ខេត្តឧត្តរមានជ័យ ៖ កាលពីម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី០២ មីនា ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈរថយន្តស៊ីម៉ាក់បែកកង់ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យមន្ត្រីស៊ីម៉ាក់ម្នាក់ស្លាប់ និងអ្នករបួសធ្ងន់-ស្រាល១៥នាក់ ក្នុងនោះស្ត្រីម្នាក់បានដាច់ដៃខាងឆ្វេង ដែលហេតុការណ៍នេះ កើតឡើងក្នុងភូមិអូររំដួល ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
បើតាមសាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តប្រភេទកូរ៉េ ពណ៌.ស ពាក់ស្លាក់លេខរដ្ឋ បើកបរតាមបណ្តោយផ្លូវជាតិ P.R174 ពីទិសខាងលិច ឆ្ពោះទៅកើត ដោយមានមនុស្សជិះជាច្រើននាក់ ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តនេះ ធ្លាក់ពីលើផ្លូវទៅខាងស្តាំដៃក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យស្លាប់ម្នាក់ និងមនុស្ស១៥នាក់ទៀត រងរបួសធ្ងន់-ស្រាល។
សមត្ថកិច្ចប៉ូលិសម្នាក់ឱ្យដឹងថា នៅពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ភ្លាមៗ បានទូរស័ព្ទហៅរថយន្តពេទ្យមកដឹកជនរងគ្រោះ ដែលរបួសយកទៅធ្វើការសង្ក្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ។ ចំណែកអ្នករបួសធ្ងន់បញ្ជូនបន្តទៅធ្វើការសង្គ្រោះ នៅមន្ទីរពេទ្យខេត្តសៀមរាប ហើយគេមិនបានស្គាល់ពីអត្តសញ្ញាណពីជនរងគ្រោះនៅឡើយទេ ។
ចែករំលែកព័តមាននេះ