ខេត្តបាត់ដំបង ៖ សមត្ថកិច្ចឱ្យដឹងថា មនុស្សប្រុស-ស្រីយ៉ាងតិច២៥នាក់បានរងរបួសធ្ងន់-ស្រាល បន្ទាប់ពីក្រឡាប់គោយន្តកន្ត្រៃ កាលពីរសៀលថ្ងៃទី០២ មីនា ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៥៩ ត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ប្រភពដដែលថា ជនរងគ្រោះទាំងនោះ បានជិះគោយន្តជុំគ្នា មកពីចូលរួមបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តគិរីរម្យសន្តិភាព ហៅវត្តអូរចោទ ស្ថិតក្នុងភូមិទូលខ្ពស់ ឃុំភ្នំព្រឹក ក្នុងបំណងត្រឡប់ទៅផ្ទះវិញ នៅភូមិក្ដុលតាហែន ឃុំក្តុល ស្រុកបវេល ។លុះធ្វើដំណើរដល់ចំណុច ក៏ជួបគ្រោះថ្នាក់តែម្ដង ។
បើតាមមន្ត្រីមូលដ្ឋាននិយាយថា នៅចំណុចគ្រោះថ្នាក់នោះ ជាផ្លូវចំណោតចុះពីភ្នំ ហើយទំនងអ្នកបើកគោយន្តនោះ មានការធ្វេសប្រហែស ដោយដោះលេខគោយន្តអស់ ពេលចុះចំណោត ខណៈគោយន្តកំពុងលឿន ក៏ជ្រុលធ្លាក់ចូលប្រព័ន្ធលូបង្ហូរទឹកបណ្ដាលឱ្យអ្នកដំណើរទាំង២៥នាក់ ដែលជិះលើគោយន្តធ្លាក់រប៉ាត់រប៉ាយពេញលើថ្នល់ រហូតមានរបួសធ្ងន់-ស្រាលតែម្ដង ។ ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីពេទ្យភ្លាមដែរ ។
ចែករំលែកព័តមាននេះ