប់បាន​រថយន្ត​ល្មើស​នោះ ឬក៏​របស់​ឈ្មួញ​ទុច្ចរិត​ទាំង​នោះ ដឹកទំនិញ​លើស​ទម្ងន់​ទៀត មិនត្រូវ​លើកលែង​ឡើយ​។ ផាកពិន័យ តាមច្បាប់ ហើយ​ឃាត់ទុក ១​ឆ្នាំ និង​អាច​ឈានទៅ​បិទ​ក្រុមហ៊ុន​ដឹកជញ្ជូន​នោះ​ចោល​តែម្តង​។​

​ចូរ​កុំភ្លេចថា រៀងរាល់ខែ ក្រុមការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផ្នែក​ជញ្ជីង​ថ្លឹង​រថយន្ត បាន​បន្ត​ចាប់​ឃាត់​រថយន្ត​ផ្ទុក​លើស​ទម្ងន់ ពិសេស​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ធំៗ ប្រភេទ​កុងតឺន័រជាច្រើនគ្រឿង​ ហើយ​បើតាម​របាយការណ៍ គឺ​រថយន្ត​ល្មើស​ទាំងនោះ បាន​ផ្ទុក​លើស​ទម្ងន់ ចាប់ពី ៥​តោន រហូតដល់ ៣២​តោន ក្នុង ១​គ្រឿងៗ​។​

​ការផ្ទុក​ទំនិញ​លើស​ទម្ងន់​នេះ បាន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ច្រើនយ៉ាង​។ ទី​១-​រថយន្ត​ផ្ទុកទំនិញ​លើស​ទម្ងន់ បង្ក​មហន្តរាយ​ខ្លាំងជាងគេ គឺ​ធ្វើ​ឲ្យ​ខូច​ផ្លូវ បាក់​ស្ពាន ដែល​យើង​បានឃើញ​ការចុះផ្សាយ​តាម​សារព័ត៌មាន និង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ញឹកញាប់​រួចមកហើយ និង​ទី​២-​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កំណត់​នេះ ក៏​ពេលខ្លះ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ដូចជា ករណី​នៅលើ​ស្ពាន​អ្នក​លឿង កាលពី​ប៉ុន្មាន​ឆ្នាំមុន ហើយ​ថ្មីៗ​នេះ គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កំណត់​ផ្លូវជាតិ​លេខ​៤ បណ្តាល​ឲ្យ​ខូចខាត​ស្ពាន បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ជាច្រើន​នាក់ ដោយសារតែ​រថយន្ត​ដឹក​លើស​ទម្ងន់​ទាំងនេះ​។​

​ចុងក្រោយ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​អាណត្តិ​របស់លោក ស៊ុន ចាន់ថុល ជា​រដ្ឋមន្ត្រី បាន​ចាត់វិធានការ​ម៉ឺងម៉ាត់ ចាប់​ផាកពិន័យ ហើយ​បើ​រថយន្ត​ណា ដឹកទំនិញ​លើស​ទម្ងន់​កំណត់ ចាប់ពី ២០%​ឡើងទៅ ត្រូវ​ពិន័យ​ជា​ប្រាក់ តាមច្បាប់​កំណត់រួចហើយ និងត្រូវ​​ចាប់​ឃាត់ទុក រយៈពេល ១​ឆ្នាំ​។ វប្បធម៌​អន្តរាគមន៍ ក៏ត្រូវ​បញ្ចប់​។ រីឯ​មន្ត្រី​នៅ​ជញ្ជីង​ថ្លឹង​ទម្ងន់​ណា ឃុបឃិត​នឹង​ឈ្មួញ​ទុច្ចរិត ដែល​រកស៊ី​ដឹកជញ្ជូន​លើស​ទម្ងន់​នេះ ក៏ត្រូវ​ដកហូត​តំណែង និង​ចាប់​បញ្ជូនទៅ​ផ្តន្ទាទោស នៅ​តុលាការ ជា​ហូរហែ​។​

​យ៉ាងណាក៏ដោយ ករណីនេះ បើសិនជា​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អនុវត្ត​ច្បាប់​ត្រឹមត្រូវ និង​តឹងរឹង គឺ​នឹង​មិនមាន​រថយន្ត​ដឹក​លើស​ទម្ងន់​ទេ​។ នោះ​គឺ​រថយន្ត​ដឹកជញ្ជូន​ទាំងអស់ នៅពេល​ផ្ទុកទំនិញ និង​មុន​ចេញដំណើរ​ពី​ក្រុមហ៊ុន គឺ​មន្ត្រី​ជំនាញ ត្រូវ​ថ្លឹង​ម្តង នៅដើមទី​ ហើយ​នៅតាម​ផ្លូវជាតិ​ធំៗ គឺ​ត្រូវ​ចាប់​រថយន្ត​ដឹកទំនិញ​ទាំងអស់ ថ្លឹង​ម្តងទៀត និង​នៅពេល​ចូលដល់​កន្លែង​ទម្លាក់​ទំនិញ ក៏ត្រូវ​ថ្លឹង​ម្តងទៀត ដើម្បី​ផ្ទៀងផ្ទាត់​។

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវ​កាច់​ថ្មុ​ង​ក្រុម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍ និង​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល ដែលតែងតែ​​ការពារ និង​កាង​ពីក្រោយ​រថយន្ត​ដឹកទំនិញ មិន​ចូល​ជញ្ជីង​ថ្លឹង។ ធ្វើដូច្នេះ ដើម្បី​ឲ្យ​ស្មើភាព និង​ឲ្យ​ប្រាកដថា រថយន្ត​ដឹកទំនិញ​ទាំងអស់ មិន​ផ្ទុក​លើស​ទម្ងន់​កំណត់ ដែល​បង្កបញ្ហា​មុនគេ និង​គ្រោះថ្នាក់​ជាងគេ គឺ​ខូច​ផ្លូវ និង​ស្ពាន ដែល​មួយៗ​ឆ្នាំ រាជរដ្ឋាភិបាល បាន​ចំណាយលុយ​ជួសជុល និង​សាងសង់​រាប់រយ​ពាន់​លាន​ដុល្លារ​។​

​ម្យ៉ាងទៀត នៅពេលនេះ សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យ​ដោះលែង​រថយន្ត​ធំៗ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កំណត់ ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឃាត់ទុក ១​ឆ្នាំ តាម​គោលការណ៍របស់​រដ្ឋមន្ត្រី​។ ដូច្នេះ​ក្រុមហ៊ុន​ដឹកជញ្ជូន និង​ម្ចាស់​រថយន្ត​ដឹកជញ្ជូន ដែលជា​ឈ្មួញ​រកស៊ី​ខាង​ដឹកជញ្ជូន​ទាំងនោះ ក៏​ត្រូវតែ​ផ្តល់នូវ​ទំនុកចិត្ត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន វិញ តាមរយៈ​​ការគោរព​ច្បាប់ ហើយ​រកស៊ី​ដឹកជញ្ជូន​ត្រឹមត្រូវ ផ្ទុក​តាម​ទម្ងន់​កំណត់ ដើម្បី​កុំ​ឲ្យ​គេ​យក​បញ្ហា​នេះ រិះគន់​លើ​ថ្នាក់ដឹកនាំ​ប្រទេស​។​

​ដឹកជញ្ជូន​តាមតែ​ច្បាប់​កំណត់ ក៏​អាចធ្វើ​មានបាន និង​ចំណេញ​ដែរ​។ រីឯ​មន្ត្រី​ជំនាញ​ខាង​ត្រួតពិនិត្យ​រថយន្ត​ដឹកជញ្ជូន និង​ខាង​ថ្លឹង​រថយន្ត​ដឹកជញ្ជូន ក៏ត្រូវ​តែ​គោរព​តាម​ភារកិច្ច​ការងារ និង​ក្រមសីលធម៌ ដោយ​មិនត្រូវ​ធ្មេចភ្នែក ត្រូវរ៉ូវ​នឹង​ឈ្មួញ​ទុច្ចរិត បណ្តោយ​ឲ្យ​រថយន្ត​ដឹកជញ្ជូន ដាក់​លើស​ទម្ងន់ បើកបរ​បំផ្លាញ​ផ្លូវ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដូច​អ្វីដែល​ធ្លាប់​កើតឡើង កន្លងមក​នោះទេ​។ សូម​គោរព​តួនាទី​ភារកិច្ច​របស់ខ្លួន និង​ធ្វើ​ការងារ ដោយ​សតិសម្បជញ្ញៈ មានការ​ទទួលខុសត្រូវខ្ពស់ ចំពោះ​ជាតិ​មាតុភូមិ ហើយ​គោរពតួនាទី និង​ជា​ពិសេស​ «មិនត្រូវ​យល់​ញា​តិ​ ឃ្លាត​ច្បាប់​ឡើយ»​៕​