ទុក្ខជាន់លើទុក្ខ ! អុជធូបបែរបន់ឲ្យចៅឆាប់ជា កម្ទេចធូបធ្លាក់ឆេះផ្ទះអស់
ខេត្តព្រៃវែង ៖ ផ្ទះក្បឿង១ខ្នង និងទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនទៀតមានតម្លៃសរុបជិត១០០លានត្រូវបានព្រះអគ្គីលេបត្របាក់រហូតក្លាយទៅជាផេះផង់…
ខេត្តព្រៃវែង ៖ ផ្ទះក្បឿង១ខ្នង និងទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនទៀតមានតម្លៃសរុបជិត១០០លានត្រូវបានព្រះអគ្គីលេបត្របាក់រហូតក្លាយទៅជាផេះផង់…
ខេត្តព្រៃវែង ៖ ផ្ទះក្បឿង១ខ្នង និងទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនទៀតមានតម្លៃសរុបជិត១០០លានត្រូវបានព្រះអគ្គីលេបត្របាក់រហូតក្លាយទៅជាផេះផង់កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ ។ ហេតុការណ៍អគ្គីភ័យនេះកើតឡើងនៅភូមិអ្នកតាជ័យ ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលម្ចាស់ផ្ទះមានឈ្មោះ ស៊ាន សេង អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ាម ចាន់ថូ អាយុ៤២ឆ្នាំ ។
លោក ប៊ិន ជីវន្ត័ អភិបាលស្រុកកញ្ជ្រៀច បានឲ្យដឹងថា អគ្គីភ័យនេះឆាបឆេះឡើងដោយសារតែស្ត្រីជាម្ចាស់ផ្ទះបានអុជធូបបែរបន់បារមីស័ក្តិសិទ្ធិសុំជួយចៅគាត់ដែលមានជំងឺឲ្យឆាប់ជាសះស្បើយឡើងវិញ ប៉ុន្តែពេលដែលអុជធូបរួចហើយក៏បានចុះមកក្រោមផ្ទះ ពេលនោះប្រហែលជាកម្ទេចធូបបានធ្លាក់មកត្រូវមុងដែលចងនៅពីក្រោម បណ្តាលឲ្យឆាបឆេះកើតទៅជាអគ្គីភ័យតែម្តង ។
សមត្ថកិច្ចនគរបាលស្រុកកញ្ជ្រៀចបានឲ្យដឹងថា ពេលដែលដឹងថាមានអគ្គីភ័យកើតឡើងភ្លាម ម្ចាស់ផ្ទះបានស្រែកហៅអ្នកស្រុកឲ្យមកជួយពន្លត់ ហើយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក៏បានចេញទៅជួយពន្លត់ជិត៣០នាក់ដែរ ប៉ុន្តែពន្លត់មិនឈ្នះឡើង ព្រោះភ្លើងឆាបឆេះលឿនពេក គឺត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ផ្ទះទាំងមូលត្រូវព្រះអគ្គីលេបត្របាក់អស់ទាំងស្រុងដោយមិនអាចចូលទៅយកទ្រព្យសម្បត្តិអ្វីចេញបាននោះទេ ។
សមត្ថកិច្ចបន្តទៀតថា ម្ចាស់ផ្ទះបានអះអាងថា ទ្រព្យសម្បត្តិទាំងអស់ដែលត្រូវភ្លើងឆេះនេះសរុបជាទឹកប្រាក់ប្រហែលជិត១០០លានរៀលឯណោះ ។
ក្រោយកើតមានហេតុការណ៍គ្រោះអគ្គីភ័យនេះ លោក ប៊ិន ជីវន្ត័ អភិបាលស្រុកក៏បាននាំយកជំនួយសង្គ្រោះបន្ទាន់ ជាថវិកាមួយចំនួនទៅជូនក្រុមគ្រួសារម្ចាស់ផ្ទះរងគ្រោះផងដែរ ហើយទន្ទឹមនឹងនោះលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពេលដាំបាយធ្វើម្ហូប ពេលអុជធូបទាន សូមនៅមើល ឬពន្លត់ឲ្យអស់មុននឹងចាកចេញពីផ្ទះ ព្រោះខែនេះជារដូវក្តៅខ្លាំង ដែលងាយនឹងឆាបឆេះកើតទៅជាអគ្គីភ័យខ្លាំងណាស់ ៕
ចែករំលែកព័តមាននេះ