ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខនេះ ក្រសួង​ការងារ ប្រកាស​ឲ្យ​មន្ត្រីរាជការ បុគ្គលិក​កម្មករនិយោជិត ឈប់សម្រាក ៣​ថ្ងៃ តាម​ប្រតិទិន​ឈប់សម្រាក​ការងារ​ប្រចាំឆ្នាំ​។ អំឡុងពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ…

ភ្នំពេញ​៖ អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខនេះ ក្រសួង​ការងារ ប្រកាស​ឲ្យ​មន្ត្រីរាជការ បុគ្គលិក​កម្មករនិយោជិត ឈប់សម្រាក ៣​ថ្ងៃ តាម​ប្រតិទិន​ឈប់សម្រាក​ការងារ​ប្រចាំឆ្នាំ​។ អំឡុងពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ថ្ងៃទី​៥-៦-៧ ខែតុលា សប្តាហ៍​ក្រោយនេះ បើទោះបីជា​រាជរដ្ឋាភិបាល សម្រេច​ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ក៏ដោយ ក៏​នៅតែមាន​អ្នកធ្វើដំណើរ​ទៅ​ជួបជុំ​ញា​ត្តិ​មិត្ត និងក្រុមគ្រួសារ នៅ​ស្រុកកំណើត ឬក៏​ទៅលេង​កម្សាន្ត​តាម​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍ធម្មជាតិ​នានា​។​

​ដូច្នេះហើយ បានជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ណែនាំ​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំងអស់ ត្រូវធ្វើ​តេស្ដ​រហ័ស រក​មេរោគ​កូ​វីដ​-១៩ ដល់​កម្មករនិយោជិត នៅតាម​រោងចក្រ សហគ្រាស នៅ​ទូទាំងប្រទេស​កម្ពុជា ក្រោយពេល​ឈប់សម្រាក ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។ ការធ្វើ​តេស្ត​នេះ ដើម្បី​រក្សាបាន​នូវ​សកម្មភាព​អា​ជីវក​ម្ម ផលិតកម្ម និង​ការផ្តល់​សេវាកម្ម ក៏ដូចជា ចូលរួមចំណែក​ប្រយុទ្ធ និង​ទប់ស្កាត់​ការរីក​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូ​វីដ​-១៩ បណ្តាលមកពី​មេរោគ​បំប្លែង​ថ្មី ប្រភេទ​ដែល​តា (Delta)​។

​ក្នុង​សេចក្ដីណែនាំ ចេញផ្សាយ​​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ណែនាំ​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ​ត្រៀម​ឧបករណ៍​ធ្វើតេស្ត​រហ័ស រក​មេរោគ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់​ចំនួន សម្រាប់ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ ដល់​កម្មករនិយោជិត​របស់ខ្លួន ក្រោយពេល​ឈប់សម្រាក ក្នុង​ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ​២០២១​។ ការធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​-១៩ នេះ គឺជា​បន្ទុក​របស់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​។​

​ក្រសួង​ការងារ ក៏បាន​ណែនាំ​ដល់​កម្មករនិយោជិត​ទាំងអស់ ត្រូវ​ចូលរួម​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​-១៩ តាម​ការរៀបចំ​របស់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​។ ចំពោះ​កម្មករនិយោជិត​ណា ដែល​មិន​ព្រម​ចូលធ្វើ​តេស្ត នឹងត្រូវ​ចាត់ទុកថា បាន​ល្មើស​ធ្ងន់​ចំពោះ​វិធាន​ខាង​វិន័យ​សន្តិសុខ និង​អនាម័យ ដូច​មានចែង​ក្នុង​មាត្រា​៨៣ នៃ​ច្បាប់​ស្តីពី​ការងារ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ដែល​បើក​សិទ្ធិ​ឱ្យ​និយោជក អាច​បញ្ឈប់​កម្មករនិយោជិត​ពី​ការងារ​បាន​។​

​ទន្ទឹមនឹងនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ណែនាំ​ដល់​កម្មករនិយោជិត ដែល​បាន​ឈប់សម្រាក ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» ជាពិសេស​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់​នឹង​សាប៊ូ ឬ​អាល់កុល ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ក្នុងពេល​ធ្វើដំណើរ ដោយ​រថយន្ត​រួម និង​ត្រូវ​យកតាម​ខ្លួន​នូវ​ទឹក​អាល់កុល ឬ​អាល់កុល​-​ជែ​ល​លាងដៃ​។​

​នៅពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ នៅ​សប្តាហ៍​ក្រោយ នឹងមាន​អ្នក​ទៅលេង​ស្រុក​ច្រើន ពិសេស​កម្មករ​កាត់ដេ​រ ហើយ​អ្នកខ្លះ​អាច​ចេញដំណើរ​ពី​ភ្នំពេញ ទៅ​ស្រុក តាំងពី​ល្ងាច ឬ​យប់​ថ្ងៃ​សុក្រ ឬក៏​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​។ ឡាន​ដឹក​កម្មករ​កាត់ដេរ ទៅ​ស្រុក​ទាំងនោះ កន្លងមក ដាក់​មនុស្ស​ណែន និង​ហៀរៗ​ពេញឡាន ដែល​ប្រឈម​នឹង​ឆ្លង​កូ​វីដ​១៩ ដោយសារតែ​មិនអាច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​បានឡើយ​។ សូម្បីតែ​ឡាន​ដឹក​កម្មករ​កាត់ដេរ រាល់ថ្ងៃ ក៏​ដាក់​ណែនៗ ឡើង​ប្រជ្រៀត​គ្នា​ដដែល បើទោះបីជា​កម្មករ​ទាំង​អស់ បាន​ពាក់​ម៉ាស​គ្រប់គ្នា​ក៏ដោយ​។​

​ម្យ៉ាងទៀត បុណ្យ​ភ្ជុំបិណ្ឌ​នៅ​សប្តាហ៍​ក្រោយនេះ អំឡុងពេល​ឈប់សម្រាក​ការងារ ៣​ថ្ងៃ ចំ​ថ្ងៃ​អង្គារ ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ អាច​នឹងមាន​ការលៃលក​ឈប់សម្រាក​ពី​ការងារ ប្រហែលជា​ដាច់ ១​អាទិត្យ​តែម្តង ដោយ​ឈប់​សង ឬកាត់​កង​ថ្ងៃ​ផ្សេង​​ក៏មាន​។ ការឈប់​សម្រាក​យូរថ្ងៃ ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មិនមែន​តែ​កម្មករ​កាត់ដេរ​នោះទេ មន្ត្រី​រាជការ និង​បុគ្គលិក​ក្រុមហ៊ុន​ខ្លះ ក៏​អាច​នឹង​សា​រ៉េ​ដូចគ្នា ដើម្បី​បាន​ឈប់សម្រាក​យូរថ្ងៃ​។ ក្នុងនោះ ក៏មាន​ការធ្វើដំណើរ​ចេញពីផ្ទះ​ច្រើន ទោះបីជា​ផ្អាក​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នៅតាម​វត្ត​ក៏ដោយ​។​

​កំណើន​អ្នកធ្វើដំណើរ​ច្រើន ពិសេស​អ្នក​នៅ​ភ្នំពេញ កម្មករ​កាត់ដេរ និង​បុគ្គលិក​ក្រុមហ៊ុន ឬ​សិស្ស​និស្សិត រួមទាំង​អ្នក​មក​ធ្វើការ រកស៊ី រៀនសូត្រ ត្រូវធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត ជួបជុំ​ជីដូនជីតា ឪពុកម្តាយ បងប្អូន​ ញា​ត្តិ​មិត្ត​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ តាម​ប្រពៃណី ទំនៀមទម្លាប់ ដូច​ពេល​កន្លងមកនេះ ជា​ក្តីបារម្ភ ពី​ការ​ផ្ទុះឡើង​នូវ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ជំងឺ​កូ​វីដ​១៩ ដែល​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ នៅតែមាន​ចំនួន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់ រហូតដល់​ជាង ៨០០​នាក់ ទៅជិត ៩០០​នាក់ ក្នុង ១​ថ្ងៃៗ និង​ស្លាប់​ជា​មធ្យម​ជាង ១០​នាក់ ទៅ​ជាង ២០​នាក់ រៀងរាល់ថ្ងៃ​។​

​នៅ​ប៉ុន្មាន​ថ្ងៃនេះ កូ​វីដ​ក៏​ផ្ទុះ​ឆ្លង​ខ្លាំង នៅតាម​បណ្តា​ខេត្ត​ជាច្រើន ដូចជា នៅ​សៀមរាប ព្រះវិហារ បន្ទាយមានជ័យ ខេត្ត​ប៉ៃលិន ព្រៃវែង និង​ខេត្តស្វាយរៀង ជាដើម​។ ផ្សារ​ជាច្រើន ក៏បាន​បិទ​ដោយសារតែ​ឆ្លង​កូ​វីដ ខណៈដែល​នៅ​សៀមរាប និង​ខេត្តព្រះវិហារ ក៏បាន​បិទ​ខ្ទប់​ភូមិ​ឃុំ​សង្កាត់ រួមទាំង​បិទ​ផ្សារ​ជាច្រើន ដោយសារតែ​ឆ្លង​កូ​វីដ​។ នៅ​ភ្នំពេញ ក៏​មិនទាន់​ស្ងប់ស្ងាត់​ដែរ កូ​វីដ​បន្ត​ឆ្លង ហើយ​ក៏មាន​ប្រភេទ ដែល​តា ឆ្លង​ចូល​ផ្សារ និង​ផ្ទុះ​ឆ្លង​ចូល​វត្ត​មួយចំនួន​ថែមទៀត​។​

​ដូច្នេះ​នៅពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​សប្តាហ៍​ក្រោយនេះ ម្នាក់ៗ​គួរតែ​បន្ត​ស្នាក់​នៅផ្ទះ​។ តែបើ​ថា ត្រូវ​ទៅ​ស្រុកកំណើត ក៏ត្រូវ​ប្រយ័ត្នប្រយែង​។ ពេលទៅដល់​ផ្ទះ​នៅ​ស្រុកភូមិ​ហើយ កុំ​ចេញ​ទៅណា បិទទ្វារ​របង ជួបជុំ​ត្រឹមតែ​ក្រុមគ្រួសារ​មួយៗ ដោយ​រក្សា​ជាប់​ជានិច្ច​នូវ​វិធានការ​សុខាភិបាល ការពារ​កុំ​ឲ្យ​ឆ្លង​កូ​វីដ «៣​កុំ និង​៣​ការពារ​» ដោយ​ពាក់​ម៉ាស​គ្រប់គ្នា លាង​សម្អាត​ដៃ​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច ១​ម៉ែត្រ​កន្លះ​ពី​ម្នាក់ ទៅ​ម្នាក់ និង​កុំ​ប៉ះពាល់​គ្នា​។ នេះ​មិនមែនជា​ការរើសអើង​ទេ​។ តែ​កូ​វីដ មិន​ស្គាល់​ជីដូន​ជីតា ឪពុកម្តាយ​កូនចៅ ញា​ត្តិ​មិត្ត ឬ​អ្នកជិតខាង​ឡើយ​។ ឲ្យ​តែ​ប្រហែស គឺ​ឆ្លង​ហើយ​។ ក្នុងនោះ ក៏​មិនដឹងថា កូនចៅ​ទៅលេង​ស្រុក ជា​អ្នកយក​កូ​វីដ​ទៅ​ផ្ញើ​​ជីដូន​ជីតា ឪពុកម្តាយ និង​សាច់​ញា​ត្តិ​នៅ​ស្រុក ឬក៏​កូនចៅ​ទៅលេង​ស្រុក​នោះ ទៅយក​កូ​វីដ​ពីស្រុក ក៏​មើលមិនឃើញ និង​មិនដឹង​ទាំងអស់គ្នា​។​

​មួយវិញទៀត អំឡុងពេល​ឈប់សម្រាក​នេះ បើ​មិន​ដេក​ផ្ទះ​ទេ ឬក៏​ចង់ទៅ​ដើរលេង ក៏​គួរតែ​រក​ទីកន្លែង ដែលមាន​សុវត្ថិភាព ហើយ​ជ្រើស​រើសយក​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន របៀប​ក្រុមគ្រួសារ និង​ស្នាក់នៅ ក៏ត្រូវ​ដាច់ដោយឡែក​ពី​គេឯង គឺ​នៅតែ​ក្រុមគ្រួសារ​មួយៗ ជៀសវាង​ការជួបជុំ​មនុស្ស​ច្រើន ដែលជា​ហានិភ័យ​នៃ​ការឆ្លង​កូ​វីដ​។

​ជា​សរុបមក ក្នុង​កាលៈទេសៈ​នេះ ម្នាក់ៗ ត្រូវតែ​រក្សាខ្លួន កុំ​ឲ្យ​ឆ្លង​កូ​វីដ​។ យើង​មិន​ខ្វះ​ពេល​ទៅលេង​ស្រុក ទៅ​ជួបជុំ​ជីដូន​ជីតា ឪពុកម្តាយ បងប្អូន ញា​ត្តិ​មិត្ត​ទេ​។ ការដើរ​លេង ក៏​ដូចគ្នា​។ ទាំង​ការ​ទៅលេង​ស្រុកកំណើត និង​ទាំង​ការដើរ​លេង ក្នុងពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ឬក៏​ពេលណា​ណាក៏ដោយ គឺ​ដើម្បី​ជួបជុំក្រុមគ្រួសារ និង​​ញា​ត្តិ​មិត្ត ធ្វើ​បុណ្យទាន និង​ដើម្បី​សប្បាយ​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​សប្បាយ​ក្លាយជា​ទុក្ខ មានតែ​ការពារ ប្រុងប្រយ័ត្ន ហើយ​បើ​អាច​អត់ធ្មត់​បាន ក៏​គួរតែ​រង់ចាំ​ដល់​ឆ្នាំក្រោយ ពេល​ស្ងប់​កូ​វីដ ក៏​មិនយឺត​ពេល​នឹង​ជួបជុំគ្នា នៅ​ស្រុកកំណើត ឬក៏​ដើរលេង​នោះឡើយ​៕​