ប្រទេសវៀតណាម ៖ ការនាំចេញផលិតផលជលផលត្រូវបានគេព្យាករថា ស្មើនឹងចំនួន៤,២ប៊ីលានដុល្លារក្នុងអំឡុងពេល២ខែដំបូង កើនឡើង៥,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមទិន្នន័យស្ថិតិក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ។
ការនាំចេញផលិតផលកសិកម្មសរុបរបស់វៀតណាមមានទឹកប្រាក់១,៩ប៊ីលានដុល្លារ កើនឡើង៤,២% បើធៀបនឹងឆ្នាំមុន ។ ក្នុងនោះការនាំចេញគ្រឿងសមុទ្រ មានទឹកប្រាក់៩៣៨លានដុល្លារ ខណៈការនាំចេញផលិតផលព្រៃឈើមានអត្រា៨,២% ។
សម្រាប់នៅខែកុម្ភៈទាំងមូល វៀតណាមរកចំណូលបាន១,៨៨ប៊ីលានដុល្លារពីការនាំចេញផលិតផលជលផលព្រៃឈើ ។ លើសពីនេះទៀត ការនាំចេញស្រូវអង្ករទៅក្រៅប្រទេសមានចំនួន៥២៣.០០០តោន និងទទួលបានចំណូល២២៨លានដុល្លារអាមេរិក ។
ជាមួយគ្នានេះ ឥណ្ឌូណេស៊ី គឺជាប្រទេសដែលនាំចូលអង្ករធំជាងគេ ស្មើនឹងអត្រា២៥,២% នៃចំណែកទីផ្សារសរុប ។ រីឯចិនជាប់ចំណាត់ថ្នាក់លេខ២ មានអត្រា១២,៥១%។ នេះដោយសារតែការកាត់បន្ថយកម្រិតនាំចូល៣,១៦% និងតម្លៃនាំចូល៧,៥៦% ។ ចំណែកទីផ្សារនាំចូលធំបន្ទាប់ទៀតរួមមាន ហ្វ៊ីលីពីន ម៉ាឡេស៊ី និងតៃវ៉ាន់ ខណៈអត្រាប្រើប្រាស់ស្រូវអង្ករមានការធ្លាក់ចុះយ៉ាងខ្លាំងនៅឈូងសមុទ្រកូតឌីវ័រ ហុងកុង និងអាមេរិក ។
កាហ្វេចំនួន១២៥.០០០តោនត្រូវបាននាំចេញទៅក្រៅប្រទេសនៅក្នុងខែកុម្ភៈ ដែលទទួលបានចំណូលសរុប២១០លានដុល្លារ ។ ចំណែកការនាំចេញកាហ្វេក្នុងរយៈពេល២ខែចុងក្រោយមានចំនួន២៩៥.០០០តោន ស្មើនឹង៥០៥លានដុល្លារ ពោលគឺកើនឡើង២៦,៧% និងតម្លៃកើនឡើង២,៩% ។
ចំពោះប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកវិញ នៅតែជាប្រទេសនាំចូលកាហ្វេធំជាងគេបំផុតពីវៀតណាម ដែលស្មើនឹងអត្រា១៨,៦៨% និង១៣,០៧% នៃចំណែកទីផ្សារសរុប ។
ទន្ទឹមនឹងនេះ នៅខែកុម្ភៈ វៀតណាមបានលក់កៅស៊ូទៅឲ្យបរទេសចំនួន៣៥.០០០តោន គិតជាទឹកប្រាក់ចំនួន៣៨លានដុល្លារ ។ ទោះជាយ៉ាងណា ការនាំចេញកៅស៊ូក្នុងរយៈពេល២ខែដំបូងបានធ្លាក់ចុះ៣,៧% និងមានអត្រា២៤,៦%នៃតម្លៃ ក្នុងចំនួន១២៨.០០០តោន គិតជាទឹកប្រាក់១៤៣លានដុល្លារ សម្រាប់ការនាំចេញទៅប្រទេសចិន ឥណ្ឌា ម៉ាឡេស៊ី ដែលប្រើប្រាស់ជ័រកៅស៊ូវៀតណាម ។
ក្នុងនោះដែរ វៀតណាមបានចំណាយប្រាក់ចំនួន១,១៥ប៊ីលានដុល្លារនៃការនាំចូលផលិតផលកសិកម្មជលផល ។ ការនាំចូលសរុបក្នុងរយៈពេល២ខែដំបូង ស្មើនឹង៣,០៨ប៊ីលានដុល្លារ ពោលគឺស្មើនឹង៨% ពីមួយឆ្នាំទៅមួយឆ្នាំ ៕
ចែករំលែកព័តមាននេះ