ខេត្តបន្ទាយមានជ័យ ៖ កម្លាំងប៉ូលិសអាំងទែប៉ូល សហការជាមួយក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលមូលដ្ឋានក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ បានឆ្មក់ចូលឆែកឆេរនៅក្នុងកាស៊ីណូហ្គោដិនក្រោន ដែលមានកម្ពស់៧ជាន់ កាលពីព្រឹកថ្ងៃទី២ មីនា ដែលមានទីតាំងស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ក្នុងប្រតិបត្តិការឡោមព័ទ្ធ និងឆ្មក់ចូលឆែកឆេរក្នុងកាស៊ីណូនេះ ត្រូវបានសមត្ថកិច្ចចម្រុះកម្ពុជា និងចិន ឃាត់ខ្លួនជនសង្ស័យ ជនជាតិចិនដែលជាមុខសញ្ញាចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើរណេតជាច្រើននាក់ជាបន្តបន្ទាប់ ដោយធ្វើការឆែកឆេរ៣ទីតាំងនៅក្នុងប្លុកអគារកាស៊ីណូនោះ ដើម្បីស្វែងរកចាប់ខ្លួនជនជាតិចិនដែលរត់ចូលបន្ទប់ស្គែនខ្ចៅដៃដើម្បីលាក់ខ្លួន ។
ការឡោមព័ទ្ធកាស៊ីណូឆែកឆេររកចាប់ខ្លួនជនជាតិចិនពីបទជំរិតទារប្រាក់តាមប្រព័ន្ធអីុនធើរណេតនេះត្រូវបានធ្វើឡើងជាលើកទី១ នៅក្រុងប៉ោយប៉ែត ទើបបង្កឱ្យមានការភ្ញាក់ផ្អើលជាទូទៅ ។
លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថាពាក់ព័ន្ធការឡោមព័ទ្ធចូលឆែកឆេរក្នុងកាស៊ីណូនេះ គឺកម្លាំងមូលដ្ឋានមិនចូលរួមឆែកឆេរនៅខាងក្នុងកាស៊ីណូនោះទេ តែបានដឹងព័ត៌មានខ្លះៗថា កម្លាំងនគរបាលចិនសហការជាមួយកម្លាំងនគរបាលជំនាញក្រសួងមហាផ្ទៃ បានចុះឡោមព័ន្ធកាស៊ីណូដើម្បីឆែកឆេររកជនជាតិចិនដែលបានចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើរណេត ។
លោកបានបញ្ជាក់ថា កម្លាំងមូលដ្ឋានត្រូវនៅក្រៅកាស៊ីណូមិនខុសគ្នានឹងក្រុមអ្នកកាសែតនោះទេ ។ លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ស្រដៀងគ្នាថា ការបង្ក្រាបករណីនេះមិនដឹងថាយ៉ាងណានោះទេ ព្រោះកម្លាំងនគរបាលក្រុង គឺនៅរក្សាសណ្ដាប់ធ្នាប់ខាងក្រៅ មិនអនុញ្ញាតឱ្យចូលឆែកឆេរខាងក្នុងកាស៊ីណូឡើយ តែបានដឹងខ្លះថា ការចូលឆែកឆេរនៅក្នុងកាស៊ីណូហ្គោដិនក្រោននោះ គឺធ្វើការពិនិត្យនៅបន្ទប់លេខ៣៣៣ ។ ខណៈពេលកម្លាំងចម្រុះកំពុងចូលឆែកឆេរនោះ មានជនជាតិចិនម្នាក់បានលោតពីលើអគារបាក់ជើងផងដែរ ។
ទោះជាយ៉ាងក៏ដោយ ប្រភពបានទម្លាយឱ្យដឹងខ្លះៗនៅល្ងាចថ្ងៃដដែលថា មានជនជាតិចិន១១៨នាក់ ត្រូវបានសមត្ថកិច្ចចម្រុះខ្មែរនិងចិនប្រមូលឲ្យអង្គុយនៅនឹងកន្លែង ហើយធ្វើការត្រួតពិនិត្យដោយស្គែនមេដៃដែលសង្ស័យរកមុខសញ្ញាសំខាន់ៗដែលពាក់ព័ន្ធត្រូវចាប់តាមដីកាពីប្រទេសចិន ។
ប្រភពថា មកទល់នឹងម៉ោងជិត៥ល្ងាចថ្ងៃដដែល មនុស្ស៨៥នាក់ត្រូវបានគេចាប់ចងដៃនឹងខ្សែសុវត្ថិភាព ហើយការពិនិត្យស្គែនមេដៃនេះ អ្នកមិនពាក់ព័ន្ធក៏ត្រូវបានគេដោះលែង ។
ជនសង្ស័យត្រូវគេដឹកចេញតាមរថយន្តតូចម្តង៣ទៅ៥នាក់មិនដឹងថា យកទៅណានោះទេ ។ ករណីបង្ក្រាបខាងលើ សមត្ថកិច្ចមិនផ្តល់បទសម្ភាសន៍ ឬអនុញ្ញាតឲ្យយកព័ត៌មានទេ ដោយនិយាយថា កំពុងធ្វើការ ។ ប្រភពបន្តថា ករណីខាងលើ គឺជាការបង្ក្រាបក្រុមចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើរណេត ឬអនឡាញ ហើយថា នឹងមានដីកាចាប់ខ្លួនមួយចំនួនធំពីប្រទេសចិនទៀតផង។ ពាក់ព័ន្ធបញ្ហាខាងលើ កោះសន្តិភាពមិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីសមត្ថកិច្ចណាម្នាក់ឡើយ ហើយអ្នកយកព័ត៌មាន ឲ្យទូរទស្សន៍ វិទ្យុ និងកាសែតជាច្រើននាក់បាននិងកំពុងតាមដានយកព័ត៌មានខាងលើយ៉ាងយកចិត្តទុកដាក់ផងដែរ ៕
សូមរំលឹកថា សមត្ថកិច្ចចម្រុះកំពុងឡោមព័ទ្ធកាស៊ីណូនៅក្រុងប៉ោយប៉ែត
ចែករំលែកព័តមាននេះ