ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​រឿងរ៉ាវ​របស់​ប្រធាន​រដ្ឋ​ចិន ឯកឧត្តម ស៊ី ជី​ន​ភីង

7 ឆ្នាំ មុន

ប្រជាជន​ពិភពលោក​ពិតជា​ចង់​ស្វែង​យល់​អំពី​ប្រវត្តិ​រៀង​រ៉ាវ​របស់​ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping)​។ ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) ត្រូវ​បាន​ជ្រើសតាំង​ជា​អគ្គ​មគ្គុទ្ទេសក៍​កំពូល​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២​

ប្រជាជន​ពិភពលោក​ពិតជា​ចង់​ស្វែង​យល់​អំពី​ប្រវត្តិ​រៀង​រ៉ាវ​របស់​ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping)​។ ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) ត្រូវ​បាន​ជ្រើសតាំង​ជា​អគ្គ​មគ្គុទ្ទេសក៍​កំពូល​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២​។ កាលនោះ ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) ដែល​មាន​វ័យ​៥៩​ឆ្នាំ​ត្រូវ​បាន​ជ្រើសតាំង​ជា​អគ្គលេខាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន នៅ​ក្នុង​សន្និសីទ​ពេញអង្គ​លើក​ទី​១​នៃ​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី​១៨ ហើយ​ឯកឧត្តម​ក៏​បាន​កាន់​មុខ​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ផង​ដែរ​។ នៅ​ខែមីនា ឆ្នាំ​២០១៣ ឯកឧត្តម​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​របស់​ប្រទេស​ចិន នៅ​ក្នុង​សន្និសីទ​លើក​ទី​១​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស​នីតិកាល​ទី​១២​។

ជីវិត​ក្រលំបាក​ក្នុង​យុវវ័យ

ឯកឧត្តម ស៊ី ជី​ន​ភីង​(Xi Jinping) កើត​នៅ​ខែមិថុនា ឆ្នាំ​១៩៥៣ នៅ​ស្រុក Fuping​ខេត្ត Shanxi ភាគ​កណ្តាល​ប្រទេស​ចិន​។ ឪពុក​របស់​ឯកឧត្តម​ឈ្មោះ Xi Zhongxun​។ លោក Xi Zhongxun ជា​អ្នកនយោបាយ​ជាន់ខ្ពស់​របស់​បក្សកុម្មុយនិស្ត​ចិន ធ្លាប់​កាន់​មុខ​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ចិន​។ លោក Xi Zhongxun បាន​រង​ភាព​អយុត្តិធម៌​អស់​រយៈពេល​១៦​ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩៦២​។ ឯកឧត្តម  ស៊ី ជី​ន​ភីង (Xi Jinping) ធ្លាប់​ត្រូវ​បាន​គេ​ប្រមាថមើលងាយ​និង​រើសអើង​ដោយសារ​រឿង​អយុត្តិធម៌​របស់​ឪពុក​ឯកឧត្តម ហើយ​ឯកឧត្តម​ក៏​ធ្លាប់​ត្រូវ​បាន​គេ​រិះគន់​ជា​សាធារណៈ ធ្លាប់​រង​ភាព​អត់ឃ្លាន ធ្លាប់​ជា​មនុស្ស​ដើរ​អនាថា រហូត​ដល់​ធ្លាប់​ត្រូវ​ចាប់​ឃុំ​ទៀត​ផង ។

នៅ​ដើមឆ្នាំ​១៩៦៩ ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) ដែល​មាន​វ័យ​មិន​ទាន់​គ្រប់​១៦​ឆ្នាំ​ផង បាន​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅ​កាន់​តំបន់​ជនបទ​នៃ​ភាគ​ខាងជើង​ខេត្ត Shanxi និង​ធ្វើ​កសិកម្ម​នៅ​ទីនោះ​។ ឯកឧត្តម​បាន​ធ្វើស្រែ​ចម្ការ អូស​ធ្យូងថ្ម វាយ​ទំនប់ រែក​លាមក ពោល​គឺ​ការងារ​អ្វី​ក៏​ដោយ​ក៏​ឯកឧត្តម​ធ្លាប់​ធ្វើ ការ​លំបាក​អ្វី​ក៏​ឯកឧត្តម​ធ្លាប់​ជួប​ប្រទះ​ដែរ​។ នា​ឆ្នាំ​១៩៧៥ ឯកឧត្តម​ត្រូវ​បាន​ជ្រើសរើស​ឱ្យទៅ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ឈី​ង​ហួ​។ នៅ​ថ្ងៃ​ចាកចេញ អ្នក​ភូមិ​បាន​នាំ​គ្នា​ឈរ​អម​តាម​ផ្លូវ​ដើម្បី​ជូន​ដំណើរ​ឯកឧត្តម ។

ការ​រស់នៅ​តំបន់​ជនបទ​រយៈពេល​៧​ឆ្នាំ មិន​ត្រឹមតែ​បាន​ញ៉ាំង​ឱ្យ​ឯកឧត្តម ស៊ី ជី​ន​ភីង បង្កើត​នូវ​ចំណងមិត្តភាព​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​ប្រជាជន​ក្នុង​តំបន់​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ធ្វើ​ឱ្យ​ឯកឧត្តម​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​តំបន់​ជនបទ​របស់​ប្រទេស​ចិន និង​ស្ថានភាព​ពិតប្រាកដ​នៅ​តាម​មូលដ្ឋាន​របស់​ប្រទេស​ចិន​ទៀត​ផង ដែល​ចំណុច​ទាំង​អស់នេះ​ហើយ​បាន​រួម​បញ្ចូល​យ៉ាង​ស៊ីជម្រៅ​ទៅ​ក្នុង​ការ​ស្វែងរក​នៃ​ឆាកជីវិត​របស់​ឯកឧត្តម ហើយ​ការ​ធ្វើ​ការងារ​ជាក់ស្តែង​ដើម្បី​ប្រជាជន​បាន​ក្លាយជា​គោលដៅ​ដ៏​មុតមាំ​របស់​ឯកឧត្តម​។

មាគ៌ា​ចូល​បម្រើ​នយោបាយ

នា​ឆ្នាំ​១៩៧៩ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ឈី​ង​ហួ ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) បាន​ចូល​បំពេញការងារ​ជា​លេខាធិការ​នៅ​ខុទ្ទកាល័យ​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ និង​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម​។ ចាប់ពី​ឆ្នាំ​១៩៨២​មក ជា​បន្តបន្ទាប់ ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) បាន​កាន់​មុខ​តំណែង​ជា​លេខាធិការ​នៃ​គណៈកម្មការ​បក្ស​ស្រុក Zhengding ខេត្ត​Hebei, អភិបាលរង​ក្រុង Xiamen ខេត្ត​Fujian, លេខាធិការ​នៃ​គណៈកម្មការ​បក្ស​ក្រុង Ningde ខេត្ត Fujian, លេខាធិការ​នៃ​គណៈកម្មការ​បក្ស​ក្រុង Fuzhou ខេត្ត Fujian, លេខាធិការ​នៃ​គណៈកម្មការ​បក្ស​ខេត្ត Fujian, អភិបាលខេត្ត​Fujian, លេខាធិការ​នៃ​គណៈកម្មការ​បក្ស​ខេត្ត Zhejiang, លេខាធិការ​នៃ​គណៈកម្មការ​ក្រុង Shanghai, សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​, លេខាធិការ​នៃ​លេខាធិការដ្ឋាន​មជ្ឈិម​, អនុប្រធាន​រដ្ឋ​ចិន និង​ជា​អនុប្រធាន​គណៈកម្មាធិការ​យោធា​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ជាដើម រហូត​ដល់​កាន់​មុខ​តំណែង​ជា​អគ្គ​មគ្គុទ្ទេសក៍​កំពូល​របស់​ប្រទេស​ចិន ។

ចាប់ពី​ខេត្ត Shanxi រហូត​ដល់​ក្រុង​ប៉េ​កាំ​ង ពី​ខេត្ត Hebei រហូត​ដល់​ខេត្ត Fujian ពី​ខេត្ត Zhejiang​រហូត​ដល់​ក្រុង​Shanghai ពី​តំបន់​ក្រីក្រ​នៅ​ភាគ​ខាងលិច​រហូត​ដល់​មជ្ឈមណ្ឌល​នយោបាយ​និង​វប្បធម៌​ជាតិ ពី​តំបន់​មិនសូវ​អភិវឌ្ឍន៍​នៅ​ភាគ​ខាងកើត​ដល់​តំបន់​រីក​ចម្រើន​តាម​ឆ្នេរសមុទ្រ ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) បាន​កាន់​តួនាទី​នយោបាយ​តាម​ភូមិ ស្រុក ក្រុង ខេត្ត និង​កាន់​មុខ​តំណែង​សំខាន់​ៗ​នៃ​នយោបាយ​បក្ស​និង​យោធា​មជ្ឈិម​។ ក្នុងអំឡុងពេល​នោះ ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping)​បាន​ឆ្លៀតពេល​បន្ត​វិជ្ជា​នៅ​ថ្នាក់អនុបណ្ឌិត​នៅ​វិទ្យាស្ថាន​នរ​សាស្ត្រ​និង​សង្គម​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​ឈី​ង​ហួ ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០២ រហូត​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ ។

ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) តែង​និយាយ​ថា ពេល​កាន់​មុខ​តំណែង​មួយ​នៅ​តំបន់​មួយ ត្រូវ​តែ​ផ្តល់​សុភមង្គល​ដល់​តំបន់​នោះ ត្រូវ​ស្រឡាញ់​ប្រជាជន​ដូច​ជា​ស្រឡាញ់​ឪពុក​ម្តាយ​របស់​ខ្លួន​។ ជា​និច្ចកាល ឯកឧត្តម​បាន​ចាត់​ទុក​ក្តី​សុបិន​របស់​ប្រជាជន​ជា​ក្តី​សុបិន​របស់​ខ្លួន​។ ឯកឧត្តម បាន​ថ្លែង​ថា ការ​រំពឹង​ចង់បាន​ជីវភាព​រស់នៅ​ដ៏​ល្អ​ប្រសើរ​របស់​ប្រជាជន គឺជា​គោលដៅ​ខិតខំ​ប្រឹងប្រែង​របស់​យើង​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា កម្មាភិបាល​និង​អ្នកដឹកនាំ​ត្រូវ​តែ​បំពេញការងារ​ជាក់ស្តែង និង​ដើរ​នៅ​ជួរ​មុខ​។ ពេល​កាន់​មុខ​តំណែង​នៅ​ស្រុក Zhengding ឯកឧត្តម​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​គ្រប់​ភូមិ​ទាំងអស់ នៅ​តំបន់ Ningde ឯកឧត្តម​បាន​ទៅ​ដល់​ភូមិ​ស្រុក​ស្ទើរ​ទាំងអស់ បន្ទាប់​ពី​កាន់​មុខ​តំណែង​នៅ​ខេត្ត Zhejiang ឯកឧត្តម​បាន​ទៅ​កាន់​គ្រប់​ស្រុក​និង​ក្រុង​ចំនួន​៩០ នៃ​ខេត្ត​ទាំងមូល​។ បើ​ទោះបីជា​កាន់​មុខ​តំណែង​នៅ​ក្រុង​Shanghai ត្រឹមតែ​រយៈពេល​៧​ខែ​ប៉ុណ្ណោះ​ក្តី ក៏​ឯកឧត្តម​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខណ្ឌ​ទាំង​១៩ នៃ​ក្រុង Shanghai ទាំងមូល​ផង​ដែរ​។ បន្ទាប់​ពី​ចូល​បំពេញការងារ​នៅ​មជ្ឈិម ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត ភូមិភាគ​ស្វយ័ត​និង​ទីក្រុង​ចំនួន​៣១ ។

ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping)​បាន​គូសបញ្ជាក់​ថា ក្នុង​ពេល​បំពេញការងារ​នៅ​ស្ថាប័ន​បក្ស​និង​នយោបាយ គឺ​គប្បី​ចាត់​ទុក​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​ជា​រឿង​សំខាន់​ជាងគេ ដើម្បី​ធ្វើ​ជា​រដ្ឋាភិបាល​ដែល​បម្រើប្រជាជន ។ ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) បាន​កត់សម្គាល់​ឃើញ​ថា ក្នុង​នាម​ជា​អ្នកដឹកនាំ ត្រូវ​តែ​ឈរ​លើ​មូលដ្ឋាន​នៃ​បច្ចុប្បន្នភាព ហើយ​ក៏​ត្រូវ​តែ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ផង​ដែរ ។ ដូច្នេះ​ហើយ​បានជា​ក្នុង​ក្រសែភ្នែក​របស់​កម្មាភិបាល និង​មហាជន​ជា​ច្រើន ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) ជា​អ្នកដឹកនាំ​មួយ​រូប​ដែល​មាន​ស្មារតី​កំណែទម្រង់​ដែល​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ និង​មាន​ភាព​ច្នៃប្រឌិត​ថ្មី ។

បន្ទាប់​ពី​ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) ឡើង​កាន់​មុខ​តំណែង ប្រទេស​ចិន​បាន​ចាប់ផ្តើម​នូវ​ដំណើរ​ថ្មី​នៃ​ការ​ធ្វើ​កំណែទម្រង់​ដោយ​ស៊ីជម្រៅ និង​បើកចំហ​ដោយ​គ្រប់​ជ្រុងជ្រោយ​។ បច្ចុប្បន្ន កំណែទម្រង់​របស់​ប្រទេស​ចិន​បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ពុះពារ​ការ​លំបាក​និង​ដំណាក់កាល​គន្លឹះ ដែល​ពាក់ព័ន្ធ​ដល់​ទំនាក់ទំនង និង​ទំនាស់​ផ្នែក​ផលប្រយោជន៍​ក្នុង​ស្រទាប់​ថ្នាក់​ជ្រៅ​។ ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) បាន​ប្រើ​វិធានការ​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​អភិវឌ្ឍ​ដោយ​បរិសុទ្ធ​និង​ជា​និរន្តរភាព កែ​លម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន ជំរុញ​បុព្វហេតុ​នៃ​ការ​រំដោះខ្លួន​ចេញពី​ភាព​ក្រីក្រ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ជំរុញ​កិច្ច​កសាង​អេកូ​-​អរិយធម៌ ជំរុញ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ផ្តួចផ្តើម​ភាព​ស្អាតស្អំ គ្រប់គ្រង​បក្ស​យ៉ាង​ម៉ឺងម៉ាត់ និង​លើកកម្ពស់​សមត្ថភាព​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ជាដើម ។

នា​ឆ្នាំ​២០១៣ ឯកឧត្តម​ស៊ី ជី​ន​ភីង (Xi Jinping) បាន​លើក​ពី​គំនិត​ផ្តួចផ្តើម​ស្តី​ពី​ការ​រួម​គ្នា​កសាង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ និង​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដែល​ទទួល​បានការ​គាំទ្រ​និង​ចូលរួម​យ៉ាង​សកម្ម ។

រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ ដំណើរ​វិវឌ្ឍន៍​និង​សមិទ្ធផល​នៃ​កិច្ច​កសាង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ ទទួល​បាន​ផល​ជា​ផ្លែផ្កា​លើស​ពី​ការ​រំពឹង​ទុក រីឯ​សេចក្តី​ផ្តួចផ្តើម​ស្តី​ពី​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ក៏​បាន​សម្រេច​នា​ខែធ្នូ ឆ្នាំ​២០១៥​ផង​ដែរ ។

មិន​ថា​ការ​បំពេញការងារ​នៅ​តាម​តំបន់ ឬ​នៅ​មជ្ឈិម ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) សុទ្ធតែ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការងារ​ការទូត និង​រាប់អាន​ជាមួយ​មិត្តភក្តិ​អន្តរជាតិ​យ៉ាង​ទូលំទូលាយ​។ ពេល​បម្រើ​ការងារ​នៅ​រដ្ឋបាល​តំបន់ ឯកឧត្តម​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​និង​តំបន់​ជាង​៦០​ក្នុង​ទ្វីប​ទាំង​៥ និង​បាន​ទទួល​ជួប​ជាមួយ​ភ្ញៀវ​បរទេស​ជា​ច្រើន​រូប​។ ក្រោយ​ពី​ចូល​បំពេញការងារ​នៅ​មជ្ឈិម ឯកឧត្តម​ក៏​បាន​ស្វាគមន៍​ភ្ញៀវ​បរទេស​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​ជា​ច្រើន​រូប​ផង​ដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ឯកឧត្តម​ក៏​បាន​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ទូលំទូលាយ និង​ប្រកបដោយ​មេត្រីភាព​ជាមួយ​ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន​នៃ​បណ្តា​ប្រទេស​លើ​ពិភពលោក ។

ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) បាន​បង្ហាញ​យ៉ាង​ស្មោះ​ចំពោះ​ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន​នៅ​ក្រៅប្រទេស អំពី​ការ​យល់​ឃើញ​របស់​ប្រជាជន​ចិន​ចំពោះ​ប្រទេស​របស់​ខ្លួន​និង​ពិភពលោក​បច្ចុប្បន្ន ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​ក៏​រីករាយ​ស្តាប់​នូវ​មតិយោបល់​របស់​សម​ភាគី និង​ស្វែង​យល់​ពី​គំនិត​របស់​ពួក​គេ​ផង​ដែរ​។ អ្នកនយោបាយ​បរទេស​សំខាន់​ៗ​ជា​ច្រើន​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) សុទ្ធតែ​កត់សម្គាល់​ឃើញ​ថា ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping)​ជា​អ្នកដឹកនាំ​ដែល​មាន​ជំនឿ​ចិត្ត មាន​ភាព​ប្រាកដប្រជា ប្រកបដោយ​គតិបណ្ឌិត និង​មាន​មេត្រីភាព ។

គ្រួសារ​ដ៏​មាន​សុភមង្គល

ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) មានគ្រួសារ​មួយ​ដ៏​មាន​សុភមង្គល​និង​ពេញ​បរិបូរណ៍​។ ភរិយា​របស់​ឯកឧត្តម​មានឈ្មោះ​ថា Peng Liyuan ឯកឧត្តម​និង​ភរិយា​ជួប​គ្នា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៨៦ ហើយ​បន្ទាប់​មក អ្នក​ទាំង​ពីរ​ក៏​បាន​ជាប់ចិត្ត​ជាប់​និស្ស័យ​ជាមួយ​គ្នា​។ ក្រោយ​ពី​រៀប​ការ ឯកឧត្តម​និង​ភរិយា​មានកូន​ស្រី​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ម្នាក់ ។

លោកស្រី Peng Liyuan មាន​ដើម​កំណើត​នៅ​ខេត្ត Shandong លោកស្រី​គឺជា​តារាចម្រៀង​ដ៏​ល្បីល្បាញ​ដែល​ប្រជាជន​ចិន​អ្នក​ណា​ៗ​ក៏​សុទ្ធតែ​ស្គាល់ឈ្មោះ​របស់​លោកស្រី​ដែរ​។ លោកស្រី​ធ្លាប់​តំណាង​ប្រទេស​ចិន​ទៅ​បំពេញ​ទស្សនកិច្ច និង​ធ្វើការ​សម្តែង​នៅ​ប្រទេស​និង​តំបន់​ជាង​៥០​លើ​ពិភពលោក​។ បច្ចុប្បន្ន​នេះ លោកស្រី Peng Liyuan​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​អប់រំ​ផ្នែក​សិល្បៈ ខិតខំ​បណ្តុះបណ្តាល​យុវវ័យ​ឆ្នើម​ដែល​មាន​ទេព​កោសល្យ​ខ្ពស់ និង​ធ្វើការ​ណែនាំ​ដល់​ការ​ផលិត​ស្នាដៃ​សិល្បៈ​ប្រណីត​ៗ​។
ក្រៅពី​វិស័យ​សិល្បៈ លោកស្រី Peng Liyuan ក៏​បាន​ខិតខំ​ប្រឹងប្រែង​សម្រាប់​បុព្វហេតុ​ដើម្បី​ផលប្រយោជន៍​សាធារណៈ​ក្នុង​រយៈពេល​ជា​យូរ​មក​ផង​ដែរ ។ លោកស្រី​ជា​ឯកអគ្គរដ្ឋទូត​សប្បុរស​ផ្នែក​ជំងឺរបេង និង​ជំងឺអេដស៍​របស់​អង្គការ​សុខភាព​ពិភពលោក ជា​អ្នក​ផ្សព្វផ្សាយ​ផ្នែក​អប់រំ​អំពី​ការ​បង្ការ​ជំងឺអេដស៍ ជា​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​គ្រប់គ្រង​ការ​ជក់បារី និង​ជា​ឯកអគ្គរដ្ឋទូត​សប្បុរស​ដើម្បី​ថ្ងៃស្អែក​ស្តី​ពី​ការ​បង្ការ​បទឧក្រិដ្ឋ​របស់​យុវវ័យ​នៃ​ប្រទេស​ចិន​ផង​ដែរ ។

ក្នុង​កែវភ្នែក​របស់​លោកស្រី Peng Liyuan ស្វាមី​របស់​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ខុស​ពី​មនុស្ស​ទូទៅ​ផង ហើយ​ក៏​ជា​មនុស្ស​យ៉ាង​សាមញ្ញ​ផង​ដែរ​។ ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) ចូល​ចិត្ត​បរិភោគ​ម្ហូប Shanxi និង Shandong ពេល​ជួបជុំ​ជាមួយ​មិត្តភក្តិ​ចូល​ចិត្ត​ពិសា​ស្រា​បន្តិចបន្តួច ដើម្បី​បន្ថែម​បិ​រ​យា​កាស​សប្បាយ​រីករាយ ។ ឯក
ឧត្តម​ចូល​ចិត្ត​ហែល​ទឹក ឡើង​ភ្នំ មើល​ការ​ប្រកួត​បាល់បោះ បាល់ទាត់ និង​ប្រដាល់ ហើយ​ជួនកាល​លោក​ក៏​ទស្សនា​កម្មវិធី​កីឡា​ដែល​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ពេល​យប់​ជ្រៅ​ផង​ដែរ ។

ឯកឧត្តម ស៊ី ជី​ន​ភីង (Xi Jinping) និង​ភរិយា​បាន​ដាក់​ឈ្មោះ​ឱ្យ​កូនស្រី​ថា Mingze ដែល​មាន​ន័យ​ថា​ធ្វើ​ជា​មនុស្ស​ស្អាតស្អំ និង​មាន​ប្រយោជន៍​ដល់​សង្គម​។ នេះ​គឺជា​ក្តី​សង្ឃឹម​របស់​ពួក​គាត់​ចំពោះ​កូនស្រី​ផង ហើយ​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ឥរិយាបថ​គ្រួសារ​ដ៏​សាមញ្ញ​របស់​ពួក​គាត់​ផង​ដែរ ៕