មួយឆ្នាំហើយ ក្រោយការប្លន់រថយន្តកាំមីញ៉ុងពាសដែកមួយ ដែលដឹកមាស១០ដុំធំនៅពុំទាន់តាមរកឃើញពួកចោរប្លន់នៅឡើយ ។ ភ្នាក់ងារ FBI ទើបប្រកាសនាថ្ងៃទី២ មីនា ពីការចាប់ខ្លួនបុរសម្នាក់សង្ស័យជាប់ទាក់ទិននឹងការប្លន់ដុំមាសនេះ ដែលមានតម្លៃដល់ទៅ៤,៩លានដុល្លារ ។
បុរសអាយុ៤៦ឆ្នាំនេះសង្ស័យជាប់ទាក់ទិននឹងការប្លន់មាសកាលពីខែមីនា ឆ្នាំ២០១៥ ។ ពួកចោរនាពេលនោះបានបង្ខំឱ្យពួកកងឆ្មាំការពាររថយន្តកាំមីញ៉ុងឱ្យរថយន្តឈប់តាមផ្លូវថ្នល់មួយនៅរដ្ឋការ៉ូលីនខាងជើង មុនពេលប្លន់យកដុំមាសដែលមានទម្ងន់សរុប១២៥គីឡូក្រាម ។
ក្នុងសេចក្តីប្រកាសមួយ FBI គូសបញ្ជាក់ថា បុរសនេះឈ្មោះ ADALBERTO PEREZ បានត្រូវចាប់ខ្លួនដោយគ្មានឧប្បត្តិហេតុអ្វីកើតឡើងកាលពីថ្ងៃទី២ មីនា នៅ OPA-LOCKA រដ្ឋផ្លរីដា ភាគអាគ្នេយ៍ សហរដ្ឋអាេមរិក ។ ក៏ប៉ុន្តែ FBI ពុំបានបញ្ជាក់ពីតួនាទីរបស់ជននេះក្នុងការប្លន់មាសឡើយ ។
FBI ប្រកាសផ្តល់រង្វាន់២៥.០០០ដុល្លារ សម្រាប់ព័ត៌មានដែលអាចនាំទៅដល់ការចាប់ខ្លួនពួកអ្នកទទួលខុសត្រូវក្នុងការប្លន់មាសនេះ រួចការស៊ើបអង្កេតនៅបន្តទោះជារំលង១ឆ្នាំមកហើយក្តី ៕
ចែករំលែកព័តមាននេះ