នៅក្នុងអាណត្តិនេះ គេឃើញមានរដ្ឋមន្ត្រីវ័យក្មេងមួយចំនួនតូចត្រូវបានដាក់បញ្ចូលនៅក្នុងរដ្ឋាភិបាលអាណត្តិទីប្រាំ ។ ដោយសារកម្ពុជាគឺជាសង្គមវ័យក្មេងនិងភាពជឿនលឿនបច្ចេកវិទ្យាព័ត៌មានធ្វើអោយប្រែប្រួលពិភពលោកទាំងលើទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ និងទំនាក់ទំនងនោះ ការបញ្ចូលមនុស្សវ័យក្មេងអោយកាន់តែច្រើនទៅក្នុងរដ្ឋាភិបាលនឹងធ្វើអោយប្រសិទ្ឋ ភាពនៃការងារកាន់តែមានប្រសិទ្ឋភាពជាងមុន ។
ភាពសកម្មរបស់រដ្ឋមន្ត្រីនិងសមាជិកសភាវ័យក្មេងនៅក្រោយការបោះឆ្នោត២០១៣បានបង្ហាញថា ពួកគេក្លៀវក្លា និងមានប្រសិទ្ឋភាពនៅក្នុងដឹកនាំនិងអនុវត្តការងារបម្រើប្រជាជន ។ រដ្ឋមន្ត្រី និងអ្នកនយោបាយវ័យក្មេងទាំងនោះរួមមានលោក ហង់ ជួនណារ៉ុន អាយុ៥៤ឆ្នាំ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោក អូន ព័ន្ឋមុនីរ័ត្ន អាយុ៥១ឆ្នាំ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សាយសំអាល់ អាយុ៣៦ឆ្នាំ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ហ៊ុន ម៉ានី អាយុ៣៤ឆ្នាំ សមាជិករដ្ឋសភាមកពីគណបក្សប្រជាជន ។ ពួកគេទាំងអស់សុទ្ឋតែសកម្មនៅក្នុងការបំពេញការងារបម្រើ ប្រជាជនកម្ពុជានៅក្នុងតួនាទីរបស់ខ្លួន ។
ដូច្នេះការសាកល្បងរបស់គណបក្សនយោបាយ និងប្រមុខរាជរដ្ឋាភិបាលនៅក្នុងការដាក់បញ្ចូលរដ្ឋមន្ត្រី និងអ្នកនយោបាយវ័យក្មេងគឺជាការសម្រេចចិត្តមួយដែលបានទទួលផ្លែផ្កា ។ ចរន្តនេះត្រូវតែបន្តហើយមនុស្សវ័យក្មេងកាន់តែច្រើនទៀតដែលមានចំណេះដឹង និងសមត្ថភាពគួរត្រូវបានផ្តល់ឪកាសអោយកាន់តំណែងរដ្ឋមន្ត្រី និងធ្វើជាបេកក្ខជនតំណាងរាស្ត្រដើម្បីពួកគេមានឪកាសនៅក្នុងការបម្រើប្រទេសជាតិដែលត្រូវគេយល់ថាជាសង្គមមានមនុស្សវ័យក្មេងច្រើន ។
យោងតាមប្រភពគួរអោយជឿទុកចិត្តបានមួយនោះបានអោយដឹងថា រដ្ឋមន្ត្រីវ័យចំណាស់មួយចំនួនក៏បានត្រៀមសម្រាប់ផ្ទេរតំណែងទៅអោយមនុស្សជំនាន់ក្រោយដឹកនាំបន្តដែរ ។
មានហេតុផលជាច្រើនដែលមនុស្សវ័យក្មេងគួរត្រូវបានដាក់បញ្ចូលអោយបានច្រើននៅក្នុងតួនាទីដឹកនាំ បើទោះបីជាអ្នកដឹកនាំវ័យចំណាស់និងមានពិសោធន៍ក៏ត្រូវការចាំបាច់ដើម្បីតម្រង់ផ្លូវរបស់ពួកគេក្តី។
ហេតុផលសំខាន់បំផុតនោះគឺកម្ពុជាជាសង្គមមួយដែលគ្របដណ្តប់ច្រើនដោយមនុស្សវ័យក្មេង ។ ក្នុងចំណោមមនុស្ស១៥លាននាក់ គេយល់ថាជាង៦៨ភាគរយគឺជាមនុស្សដែលមានវ័យក្រោម៣០ឆ្នាំ ។
ដូច្នេះការផ្តល់តួនាទីសំខាន់ៗ មួយចំនួននៅក្នុងនយោបាយ និងក្នុងរដ្ឋាភិបាលនឹងអាចអោយពួកគេទាំងនោះដឹងច្បាស់អំពីសេចក្តីត្រូវការរបស់មនុស្សវ័យក្មេងហើយរៀបចំចេញជាគោលនយោបាយដែលនឹងផ្តល់ផលប្រយោជន៍ដល់មនុស្សវ័យក្មេងទាំងនោះ។
ហេតុផលទីពីរនៃការដាក់បញ្ចូលមនុស្សវ័យក្មេងគឺការរៀបចំសម្រាប់អនាគត បន្តវេនប្រទេសជាតិជាបណ្តើរៗ ដោយអាចអោយមនុស្សវ័យក្មេងទទួលយកពិសោធន៍ និងចំណេះដឹងពីរៀមច្បងមនុស្សចាស់ទុំរបស់ពួកគេនៅក្នុងកិច្ចការរដ្ឋនិងនយោបាយជាបណ្តើរៗ ។
ចំណែកហេតុផលទីបីនោះគឺបច្ចេកវិទ្យាព័ត៌មានដែលធ្វើអោយលំហូរព័ត៌មានគ្មានដែនកំណត់និងក្នុងល្បឿនដូចផ្លេកបន្ទោរ បានធ្វើអោយមានការប្រែប្រួលលើគ្រប់វិស័យដូចជាការទំនាក់ទំនង ការធ្វើធុរកិច្ច ការធ្វើនយោបាយ ការអប់រំ។ល។ និងល។ មនុស្សជំនាន់ថ្មីយល់ច្បាស់ជាងមនុស្សចាស់អំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីបំពេញការងារជាលក្ខណ:ជាតិនិងអន្តរជាតិ។
ដូច្នេះមនុស្សវ័យក្មេងនឹងក្លាយជាឈាមស្រស់ដែលនឹងធ្វើអោយរដ្ឋាភិបាលកាន់តែមានកម្លាំងខ្លាំងហើយបំពេញការងារកាន់តែមានប្រសិទ្ឋភាពជាងមុន។
តើអ្នកអានកោះសន្តិភាពទាំងអស់យល់យ៉ាងណាដែរអំពីសារសំខាន់នៃការបញ្ចូលមនុស្សវ័យក្មេងទៅក្នុងឆាកនយោបាយ និងរដ្ឋាភិបាល?
សូម share អត្ថបទនេះទៅកាន់មិត្តរបស់អ្នកដើម្បីគាំទ្រដល់យុវជននិងយុវតីនៅក្នុងឆាកនយោបាយនិងរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ