ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ផ្លូវ​៩​ខ្សែ ចំណាយ​អស់​២០​លាន​ដុល្លារ

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ផ្លូវ​ដី​ក្រាល​គ្រួ​ស​ក្រហម​ដែល​បាន​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ ចូល​មក​កាន់​ភូមិ​បឹង​ជ្រោងមាន​ចម្ងាយ​១៤​គីឡូម៉ែត្រ

ខេត្ត​ត្បូងឃ្មុំ ៖ ផ្លូវ​ដី​ក្រាល​គ្រួ​ស​ក្រហម​ដែល​បាន​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ ចូល​មក​កាន់​ភូមិ​បឹង​ជ្រោងមាន​ចម្ងាយ​១៤​គីឡូម៉ែត្រ នៅ​ឃុំ​ជាំ ស្រុក​មេមត់ ដែល​ធ្លាប់តែ​ជួបនឹង​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ត្រូវ​បាន​ក្រសួង​អភិ​វ​ឌ្ឈ​ន៍​ជនបទ​ចុះ​មក​ជួសជុល​ថ្មី  មាន​លក្ខណៈ​ធំ​ទូលាយ​ថែម​ទាំង​ចាក់​កៅស៊ូ ដូច្នេះ​ប្រជាពលរដ្ឋ​ងាយ​ដឹក​កសិក​ផល​ផ្សេង​ៗ មក​កាន់​ទីផ្សារ​បាន និង​ព្រំដែន​បាន​ងាយស្រួល​និង​ចំណាយពេល​ឆាប់​ថែម​ទៀត​។ លោកតា ព្រំ ញ៉ែ​ម អាយុ​៨៨​ឆ្នាំ នៅ​ភូមិ​បឹង​ជ្រោង ឃុំ​ជាំ ស្រុក​មេមត់ មាន​ប្រសាសន៍​ឲ្យ​ដឹង​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ២០១៧​ថា គាត់​ពិតជា​សប្បាយ​រីករាយ​ចំពោះ​សមិទ្ធផល​ផ្លូវ​១​ខ្សែ​នេះ ព្រោះថា​នា​ពេល​កន្លង​មក​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បាន​ស្នើ​សុំ​ទៅ​លោក ជា សុ​ផា​រ៉ា ដែល​បាន​ចុះ​មក​ជួប និង​សួរសុខទុក្ខ​ពលរដ្ឋ​ហើយ​បាន​សន្យា​នឹង​ធ្វើ​ជូន គឺ​បាន​ធ្វើ​ឲ្យ​មែន​រាល់​ថ្ងៃនេះ​ផ្លូវ​រលោង​ស្រួល​ជិះ​មែន​។

តែ​ផ្ទះ​គាត់​មិន​ទាន់​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​នោះ​ទេ តែ​បង្គោល​ភ្លើង​បាន​ដាក់​ម​ដល់​មុខ​ផ្ទះ​នៅ​តែ​ត​បណ្តាញ​ភ្ជាប់​គឺ​នឹង​ប្រើប្រាស់​ហើយ​ខាង​អង្គភាព​អគ្គិសនី មេត្តា​ជួយ​សម្រួល​ផង​។ អ្នកស្រី ញឹ​ម ធឿ​ន អាយុ​៥១​ឆ្នាំ នៅ​ភូមិ​បឹង​ជ្រោង ឃុំ​ជាំ ប្រាប់​ថា​ផ្លូវថ្នល់​នៅ​តាម​មុខ​ផ្ទះ​គាត់​នេះ​កាលពី​ក្រោយ​ថ្ងៃ​រំដោះ ០៧​មក​រា ១៩៧៩ ផ្លូវ​នេះ​មហា​យ៉ាប់​នោះ​ដោយ​បាន​ត្រឹមតែ​ដើរ​ទេ មាន​ពេល​មួយ​គាត់​បាន​ដើរ​ជាមួយនឹង​អ្នក​ភូមិ​ជា​ច្រើន​នាក់ ដើម្បី​មក​បើក​អំណោយ​អង្ករ​នៅ​សាលាស្រុក​មេមត់​ត្រូវ​ក្រោក​ពី​ព្រលឹម​រហូត​ដល់​ពេល​ល្ងាច​ទើប​ដើរ​ដល់​។ ព្រោះ​តាម​ផ្លូវ​សម្បូរ​ទៅ​ដោយ​ថ្ម​បែក​ធ្លាក់​មក​លើ​ផ្លូវ​ហើយ​មាន​ខ្មែរក្រហម​ទៀត ហើយ​មក​ដល់​ឆ្នាំ​១៩៨៧ ទើប​អាច​ជិះ​កង់​បាន​មិន​ទាន់​ស្រួល​នោះ​ទេ ក្រោយមក​ទៀត​នៅ​ឆ្នាំ​១៩៩៤ ក្រោយ​ពី​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​១ ផ្លូវ​បាន​ចាប់ផ្តើម​ជួសជុល និង​ស្រួល​ជិះ​ជា​បណ្តើរ​ៗ​មិន​ដូច​កាលពីមុន​ទេ​។ 

គាត់​ពិតជា​សប្បាយចិត្ត​នៅ​ពេល​ដែល​អាជ្ញាធរ​បាន​ប្រឹងប្រែង​ធ្វើ​ផ្លូវ​នេះ​កំពុង​តែ​ត្រៀម​ចាក់​កៅស៊ូ​ថែម​ទៀត​ផង​។ លោក អាន ស៊ី​ណា ប្រធាន​មន្ទីរ​អភិ​វ​ឌ្ឈ​ន៍​ជនបទ​ខេត្ត ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ផ្លូវ​១​ខ្សែ​ខាងលើ​នេះ​មាន​ប្រវែង​១៤​គីឡូម៉ែត្រ ត្រូវ​បាន​បើក​ការដ្ឋាន​ជួសជុល​ដោយ​សម្តេច​តេ​ជោ សែន កាលពី​ក្នុង​ខែមករា ឆ្នាំ​២០១៧ នៅ​ស្រុក​ត្បូងឃ្មុំ​កន្លង​មក ដែល​ផ្លូវ​នេះ​មាន​ចំនួន​៩​ខ្សែ​ស្មើនឹង​១៩៣​គីឡូម៉ែត្រ ដោយ​បាន​ចំណាយ​ទឹកប្រាក់​ចំនួន​២០​លាន​ដុល្លារ​។ រហូត​មក​ដល់​ពេល​នេះ​ផ្លូវ​ចូល​ទៅ​ច្រក​បឹង​ជ្រោង បាន​ដំណើរការ​បាន​ប្រមាណ​៤៥​ភាគរយ ក្នុង​ពេល​ខាង​មុខ​នេះ​ចាក់​កៅស៊ូ ដែល​នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​ដល់​ពលរដ្ឋ​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​៕