ជីវិតអ្នករើសអេតចាយ ផ្ញើលើកាកសំណល់សំរាម
ទីក្រុងភ្នំពេញ ៖ ជារៀងរាល់យប់ នៅជុំវិញបាររាត្រីដែលពោរពេញទៅដោយភ្ញៀវទេសចរ និងនារីរត់តុ គឹប្រាកដជាមានក្រុមអ្នករើសអេតចាយនៅទីនោះ
ទីក្រុងភ្នំពេញ ៖ ជារៀងរាល់យប់ នៅជុំវិញបាររាត្រីដែលពោរពេញទៅដោយភ្ញៀវទេសចរ និងនារីរត់តុ គឹប្រាកដជាមានក្រុមអ្នករើសអេតចាយនៅទីនោះ
ទីក្រុងភ្នំពេញ ៖ ជារៀងរាល់យប់ នៅជុំវិញបាររាត្រីដែលពោរពេញទៅដោយភ្ញៀវទេសចរ និងនារីរត់តុ គឹប្រាកដជាមានក្រុមអ្នករើសអេតចាយនៅទីនោះ។ ពួកគេមានទាំងចាស់ ទាំងក្មេង ដែលមើលទៅកខ្វក់ អត់ឃ្លាន និងលំបាកវេទនា ។
បុរសវ័យ៣១ឆ្នាំ លោក ផុន សុផាណា គឺស្ថិតនៅក្នុងចំណោមក្រុមអ្នករើសអេតចាយទាំងនោះ។ គាត់និងក្រុមគ្រួសារគាត់ ដែលមានប្រពន្ធ និងកូន២នាក់ រស់នៅតាមដងផ្លូវសាធារណៈ និងចិញ្ចឹមជីវិត ដោយរបរដើររើសរបស់មានតម្លៃដែលអាចយកទៅលក់បាន ដោយរួមមាន សំបកដប ផ្លាស្ទិច និងសំបកកំប៉ុងជាដើម ។
ពួកគេចេញប្រតិបត្តិការដើររើសភាគច្រើននៅពេលយប់។ តែប្រសិនបើពួកគេនៅមានកម្លាំង រើសមួយយប់ទល់ភ្លឺ ក៏គ្មានបញ្ហា។
លោកសុផាណា បាននិយាយថា ៖ “ការងារនេះ គឺពិតជាមានដៃគូប្រកួតប្រជែងច្រើនណាស់ ព្រោះថា បើឲ្យតែហ៊ានទៅយឺត ដឺងតែគេរើសយកអស់ហើយ ។ ជីវិតគឺវាលំបាកណាស់នៅទីនេះ” ។
លុយដែលបានមកពីមុខរបរដ៏លំបាកនេះ គឺតិចតួចណាស់ ។ លោកអាចរកបានត្រឹមតែ៦,០០០រៀល តែប៉ុណ្ណោះ ពីសំបកដបប្លាស្ទិក២០គីឡូក្រាម ។ តែប្រសិនបើសំបកកំប៉ុងវិញ អាចលក់បានថ្លៃជាងហ្នឹងបន្តិច។
លោកបានបន្តថា ជារៀងរាល់ថ្ងៃ ក្រុមគ្រួសាររបស់លោករំពឹងថា អាចរកចំណូលបានត្រឹមតែ១០,០០០រៀលតែប៉ុណ្ណោះ។
កូនប្រុសពៅរបស់លោកនៅជាកូនង៉ែតនៅឡើយ ដែលត្រូវការការមើលថែពីសំណាក់ប្រពន្ធរបស់គាត់។ រីឯកូនប្រុសច្បងវិញ គឺមានអាយុ៦ឆ្នាំហើយ ដែលឥលូវនេះ គេបានប្រឡូកចូលសមរភូមិរើសសម្បកកំប៉ុងហើយ ព្រោះថា អ្នករើសអេតចាយភាគច្រើននៅកម្ពុជា គឺជាក្មេងៗ។
តែលោកសង្ឃឹមថា នៅថ្ងៃណាមួយ លោកនឹងអាចបញ្ជូនពួកគេនៅមណ្ឌលកុមារកំព្រា ដើម្បីឲ្យពួកគេរួចផុតពីគន្លងចាស់របស់លោក ។
លោកនិយាយថា ៖ “ប្រសិនបើខ្ញុំចង់ឲ្យពូកគេដើរតាមគន្លងចាស់របស់ខ្ញុំ ខ្ញុំមិនចាំបាច់ខំធ្វើការបែបនេះទេ។ ខ្ញុំធ្វើការហត់នឿយរាល់ថ្ងៃ គឺដើម្បីតែពួកគេ។ តែមិនដឹងជាធ្វើយ៉ាងដូចម្តេចទេ បើឥឡូវនេះ ខ្ញុំមិនទាន់ទាំងមានផ្ទះផងហ្នឹង?” ។
ការកែច្នៃយកទៅប្រើប្រាស់ឡើងវិញបានក្លាយទៅជាប្រភពចំណូលរបស់ពួកគេតាមផ្លូវសាធារណៈ។ នៅប្រទេសកម្ពុជាឥឡូវនេះ មិនទាន់មានផ្នែកណាមួយ ទទួលបន្ទុកគ្រប់គ្រងកាកសំណល់ទាំងនោះជាផ្លូវការនៅឡើយទេ ។
មួយផ្នែកធំនៃកាកសំណល់របស់ប្រទេសជាតិទាំងមូល ត្រូវបានគេយកទៅចោលនៅវាលលំហ ឬជួនកាលយកទៅដុតចោល ហើយភាគច្រើន គឺយកទៅបោះចោលពាសវាលពាសកាល នៅតាមដងផ្លូវ និងលូបង្ហូរទឹកសម្អុយ ។
យើងក៏ឃើញមានឈ្មួញកណ្តាលរាប់រយនាក់ ចាំទិញអេតចាយពីអ្នកដើររើសទាំងនោះ។ ពួកគេទិញដើម្បីយកទៅលក់នៅប្រទេសថៃ និងរៀតណាម ។
លោកតា គីម គាម អាយុ៧២ឆ្នាំ គឺជាអតីតឈ្មួញទិញអេតចាយ បានអោយដឹងថា ៖ “គេដឹកវាយកទៅប្រទេសវៀតណាម ហើយខ្ញុំមិនដឹងថា គេយកទៅធ្វើអ្វីទេ។ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំអាចរកប្រាក់ចំណូលបានប្រហែល១០,០០០រៀលក្នុងមួយថ្ងៃ ដែលខ្ញុំប្រើសម្រាប់ចំណាយទៅលើថ្នាំព្យាបាលជម្ងឺ” ។
អ្នកយកអេតចាយមកលក់ មិនមែនសុទ្ធតែជាអ្នកក្រីក្រក្នុងសង្គមទេ ។ មានមន្ត្រីរដ្ឋសភាម្នាក់យកសំបកកេសក្រដាស់ មួយបាវមកលក់ ហើយគាត់បានប្រាក់តិចជាងមួយដុល្លារពីសំបកកេសទាំងនោះ។
កាលពីគំនរសំរាមមានទីតាំងនៅស្ទឹងមានជ័យ ប្រជាជននៅទីនោះ បាននាំគ្នាប្រកបមុខរបររើសអេតចាយនៅលើគំនរសំរាមនោះ។ តែបន្ទាប់ពីគំនរសំរាមស្ទឹងមានជ័យត្រូវបានគេបោះបង់ចោល នៅឆ្នាំ២០០៩ ហើយទៅតាំងកន្លែងថ្មីនៅ “ជើងឯក” ដែលមានចម្ងាយប្រហែល៧គីឡូម៉ែត្រ ពីទីតាំងចាស់ ក្រុមគ្រួសារដែលប្រកបមុខរបររើសអេតចាយ ត្រូវប្តូរទីតាំងធ្វើការដែរ។
អ៊ំស្រី សុខ រ៉ាន អាយុ៣៧ឆ្នាំ ប្រាប់ឲ្យដឹងថា ៖ “ខ្ញុំដើរគ្រប់ទីកន្លែងជុំវិញក្រុងភ្នំពេញ។ ខ្ញុំដើរដោយគ្មានទិសដៅច្បាស់លាស់ និយាយទៅ គឺដើរក្រែងរើសបានរបស់ដែលខ្ញុំចង់បាន ។ ខ្ញុំចេញទៅរើសអេតចាយពីម៉ោង៥ព្រឹក រហូតម៉ោង៥ល្ងាច ទើបចូលផ្ទះវិញ” ។
អ្នកខ្លះចង់ធ្វើការងារបែបនេះ ជាងការងាររោងចក្រ ព្រោះថា វាមានសេរីភាពជាង ។ ថន គន្ធី អាយុ២៧ឆ្នាំ បានបង្ហើបថា នាងចង់ធ្វើការដែលមិនសូវក្បាច់ក្បូរច្រើន ជាងការងាររោងចក្រ ដែលផ្តល់ប្រាក់ចំណូលតិចជាង១៥០ដុល្លារក្នុងមួយខែ។
នាងបានបន្តថា ៖ “សម្រាប់ខ្ញុំ ការរើសអេតចាយបានផ្តល់សេរីភាពច្រើនជាង ការងាររោងចក្រ។ នៅរោងចក្រ ប្រសិនបើខ្ញុំចង់សម្រាក ខ្ញុំត្រូវដាក់ពាក្យសុំច្បាប់។ ពេលខ្លះគេព្រមឲ្យច្បាប់ តែពេលខ្លះគេមិនព្រមទេ ។ និយាយរួមទៅ គឺវាតឹងរឹងណាស់” ។
ស្របពេលជាមួយនឹងការរើសអេតចាយមានភាពលំបាកឡើងៗ ដោយសារការផ្លាស់ទីតាំងចោលសម្រាម គ្រួសារមួយចំនួនមិនបានប្តូរទីតាំងទៅជើងឯកឡើយ។ ពួកគេត្រូវបានអង្គការក្រៅរដ្ឋាភិបាលមកជួយផ្តល់នូវ សេវាកម្ម ការអប់រំ និងឳកាស។
អ៊ំស្រី សុខ រ៉ាន ប្រាប់ថា គាត់កាលពីមុនយកលុយរកបាន ទៅចំណាយលើការរៀនសូត្ររបស់កូនៗ។ តែឥលូវនេះ គាត់មានអង្គការជួយហើយ ។ អ៊ំស្រីបន្តថា ៖ “ខ្ញុំមិនបានចូលសាលាទេ។ ដូច្នេះហើយខ្ញុំមិនចង់ឲ្យកូនខ្ញុំដូចខ្ញុំទេ” ។
អង្គការមូលនិធិកុមារកម្ពុជា (CCF) គឺជាអង្គការមួយក្នុងចំណោមអង្គការដទៃទៀត ដែលបានកំពុងតែជួយទ្រទ្រង់ដល់គ្រួសារនៅក្នុងតំបន់ទាំងនោះ តាមរយៈការអប់រំ និង ជម្រុញមិនឲ្យប្រើប្រាស់ម៉ា(គ្រឿងញៀន) ។
ស្ថាបនិកអង្គការ CCF លោក Scott Neeson បានមានប្រសាសន៍ថា ៖ “ការប្រើប្រាស់ម៉ាមានការកើនឡើងក្នុងរយៈពេលពីរឆ្នាំមកនេះ ព្រោះថា ក្មេងដែលប្រើប្រាស់ម៉ា អាចរកលុយបានច្រើន ជាងក្មេងដែលមិនបានប្រើប្រាស់ ដោយហេតុថា ពួកវាអាចដើររើសអេតចាយពេញ១២ទៅ១៥ម៉ោង ដោយមិនដេក” ។
លោកបានបន្តថា ៖ “ពួកយើងប្រាថ្នាធ្វើឲ្យសហគមន៍យើង មានភាពប្រសើរជាងមុន មានសុវត្ថិភាពល្អជាមុន និងប្រជាជនមានសុខភាពល្អជាងមុន ដែលទាំងនេះរាប់បញ្ចូលទាំងអ្នករើសអេតចាយផងដែរ។ វាមិនមែនសំដៅតែទៅលើពួកអ្នករើសអេតចាយតែមួយមុខទេ ពោលគឺ យើងទាំងអស់គ្នា” ។
ជាចុងក្រោយ លោកបានមានប្រសាសន៍ថា ៖ “ការដើររើសអេតចាយមានការលំបាកណាស់ ហើយស្ទឹងមានជ័យ ក៏មិនមែនជាឋានសួគ៌ដែរ។ ជីវិតពួកគេនៅទីនេះ មានភាពប្រសើរជាងមុន ក្នុងពេលប៉ុន្មានឆ្នាំមកនេះ។ ពួកយើងគឺប្រកាន់ខ្ជាប់នឹងគំនិតសុទិដ្ឋិនិយម” ៕
ប្រភពពី : ChannelNewsAsia
ចែករំលែកព័តមាននេះ