ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ចិញ្ចឹម​ឃ្មុំ ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​ធូរធា

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ការ​ដែល​សម្រេច ចិត្ត​ប្តូរ​មុខរបរ​ទាន់​ពេលវេលា​នោះ​គឺ ជីវភាព​ក្រុម​គ្រួសារ​របស់​គាត់​មាន ភាពល្អ​ប្រសើ​ជាង​មុន​។ ក៏​ប៉ុន្តែ​មុខរបរ​មួយ​នេះ

ខេត្តសៀមរាប ៖ ការ​ដែល​សម្រេច ចិត្ត​ប្តូរ​មុខរបរ​ទាន់​ពេលវេលា​នោះ​គឺ ជីវភាព​ក្រុម​គ្រួសារ​របស់​គាត់​មាន ភាពល្អ​ប្រសើ​ជាង​មុន​។ ក៏​ប៉ុន្តែ​មុខរបរ​មួយ​នេះ ពិតជា​ត្រូវការ​ព្រៃឈើ ដែល​មិន​អាច​ខ្វះ​បាន តួយ៉ាង​ដូច​ជា ព្រៃ​ភ្នំ​គូលែន​ជាដើម​។ បន្ទាប់​ពី ប្រកប​អាជីវកម្ម​ជា​គ្រូឱសថបុរាណ​ខ្មែរ នៅ​លើ​ខ្នងភ្នំ​គូលែន​ជា​ច្រើន​ឆ្នាំ ហាក់​មិន​រលូន​ទៅ​មុខ ហើយ​ជីវភាព​គ្រួសារ​កាន់តែ​មានការ​ខ្វះខាត បុរស​ជា​គ្រូថ្នាំ​បុរាណ​ខ្មែរ បាន​សម្រេច​ប្តូរ​មុខរបរ​មក​ចិញ្ចឹមសត្វ​ឃ្មុំ​បែប​ធម្មជាតិ​វិញ​។

លោក ជិន វណ្ណ​នី អាយុ​ប្រហែល​៤០​ឆ្នាំ អ្នក​ចិញ្ចឹមសត្វ​ឃ្មុំ តាម​បែប​ធម្មជាតិ​ម្នាក់ ដែល​មាន​ទីលំនៅ​តំបន់​ព្រះ​អង្គ​ធំ លើ​ខ្នងភ្នំ​គូលែន ក្នុងស្រុក​ស្វាយ​លើ នៃ​ខេត្តសៀមរាប បាន​បរិយាយ​ថា មុខរបរ​ចិញ្ចឹម​ឃ្មុំ ក្រៅ​អំពី​អាច​រក​ចំណូល ដែល​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​គាត់​ធូរធា​ជាង​មុន ហើយ​នោះ​មុខរបរ​នេះ​ក៏​បាន ធ្វើ​ឲ្យ​យើង​ចេះ​ស្រឡាញ់​ធម្មជាតិ ព្រៃឈើ​ផង​ដែរ ។ ពីព្រោះ​ព្រៃឈើ ក្រៅពី​ផ្តល់​ជា ជម្រក​ដ៏​ត្រជាក់ ដល់​មនុស្ស និង​សត្វ​វា​ក៏​អាច​ជួយ​ទប់ស្កាត់​រាល់​គ្រោះ​ធម្មជាតិ​មួយ​ចំនួន​ទៀត​។ លោក​បាន​បញ្ជាក់​អំពី របៀប​ចិញ្ចឹម​ឃ្មុំ និង​ការ​ចំណាយ​ដើមទុន​ថា ធ្វើ​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​បែប​ធម្មជាតិ​ខ្នាត​កណ្តាល ដែល​មាន​ចំនួន​៥០​ធុង អាច​ចំណាយ​ប្រាក់​ជិត​១៥០០​ដុល្លារ​។ ក្នុង​ឃ្មុំ​មួយ​ធុង​ចែក​ចេញ​ជា​បី គឺ​មាន​ឃ្មុំ​ឈ្មោល ឃ្មុំ​កម្មករ និង​ស្តេច​ឃ្មុំ​។

ឃ្មុំ​ឈ្មោល​មាន តួនាទី​បង្កាត់​ពូជ ឯ​ឃ្មុំ​កម្មករ​មាន​តួនាទី ចេញ​ទៅ​ក្រេប​ផ្កា និង​លម្អង​ឈើ ដោយឡែក​ស្តេច​ឃ្មុំ មាន​តួនាទី​គ្រប់គ្រង​សំបុក និង​ពង​បង្កើតកូន​។ ស្តេច​ឃ្មុំ​មួយ​ក្បាល ក្នុង​មួយ​ថ្ងៃ​អាច​បង្កើត​បាន​ពី​១០០​ទៅ​១៥០​។ ក្រោយ​ពង​រយៈពេល​បី​ថ្ងៃ​នឹង​ញាស់​កូន​ទៅ​ជា​ដង្កូវ ហើយ​រយៈពេល​២០​ថ្ងៃក្រោយ​ទៀត ដង្កូវ​នោះ​ដុះស្លាប​ទៅ​ជា​កូន​ឃ្មុំ​។ លោក​បន្ថែម​ទៀត​ថា ក្នុង​ធុង​ចិញ្ចឹម​ឃ្មុំ​នីមួយ​ៗ មាន​ផ្លិត​(​បង្គង​)​ចំនួន​៨ ហើយ​អាច​ផ្ទុក​សត្វ​ឃ្មុំ​បានជា​២៥០០០​ក្បាល​។ ប៉ុន្តែ​ក្នុង​មួយ​ធុង​មាន​ស្តេច​ឃ្មុំ​តែ​១​ក្បាល ហើយ​ប្រសិនបើ​យើង​ចាប់​ស្តេច​វា​ចេញពី​ធុង​នោះ សត្វ​ឃ្មុំ​ទាំងអស់​នឹង​ហើរ​ចោល​ធុង​។ ក្នុង​ធុង​១​ដែល​មាន​ផ្លិត​(​បង្គង​)​ចំនួន​៨​ក្នុង​មួ​យស​ប្តា​ហ៏ យើង​អាច​យក​ទឹកឃ្មុំ​បាន​៣​លី​ត្រ ប្រសិនបើ​នៅ​ក្នុង​ខែ​ដែល​សំបូរ​ផ្កាឈើ​។ ឈើ​ព្រៃ​គ្រប់​ប្រភេទ​ចាប់ផ្តើម​ចេញ​ផ្កា​ក្នុង​អំឡុង​ខែ​១​រហូត​ដល់​ខែ​៥​។

ក្រៅពី​បរិយាយ​អំពី​របៀប​ចិញ្ចឹម និង​ផល​ដែល​ទទួល​បាន​ពី​សត្វ​ឃ្មុំ បុរស​ខាងលើ​ក៏​ចង់​បង្រៀន​អំពី​របៀប​ចិញ្ចឹម​ផង​ដែរ ប្រសិនបើ​មាន ពលរដ្ឋ​ណា​ចង់​ប្រកប​មុខរបរ​នេះ​។ ព្រោះថា​ការ​ចិញ្ចឹមសត្វ​ឃ្មុំ មិន​ចាំបាច់​តែ​នៅ​តំបន់​ព្រៃ​ភ្នំ ឬ​ព្រៃ​លិច​ទឹក​នោះ​ទេ នៅ​តាម​ចម្ការ​របស់​បងប្អូន​ពលរដ្ឋ ក៏​អាច​ចិញ្ចឹម​បាន ឲ្យ​តែ​ចំការ​នោះ​មាន​ដំណាំ​ប្រភេទ​រុក្ខជាតិ​ធំ​ៗ ដែល​មាន​ផ្កា​។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​នៅ​តំបន់​ណា ដែល​មានការ​កាប់​បំផ្លាញ​ព្រៃឈើ យើង​ក៏​មិន​អាច ចិញ្ចឹមសត្វ​ឃ្មុំ​បាន​ដែរ​។ បន្ទាប់​ពី​បាន រៀបរាប់​អំពី​មុខរបរ​នេះ លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ព្រៃ គួរ​បញ្ឈប់​មុខរបរ​កាប់​ឈើ​ខុសច្បាប់​ងាក​មក​ចិញ្ចឹម​ឃ្មុំ តាម​បែប​ធម្មជាតិ ឬ​មុខរបរ​ផ្សេង​ៗ​ដែល​មិន​បំផ្លាញ ដល់​ព្រៃឈើ​វិញ ទោះជា​យ៉ាងណា​របរ​នេះ​អាច​ផ្តល់​ប្រាក់​ចំណូល​សមរម្យ និង​ជួយ​ការពារ​ព្រៃ ឈើ​ផង​ដែរ​៕