១-ចាប់តាំងពីឆ្នាំ១៩៩១ សម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសចិនជាច្រើនដង ។ តើសម្តេចយល់យ៉ាងណាដែរ ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីកម្ពុជានិងចិន ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ? តើសម្តេចមានទស្សនៈយ៉ាងដូចម្តេចដែរចំពោះទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសយើងទាំងពីរ ?
ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានបន្តពង្រឹក និងធ្វើឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់«កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ។
កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ត្រូវបានបន្តពង្រឹងតាមរយៈយន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ហើយត្រូវបានរៀបចំប្រជុំជារៀងរាល់ឆ្នាំ ។ រហូតមកដល់ពេលនេះ កម្ពុជានិងចិនបានរៀបចំប្រជុំចំនួន៣ដងរួចមកហើយ ដោយទទួលបានជោគជ័យនិងលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ កិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៤ កុម្ភៈ ២០១៦ នៅទីក្រុងប៉េងកាំង ។ ប្រទេសទាំងពីរកំពុងត្រៀមរៀបចំ «កិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល» នៅកម្ពុជា ដែលអាចនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ខាងមុខនេះ ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានជួបប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់ និងផ្តាល់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ដែលបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចិន ។ ជាក់ស្តែងក្នុងឆ្នាំ២០១៦នេះ មានការផ្តាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមក ក្នុងនោះថ្នាក់ដឹកនាំកម្ពុជាទៅចិនរួមមាន ៖
-ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋពីថ្ងៃទី០២ដល់ទី០៤ ខែមិថុនា ឆ្នាំ២០១៦ ។
-ខ្ញុំបានចូលរួម «កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី១» នៅក្រុងសានយ៉ា និង «វេទិកាបូអាវសម្រាប់អាស៊ីប្រចាំឆ្នាំ២០១៦» នៅទីក្រុងបូអាវ ខេត្តហៃណាន(២២-២៤ មីនា ២០១៦) ព្រមទាំងបានជួបឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិនចំនួន០៣ដងក្នុងឆ្នាំនេះ ។
-សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបំពេញទស្សនកិច្ចពីថ្ងៃទី២៥ដល់២៩ ខែកក្កដា ឆ្នាំ២០១៦ ។
-សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានបំពេញទស្សនកិច្ចពីថ្ងៃទី០៤ដល់ទី០៧ ខែកក្កដា ឆ្នាំ២០១៦ ។
-សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមប្រជុំនៅចិនពីថ្ងៃទី០៦ដល់ទី០៨ មេសា ២០១៦ ។
-ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបំពេញទស្សនកិច្ចពីថ្ងៃទី១១ដល់ទី១៥ ខែមិថុនា ឆ្នាំ២០១៦ ។
ហើយមានថ្នាក់ដឹកនាំចិនមកកម្ពុជារួមមាន៖
-ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចំនួន២លើក(ថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០១៦ និង០៨ ខែកក្កដា ឆ្នាំ២០១៦) ។
-ឯកឧត្តម គឹង ហួយឆាង រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិចិន (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦) ។
-ឯកឧត្តម កៅ ហ៊ូឈឹង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន(ថ្ងៃទី០១-០៣សីហា ២០១៦)។
-ឯកឧត្តម ហូរ ហួវ៉ា អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន(ថ្ងៃទី២៩-៣១ ឧសភា ២០១៦) ។
ក្នុងពេលឆាប់ៗនេះ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៣ដល់១៤ ខែតុលា ២០១៦ ។
បន្ថែមពីលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី កម្ពុជានិងចិនក៏បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងលើឆាកអន្តរជាតិផងដែរ រួមមានកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ អាស៊ីបូព៌ា អាស៊ាន-ចិន មេគង្គ-ឡានឆាង កិច្ចប្រជុំអាស៊ី-អឺរ៉ុប និងយន្តការតំបន់ផ្សេងទៀត ។
ទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្ន គឺជាទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការប្រពៃណីប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា ហុចផលប្រយោជន៍ឲ្យគ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ។ កិច្ចសហប្រតិបត្តិការជាមិត្តភាពកម្ពុជា-ចិន គឺឈរលើមូលដ្ឋានឈ្នះ-ឈ្នះ និងសន្តិភាពសហវិជ្ជមានដែលមិនអាចបំបែក និងកាត់ផ្តាច់បាន ។
២-កម្ពុជានិងចិន បាននិងកំពុងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសន្ទនា និងការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ព្រមទាំងពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ តើសម្តេចយល់ថា មូលហេតុអ្វីខ្លះ ដែលនាំឱ្យមានកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ត្រូវបានបន្តពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត ?
ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលត្រូវបានបង្កើតរួមគ្នា និងថែរក្សាដោយប្រុងប្រយ័ត្នដោយព្រះករុណា ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំចិនជំនាន់មុន រួមមានលោកប្រធាន ម៉ៅ សេទុង នាយករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀត។ ដូចនេះក្នុងនាមជាថ្នាក់ដឹកនាំជំនាន់ក្រោយ យើងត្រូវតែបន្តថែរក្សាទំនាក់ទំនងនេះ ព្រមទាំងពង្រីកនិងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត ។ ម្យ៉ាងវិញទៀត ដោយសារតែទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន គឺឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា ហុចផលប្រយោជន៍ឱ្យគ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក និងឈរលើមូលដ្ឋានឈ្នះ-ឈ្នះ និងសនិ្តសហវិជ្ជមាន ដែលមិនអាចបំបែក និងកាត់ផ្តាច់បាន ជាហេតុធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ត្រូវបានដំឡើងរហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។
បន្ថែមពីលើនេះ ស្របពេលដែលក្នុងតំបន់ និងសកលលោកកំពុងប្រឈមនូវបញ្ហាជាច្រើនរួមមាន បញ្ហាសេដ្ឋកិច្ច សន្តិសុខ ភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងបញ្ហាមួយចំនួនទៀត កម្ពុជានិងចិនត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោះស្រាយបញ្ហាដែលជាកង្វល់រួម ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងដើម្បីរួមចំណែកដល់ការរក្សាស្ថិរភាព សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ។
៣-ប្រទេសចិន បានស្នើឡើងនូវយុទ្ធសាស្ត្រស្វែងរកសន្តិភាពជាច្រើន រួមមានគោលការណ៍ណែនាំសម្រាប់កិច្ចការទូតជាមួយប្រទេសជិតខាង ដោយឈរលើគោលការណ៍មិត្តភាព ស្មោះស្ម័គ្រ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការរួមគ្នា ។ តាមយោបល់របស់សម្តេច តើសំណើរបស់ចិន នឹងចូលរួមចំណែកដល់ស្ថិរភាពនិងវិបុលភាពនៃតំបន់អាស៊ីអាគ្នេយ៍ និងទ្វីបអាស៊ីទាំងមូលឬទេ ?
៤-តើសម្តេចយល់យ៉ាងណាដែរចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ក្នុងការលើកកម្ពស់សនិ្តសុខ ស្ថិរភាពក្នុងតំបន់ និងការបង្កើតឱ្យមានបរិយាកាសដែលមានថាមពល និងរឹងមាំ ?
៥-ឆ្នាំនេះជាខួប៣ឆ្នាំនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» ដែលស្នើឡើងដោយប្រធានាធិបតីចិន ស៊ី ជីនភីង ។ ក្នុងនាមជាប្រទេសសំខាន់មួយ ក្នុងចំណោមប្រទេសនៅតាមផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ តើសម្តេចយល់ថា គំនិតផ្តួចផ្តើមនេះអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឬទេ ? តើប្រទេសយើងទាំងពីរអាចទទួលបានផលប្រយោជន៍រួមពីគំនិតផ្តួចផ្តើមនេះឬទេ ?
កម្ពុជា បានប្រកាសជាច្រើនលើកអំពីការគាំទ្រយ៉ាងពេញទំហឹងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសតវត្សរ៍ទី២១(ខ្សែក្រវាត់មួយ និងផ្លូវមួយ)» ស្នើឡើងដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនភីង ដែលមានគោលដៅជំរុញការតភ្ជាប់ទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ក៏ដូចជាមួយប្រទេសដទៃទៀតនៅក្នុងពិភពលោក និងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការតភ្ជាប់ប្រជាជន និងប្រជាជន និងការតភ្ជាប់វប្បធម៌ សម្រាប់កិច្ចសហប្រតិបត្តិកាឈ្នះ-ឈ្នះ ព្រមទាំងជំរុញការអភិវឌ្ឍរួម ដើម្បីមិត្តភាព សន្តិភាព ។ ជាមួយនឹងការដាក់ចេញនូវគំនិតផ្តួចផ្តើមនេះ ប្រទេសចិនបានបង្កើតមូលនិធិផ្លូវសូត្រមានទឹកប្រាក់៤០ពាន់លានដុល្លារ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីមានទឹកប្រាក់ ១០០ពាន់លានដុលា្លារ ។ តាមរយៈមូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនេះ កម្ពុជាជឿជាក់ថា គំនិតផ្តួចផ្តើមនេះនឹងជួយដល់កាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងធនធានមនុស្សកម្ពុជា ។
ក្នុងឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនភីង នៅកម្ពុជានាពេលខាងមុខកម្ពុជានិងចិន នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតគម្រោងនៃផែនការសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសតវត្សរ៍ទី២១ ដែលមានគោលបំណងពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ការកសាងសមត្ថភាព ឧស្សហកម្ម វប្បធម៌ និងហរិញ្ញវត្ថុ ។ ខ្ញុំសង្ឃឹមថា អនុស្សរណៈនេះនឹងជាយន្តការថ្មីបន្ថែមលើយន្តការដែលមានស្រាប់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍បន្ថែមដល់ប្រទេសទាំងពីរ ។
៦-ប្រធានាធិបតីចិន ស៊ី ជីនភីង នឹងបំពេញទស្សនកិច្ចនៅកម្ពុជាឆាប់ៗនេះ ។ ចំពោះទស្សនៈផ្ទាល់ និងបទពិសោធន៍កន្លងមករបស់សម្តេច តើប្រធានាធិបតី ស៊ី ជីនភីង ជាបុគ្គលដែលមានលក្ខណសម្បត្តិដូចម្តេច ? តើសម្តេចមានការរំពឹងទុកយ៉ាងដូចម្តេចពីទស្សនកិច្ចរបស់គាត់? តើទស្សនកិច្ចនេះនឹងជំរុញមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរយ៉ាងណាដែរ ?
ឯកឧត្តម ស៊ី ជីនភីង ក៏ដូចជាថ្នាក់ដឹកនាំចិនមុនៗដែរ គឺមានគោលដៅដឹកនាំប្រទេស និងប្រជាជនចិន ឆ្ពោះទៅរកការរីកចម្រើនរុងរឿង វិបុលភាព និងសុខដុមរមនា ហើយក៏មានគោលដៅចែករំលែកការអភិវឌ្ឍដល់បណ្តាប្រទេសក្នុងតំបន់ និងសកលលោក ព្រមទាំងចូលរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក ។ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីនៅខែមីនា ឆ្នាំ២០១៣ ឯកឧត្តម ស៊ី ជីនភីង បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅក្នុងការដឹកនាំប្រទេសចិន ហើយតាមរយៈកំណែទម្រង់នេះ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ប្រទេសចិនបានដាក់ចេញនូវទិសដៅផែនការ៥ឆ្នាំលើកទី១៣(២០១៦-២០២០) ដែលកំណត់ពីក្របខ័ណ្ឌគោលនយោបាយអាទិភាព និងគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងនោះរួមមាន ការរក្សាកំណើនសេដ្ឋកិច្ចចន្លោះពី៦,៥% ទៅ៧% និងការបង្កើតការងារឱ្យបានយ៉ាងតិច១០លាននាក់ ។ ចំណែកក្នុងក្របខ័ណ្ឌតំបន់វិញ ឯកឧត្តម ស៊ី ជីនភីង បានដាក់ចេញនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ បង្កើតមូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ព្រមទាំងចាប់ផ្តើមដំណើរការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។
ក្នុងពេលដែលឯកឧត្តម ស៊ី ជីនភីង មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលឆាប់ៗនេះ ខ្ញុំនិងឯកឧត្តម ស៊ី ជីនភីង នឹងពិភាក្សាគ្នា ព្រមទាំងផ្លាស់ប្តូរទស្សនៈយ៉ាងលម្អិតលើការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងលើបញ្ហាដែលជាកង្វល់ និងផលប្រយោជន៍រួម ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីចូលរួមដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក ។ ក្នុងឱកាសទស្សនកិច្ចនេះ កម្ពុជានិងចិន ក៏គ្រោងចុះហត្ថលេខាលើឯកសារជាច្រើនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ កសិកម្ម សុខាភិបាល ព័ត៌មាន ថាមពល សន្តិសុខសមុទ្រ និងខ្សែក្រវាត់មួយ និងផ្លូវមួយ ។
ទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនភីង នាពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន កាន់់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ព្រមទាំងនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរទៅកម្រិតខ្ពស់ថ្មីមួយទៀត ។ ក្នុងឱកាសទស្សនកិច្ចនេះ ប្រទេសយើងទាំងពីរនឹងចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម ៖
-ការឯកភាពគ្នាបង្កើនការផ្តាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើកិច្ចការបរទេស ការពារជាតិ ព្រមទាំងការអនុវត្តច្បាប់ និងការពង្រឹងសន្តិសុខ ។
-ការពង្រឹងផែនការទាំងមូលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងពេញលេញ ។
-ការឯកភាពគ្នាពង្រីកបន្ថែមទៀតនូវការផ្តាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម សមុទ្រ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អប់រំ វប្បធម៌ សុខាភិបាល និងទេសចរណ៍ ។
-ការបង្កើនទំនាក់ទំនងមិត្តភាពរវាងយុវជន ដើម្បីរៀបចំអ្នកបន្តវេនសម្រាប់មិត្តភាពកម្ពុជា-ចិន ព្រមទាំងពង្រឹងមូលដ្ឋានគាំទ្រជាសាធារណៈចំពោះទំនាក់ទំនងមិត្តភាពទ្វេភាគី ដើម្បីឱ្យប្រទេសទាំងពីរក្លាយជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងដៃគូល្អ ជារៀងរហូត ។ ភាគីចិននឹងលើកទឹកចិត្តប្រជាជនចិនឱ្យមកធ្វើទេសចរណ៍នៅកម្ពុជាឱ្យកាន់តែច្រើន ។
-ភាគីចិននឹងលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាពនិងល្បីល្បាញ ឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា លើវិស័យសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល គមនាគមន៍ ឧស្សហកម្ម និងទេសចរណ៍ ព្រមទាំងបន្តអនុវត្តតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងគម្រោងផ្សេងៗទៀត ។
-ភាគីចិនបានបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារអធិបតេយ្យភាព ឯករាជ្យភាព និងរក្សាស្ថិរភាពនយោបាយរបស់កម្ពុជា ។ ភាគីកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញារបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ ទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលចិនស្របច្បាប់តែមួយគត់ ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ចិន ប្រឆាំងការប្រកាសឯករាជ្យរបស់តៃវ៉ាន់ទោះក្នុងទម្រង់ណាក៏ដោយ ព្រមទាំងការបន្តគាំទ្រការអភិវឌ្ឍដោយសន្តិភាព និងបុព្វហេតុដ៏ធំធេងក្នុងការបង្រួបបង្រួមប្រទេសចិនដោយសន្តិវិធី ៕
ចែករំលែកព័តមាននេះ