ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផលិត​គ្រាប់​សាគូ និង​សា​រ៉ា​យ​កាត់​សម្រាប់​ធ្វើ​បង្អែម​ជួប​វិបត្តិ​ទីផ្សារ

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ សិប្បកម្ម​ខ្នាត​តូច​ចំនួន​២​កន្លែង​ស្ថិត​នៅ​ភូមិ​ធ្លក សង្កាត់​សួង ក្រុង​សួង ផលិត​គ្រាប់​សាគូ និង​សា​រ៉ា​យ​កាត់​ជាង​២០​ឆ្នាំ​ហើយ

ខេត្ត​ត្បូងឃ្មុំ ៖ សិប្បកម្ម​ខ្នាត​តូច​ចំនួន​២​កន្លែង​ស្ថិត​នៅ​ភូមិ​ធ្លក សង្កាត់​សួង ក្រុង​សួង ផលិត​គ្រាប់​សាគូ និង​សា​រ៉ា​យ​កាត់​ជាង​២០​ឆ្នាំ​ហើយ ដោយ​មាន​ម៉ូយ​មក​ទិញ​ដឹក​តាម​រថយន្ត​ជា​ច្រើន​តោន យក​ទៅ​កាន់
រាជធានី​ភ្នំពេញ​សម្រាប់​លក់ និង​ចែកចាយ​បន្ត ទៅ​កាន់​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​។ អ្នកស្រី កុ​ល ថា​វី អាយុ​៥៤​ឆ្នាំ អ្នក​ផលិត​គ្រាប់​សាគូ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ កក្កដា ២០១៧​ថា របរ​នេះ​គាត់​ចេះ​ធ្វើ​តាំងពី​អាយុ​១៨​ឆ្នាំ ក្នុង​ពេល​ដែល​រស់នៅ​ជាមួយនឹង​ឪពុក​ម្តាយ ក្នុងស្រុក​កោះធំ ខេត្តកណ្តាល ក្រោយ​ពី​ពេល​ដែល​មាន​ប្តី​ក៏​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​រស់នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ក្រោយ​ពី​ឆ្នាំ​១៩៧៩ ដោយសារ​តែ​គាត់​មាន​ជំនាញ​ធ្វើ​គ្រាប់​សាគូ ចេញពី​ម្សៅដំឡូង​មីនោះ​ក៏​បាន​ចាប់ផ្តើម​ផលិត​ជា​លើក​ដំបូង ពិបាក​នឹង​រក​ម៉ូយ​មក​ទិញ​។

អ្នកស្រី កុ​ល ថា​វី  ប្រាប់​បន្ត​ថា ក្នុង​ការ​ផលិត​នេះ គាត់​ប្រើ​កម្មករ​ចំនួន​៣​នាក់ សម្រាប់​ក្នុង​រដូវវស្សា​នេះ គាត់​បាន​ទិញ​ម្សៅដំឡូង​មី​ពី​រោងចក្រ ម្តង​ពី​២០​ទៅ​៣០​តោន មក​ស្តុក​ទុក ដែល​ក្នុង​១​តោន​តម្លៃ​៣៥០ដុល្លារ​។ ហើយ​នៅ​ពេល​ដែល​យក​មក​ធ្វើ​ក្នុង​១​ថ្ងៃ​បាន​១​តោន ដែល​អាច​ទទួល​បាន​ប្រាក់​កម្រៃ​ចំនួន​២៥ម៉ឺន​រៀល ក្រោយ​ពីផាត់​លើ​ការ​ចំណាយ​ផ្សេង​ៗ​នោះ អាច​នៅ​សល់​ចំណេញ​បាន​៥​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃចំណូល​ដែល​បាន​មកនេះ​គាត់​បាន​យក​ទៅ​ចំណាយ​ឲ្យ​កូន​ៗ​បាន​រៀនសូត្រ​នៅ​សាលារៀន ក្នុង​នោះមានកូន​ស្រី​ម្នាក់​ដែល​មាន​បញ្ញា​ឆ្លាត​ជាងគេ បាន​រៀន​ជំនាញ​ពេទ្យ​ជា​វេជ្ជបណ្ឌិត​ចប់​ហើយ និង​បាន​បំ​ម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម  ចំណែក​កូន​ផ្សេង​ៗ​ទៀត​ក៏​គាត់​បាន​ចំណាយ​ដែរ​។ ការ​ផលិត​គ្រាប់​សាគូ​នេះ​ត្រូវ​តាមដាន​ពី​ព្យាករណ៍​អាកាសធាតុ ដែល​គេ​បាន​ផ្សាយ​តាម​ទូរទស្សន៍ ក្នុង​ករណី​បើ​មេឃខ្មៅ​ភ្លៀង​ធ្លាក់​មក​ជាប់​គ្នា​ពីរ​ថ្ងៃ​នោះ មិន​អាច​ផលិត​កើត​នោះ​ទេ​ព្រោះថា នៅ​ពេល​ដែល​ចេញ​ជា​គ្រាប់សាគូ​ត្រូវ​យក​ទៅ​ហាលថ្ងៃ មាន​ន័យ​ថាបើ​មេឃ​បើក​ថ្ងៃ​ទើប​ហាល​កើត​។

រាល់​ថ្ងៃនេះ​ពិបាក​រក​ទីផ្សារ​បបន្តិច​ដោយសារ​តែ​មាន​ថៅកែ​ធំ​ៗ នៅ​រាជធានី​ភ្នំពេញ​គេ​បាន​ផលិត​គ្រាប់​សាគូ សម្រាប់​ធ្វើ​បង្អែម​ក្នុង​ម្នាក់​មាន​ពី​២០០​ទៅ​៣០០​តោន ទុក​លក់​នៅ​រដូវវស្សា ហេតុ​ដូច្នេះ​ហើយ​ទើប​គាត់​ពិបាក​លក់ដូរ​ទោះជាយ៉ាងណា​ក្តី​ក៏​គាត់​នូវ​តែ​ប្រឹងប្រែង​ផលិត​បន្ត​ទៀត ដើម្បី​យក​ថវិកា​មក​ដោះស្រាយ​ជីវភាព​គ្រួសារ​។ អ្នកស្រី លី គឹ​មតង អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ធ្លក សង្កាត់​សួង បាន​ប្រាប់​ឲ្យ​ដឹង​ថា របរ​ផលិត​សា​រ៉ា​យ​កាត់នេះ​បាន​ចេះ​ធ្វើ​ពី​ឪពុក​របស់​គាត់​ជា​អ្នក​បង្រៀន ដោយសារ​តែ​គាត់​ចាស់​ផង​នោះ​ទើប​គាត់​បាន​ធ្វើ​ជំ​នួស​ហើយ​រហូត​មក​ដល់​ពេល​នេះ​ជាង​១០​ឆ្នាំ​ហើយ ដោយ​បាន​ផលិត​ពី​ម្សៅដំឡូង​មី​កិន​យក​ម្សៅ​លាយទឹក​មក​ចំហុយ​ដូច​គុយទាវ​កាត់ យក​ទៅ​ហាល​ឲ្យ​ស្ងួត​រួច​កាត់​ជា​ចំណិត​ៗ​។ គាត់​មាន​ឡ​ចំហុយ​ចំនួន​២​ដែល​ក្នុង​១​ឡ​ផលិត​បាន​ក្នុង​១​ថ្ងៃ​ទម្ងន់​៧០០​គីឡូក្រាម ប្រសិនណាបើ​ផលិត​ចេញ​ច្រើន​ពេក​នោះមិន​អាច​លក់​ចេញ​អស់នោះ​ទេ​។ កន្លង​មក​របស់​គាត់​ត្រូវ​បាន​ម៉ូយ​មក​ទិញ យក​ទៅ​លក់​នៅ​រាជ​ធានី​ភ្នំពេញ និង​បាន​ឈ្មួញ​មក​ទិញ យក​លក់​ដល់​ព្រំដែន​ថៃ​ក៏​មាន​ដែរ​។ សា​រ៉ា​យ​កាត់​នេះ​សម្រាប់​តែ​លក់នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មានការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស​នោះ​ទេ ដោយសារ​តែ​មានការ​លើកឡើង​ថា​ខ្វះ​អនាម័យ ម្យ៉ាងទៀត​ប្រសិនបើ​មាន​ក្រុមហ៊ុន​ណាមួយ​ឲ្យ​ទិញ​ឡ​ស​ម្ងួ​ត នោះ​គាត់​នឹង​ទិញយមក​ប្រើប្រាស់​ក្នុង​សិប្បកម្ម​របស់​គាត់ ក្នុង​ករណី​បង់​រំ​លោះ​ដោយ​សម​ស្រប​នោះ​។

បើ​បាន​បែប​នេះ​មែន​នោះ​របស់​គាត់​ពិតជា​មាន​អនាម័យ​ល្អ ហើយ​សង្ឃឹមថានឹង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​បាន​។ ហើយ​ការ​ផលិត​បាន​ច្រើន​ចុះ​ទីផ្សារ​លក់​មិន​ចេញ ត្រូវ​នឹង​ជួប​វិបត្តិ​នោះ​សួរ​ថា​តើ​មាន​លុយ​មក​ពីណា​សម្រាប់​បង់​ឲ្យ​ទៅ​ធនាគារឯកជន​ទៅ? លោក ជា ណា​រ៉ុ​ន អភិបាលក្រុង​សួង ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កាលពី​ឆ្នាំទៅ​មិ​ញ​លោក ប្រាជ្ញ ចន្ទ អតីត​អភិបាល​ខេត្ត​បាន​ធ្លាប់​ចុះ​មក​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ពី​សង្វា​ក់​ផលិត​គ្រាប់​សាគូ ខាងលើ​នេះ​ដោយ​បានជម្រុញ​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត ជួយ​ប្រឹងប្រែង​ពី​បច្ចេកទេស​បន្ថែម​ទៀត ដើម្បី​រក​ទីផ្សារ​នោះ​។ជាមួយ​នោះ​ក៏​មានការ​នាំ​ចេញ​ទៅ​កាន់ ទីផ្សារ​ប្រទេស​វៀតណាម​តែ​បាន​កម្រិត​តិចតួច ចំពោះ​ការ​ធ្លាក់ថ្លៃ​នេះ​មិន​មិន​តែ​ផលិតផល​ខាងលើ​នេះ​ទេ គឺ​អ្វី​ផ្សេង​ៗ​ទៀត​ដែល​ជា​កសិក​ផល​ក៏​ត្រូវ​ធ្លាក់​ចុះ​ដែរ​ពីព្រោះថា​ទីផ្សារ​ពិភព​លោ​ក៏​ធ្លាក់​ចុះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ​៕