ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រោម​ការដឹកនាំ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែមាន​បញ្ហា​រង្គោះរង្គើ​ផ្ទៃក្នុង បើទោះបីជា​សម្តេចក្រុមព្រះ មាន​ជំងឺ ត្រូវ​សម្រាក​ព្យាបាល​នៅ​ប្រទេស​បារាំង…

ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រោម​ការដឹកនាំ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែមាន​បញ្ហា​រង្គោះរង្គើ​ផ្ទៃក្នុង បើទោះបីជា​សម្តេចក្រុមព្រះ មាន​ជំងឺ ត្រូវ​សម្រាក​ព្យាបាល​នៅ​ប្រទេស​បារាំង ហើយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាត់បង់​ប្រជាប្រិយភាព បែកបាក់​ ដែល​សព្វថ្ងៃ ស្ទើរសល់​តែ​ឈ្មោះ​ទៅហើយ​ក៏ដោយ​។​

​គណបក្ស ហ៊្វុនស៊ិនប៉ិច បង្កើត​ចេញពី​ចលនា​តស៊ូ​ដឹកនាំ​ដោយ​សម្តេចព្រះ នរោត្តម សីហនុ​។ ចលនា​ហ៊្វុនស៊ិនប៉ិច បង្កើតឡើង នៅ​ឆ្នាំ​១៩៨១ ដើម្បី​តស៊ូ នៅ​ជាយដែន ប្រឆាំងនឹង​វត្តមាន​កងទ័ព​វៀតណាម នៅ​កម្ពុជា​។ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ គឺ​ចលនា​ហ៊្វុនស៊ិនប៉ិច ត្រូវបាន​ប្រែក្លាយជា​គណ​បក្ស ដោយមាន​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះរាជបុត្រ​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ជា​ប្រធាន ដើម្បី​ចូលរួម​ការបោះឆ្នោត ​រៀបចំ​ដោយ​អ៊ុនតាក់ នៅ​ឆ្នាំ​១៩៩៣​។

​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួលបាន​អាសនៈ​រដ្ឋសភា​ច្រើនជាងគេ ចំនួន ៥៨​អាសនៈ ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បានតែ ៥១​អាសនៈ​ប៉ុណ្ណោះ នៅក្នុង​ការបោះឆ្នោត ឆ្នាំ​១៩៩៣ ដែលរដ្ឋសភា មាន ១២២​អាសនៈ​។ ក្រោយមក​បន្តិច គណបក្ស​ហ៊្វុនស៊ិនប៉ិច ជួប​ជម្លោះផ្ទៃក្នុង ហើយ​មាន​សមាជិក​ចាកចេញ​ជា​លើកដំបូង ដឹកនាំ​ដោយ​លោក សម រង្ស៊ី ទៅ​បង្កើត​គណបក្ស​ថ្មី នៅ​ឆ្នាំ​១៩៩៥​។

២​ឆ្នាំក្រោយ ហ៊្វុនស៊ិនប៉ិច ក៏​ស្គាល់​ការបែកបាក់​ខ្លាំង​ជាង​មុន ក្រោយ​ព្រឹត្តិការណ៍​វាយប្រហារ​រវាង​កងទ័ព​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅឆ្នាំ១៩៩៧​។ បន្ទាប់ពី​ការបែកបាក់​ផ្ទៃក្នុង​ទាំងនោះ នៅក្នុង​ការបោះឆ្នោត ឆ្នាំ​១៩៩៨ ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​អាសនៈ​រដ្ឋសភា តែ ៤៣​អាសនៈ ក្នុង​ចំណោម ១២៣​​អាសនៈ​​។ នៅ​ឆ្នាំ​២០០៣ ហ៊្វុនស៊ិនប៉ិច ក៏​បន្ត​ធ្លាក់​ប្រជាប្រិយភាព ដោយ​ទទួលបាន​អាសនៈ​រដ្ឋសភា ត្រឹមតែ ២៦​អាសនៈ​ប៉ុណ្ណោះ​។​

​ការបែកបាក់​ផ្ទៃក្នុង ក៏មាន​ជា​ហូរហែ ក្នុង​ជួរ​ថ្នាក់ដឹកនាំ​កំពូល​ហ៊្វុនស៊ិនប៉ិច ហើយ​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០០៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏ត្រូវ​បាន​ក្រុម​លោក ញឹក ប៊ុនឆៃ ទម្លាក់​ពី​តំណែង​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បាន​ដឹកនាំ​អ្នកមាន​ភក្តីភាព​នឹង​ព្រះអង្គ ចេញពី​ហ៊្វុនស៊ិនប៉ិច ទៅ​បង្កើត​គណបក្ស​ថ្មី ដាក់​ព្រះនាម​ព្រះអង្គ ដើម្បី​ចូលរួម​ការបោះឆ្នោត ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០០៧ និង​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០០៨​។ ប៉ុន្តែ​ទាំង​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​ក្រុម​លោក​ញឹក​ប៊ុនឆៃ ដែលមាន​លោក កែវ ពុទ្ធរស្មី ជា​ប្រធាន ហើយ​ក្រោយមក ក៏មាន​សម្តេចព្រះអនុជ នរោត្តម អរុណរស្មី ជា​ប្រធាន គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួល​បានតែ ២​អាសនៈ នៅ​រដ្ឋសភា និង​គណបក្ស​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏​ទទួលបាន ២​អាសនៈ​ដែរ​។​

​ក្នុងការ​បោះឆ្នោតជាតិ នៅ​ឆ្នាំ​២០០៨ គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ទទួលបាន​ជ័យជម្នះ​យ៉ាងច្រើន​លើសលប់ រហូតដល់ ៩០​អាសនៈ គណបក្ស​សមរង្ស៊ី ២៦​អាសនៈ បាន​ក្លាយជា​គណបក្ស​លំដាប់​ទី​២ និង​ជា​គណបក្សប្រឆាំង​ធំជាងគេ ហើយ​សូម្បីតែ​គណបក្ស​សិទ្ធិមនុស្ស របស់លោក ​កឹម​សុខា ដែល​ចាក​ចេញពី​ហ៊្វុនស៊ិនប៉ិច កាលពី​ឆ្នាំ​២០០២ ក៏​ទទួលបាន​អាសនៈ​រដ្ឋសភា ៣​អាសនៈ ដែល​ច្រើនជាង​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ ដែរ​។​

​ការបែកបាក់​ហ៊្វុនស៊ិនប៉ិច​ចុងក្រោយ​នោះ ក៏​ធ្វើ​ឲ្យ​គណបក្ស​នេះ មិន​ទទួលបាន​អាសនៈ​ឡើយ ក្នុងការ​បោះឆ្នោត ឆ្នាំ​២០១៣​។ ក្រោយ​ការបោះឆ្នោត ឆ្នាំ​២០១៣ បន្តិច ក៏​ក្រុម​លោក ញឹក ប៊ុនឆៃ សុខចិត្ត​ប្រគល់​ហ៊្វុនស៊ិនប៉ិច ថ្វាយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន​ឡើងវិញ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥​។​

​យ៉ាងណាក៏ដោយ ហ៊្វុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាថ្មី​នោះ ក៏​មិនបាន​រំងាប់​ជម្លោះផ្ទៃក្នុង និង​បក្ខពួកនិយម បានឡើយ​។ នៅ​ប៉ុន្មាន​ខែក្រោយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចូល​ដឹកនាំ​ហ៊្វុនស៊ិនប៉ិច​ឡើងវិញ លោក ញឹក ប៊ុនឆៃ បាន​ដឹកនាំ​អ្នក​ជិតស្និទ្ធ​នឹង​លោក ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចេញទៅ​បង្កើត​គណបក្ស​ថ្មី​មួយទៀត ឈ្មោះថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហើយ​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៨ ប្រជែង​នឹង​ហ៊្វុនស៊ិនប៉ិច​។​

​ក្នុង​ជម្លោះផ្ទៃក្នុង និង​បក្ខពួកនិយម ដែល​នាំ​ដល់​ការបែកបាក់​ជា​បន្តបន្ទាប់​នេះ នាំ​ឲ្យ​ហ៊្វុនស៊ិនប៉ិច បាត់បង់​សំឡេងឆ្នោត ហើយ​ទីស្នាក់ការ​គណបក្ស ក៏ត្រូវ​លក់​ខ្ទេចខ្ទី ចាប់តាំងពី​ទីស្នាក់ការ​កណ្តាល​ចាស់ នៅជាប់​ស្ថានទូត​បារាំង ដែល​លក់​ក្នុង​ឆ្នាំ​២០០៥ និង​ទីស្នាក់ការ​ជាច្រើន​កន្លែង​ផ្សេងទៀត​។​

​ហ៊្វុនស៊ិនប៉ិច ក៏​នៅ​ជួប​បញ្ហា​បក្ខពួកនិយម និង​ការមិនចុះសម្រុង​គ្នា ក្រោយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍ រងរបួស​ធ្ងន់ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​បណ្តាល​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព​។ ភ្លាមៗ សម្តេចក្រុមព្រះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​ប្រទេស​ថៃ​។ ព្រះ​សុខភាព​ព្រះអង្គ ទ្រុឌទ្រោម និង​ត្រូវ​គង់​លើ​រទេះរុញ នៅពេល​យាង​ចេញពី​ប្រទេស​ថៃ មក​គង់​ក្នុងស្រុក​មួយរយៈ ហើយ​ស្ងាត់ៗ ព្រះអង្គ ក៏បាន​យាង​ចេញពី​កម្ពុជា ទៅ​ព្យាបាល​ព្រះរោគ នៅ​ប្រទេស​បារាំង ចាប់តាំងពី​ចុងឆ្នាំ​២០១៩ រហូតដល់​ខែកញ្ញា ឆ្នាំ​២០២១ នេះ​។

​ចាប់តាំងពី​សម្តេចក្រុមព្រះ ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ព្រះសីហនុ​នោះមក ការងារ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវបាន​ប្រគល់​ឲ្យ​ព្រះ​បុត្រា​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ​។ រី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បាន​វិល​ត្រលប់​ទៅ​រួមរស់​ជាមួយ​ព្រះ​ជាយា​របស់​ព្រះអង្គ​វិញ គឺ​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី​។​

​នៅពេលនេះ ហ៊្វុនស៊ិនប៉ិច ក៏​នៅតែ​ឈ្លោះ​គ្នាឯង​ទៀត រវាង​ក្រុម​អ្នកដឹកនាំ​ក្នុងស្រុក និង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ រួមទាំង​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី ករណី​ប្រើ​ត្រា​គណបក្ស​។ ជម្លោះ​នោះ រហូតដល់​មាន​លិខិត​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​កំពុង​គង់​ព្យាបាល​ព្រះរោគ នៅ​ប្រទេស​បារាំង ចេញ​លិខិត ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ សម្រេច​បញ្ចប់​សមាជិក​ភាព​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច សហជីវិន ៣​រូប គឺ​លោក ហេង ចាន់ថា លោក សាយ ហាក់ និង​លោក ផាន់ សិទ្ធី​។

​ក៏ប៉ុន្តែ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ លោក ចាប ញ៉ាលីវុធ ប្រធានស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែលជា​ព្រះអនុជ ឪពុក​ទីទៃ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចេញ​លិខិត​បដិសេធ​នូវ​សេចក្តីសម្រេច បញ្ចប់​សមាជិកភាព​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច លើ​ថ្នាក់ដឹកនាំ​ទាំង ៣​រូប​ខាងលើ​។ លោក ចាប ញ៉ាលីវុធ ចាត់ទុកថា សេចក្តីសម្រេច​នោះ ធ្វើឡើង​ដោយ​អត្តនោម័ត ប្រើ​ត្រា​ព្រះ​ហ​ស្ថ​លេខា​សម្តេចក្រុមព្រះ និង​ត្រា​គណបក្ស ដោយ​គ្មាន​ការឯកភាព​ពី​សម្តេចក្រុមព្រះ ព្រះប្រធាន​គណបក្ស ហើយ​សេចក្តីសម្រេច​នេះ ជាការ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​លក្ខន្តិកៈ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។​

​ដូច្នេះ​មកដល់ពេលនេះ​ទៅហើយ ហ៊្វុនស៊ិនប៉ិច នៅតែ​មិនទាន់​រក​ការឯកភាព​ផ្ទៃក្នុង ខណៈដែល​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបង្ហាញ​ព្រះភ័ក្ត្រ កាលពី​ព្រលប់​ថ្ងៃ​សុក្រ ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ ពី​ប្រទេស​បារាំង ក្នុង​កិច្ចប្រជុំ សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ការបង្ហាញ​ព្រះភ័ក្ត្រ​របស់​សម្តេចក្រុមព្រះ ជាមួយ​ព្រះ​ជាយា នរោត្តម ម៉ា​រី និង​ព្រះ​បុត្រា នរោត្តម ច​ក្រា​វុ​ឌ្ឍ នៅ​ប្រទេស​បារាំង ធ្វើឡើង ខណៈ​ផ្ទៃក្នុង​ហ៊្វុនស៊ិនប៉ិច កំពុងមាន​បញ្ហា​រង្គោះរ​ង្គើ​ជាថ្មីទៀត ដោយ​ថ្នាក់ដឹកនាំ​ម្ខាង នៅក្នុង​ស្រុក ចង់​រួបរួម​ជាមួយ​គណបក្ស​លោក​ញឹក​ប៊ុនឆៃ​។ តែ​ខាង​ក្រុមគ្រួសារ​សម្តេចក្រុមព្រះ ឲ្យ​រង់ចាំ​ព្រះអង្គ វិលត្រឡប់​មកពី​បារាំង​វិញ​សិន​។​

​យ៉ាងណាក៏ដោយ គេ​អះអាងថា ពេលនេះ ព្រះ​សុខភាព​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ប្រសើរ​ឡើងវិញ ហើយ​គ្រោង​នឹង​យាង​ចេញពី​ប្រទេស​បារាំង មក​កម្ពុជា​វិញ ឲ្យ​បាន​មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់ នា​ខែមិថុនា ឆ្នាំ​២០២២​។ ពេលនេះ ថ្នាក់ដឹកនាំ​ហ៊្វុនស៊ិនប៉ិច​ក្នុងស្រុក និង​ក្រុមគ្រួសារ​សម្តេចក្រុមព្រះ មិនទាន់​រក​ការស្រុះស្រួល​ជា​ធ្លុង​មួយ​នៅឡើយ ខណៈ​ព្រះភ័ក្ត្រ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុង​ព្រះជន្ម ៧៧​ព្រះវស្សា ហាក់​ទ្រុឌទ្រោម​ខ្លាំង​។​

​ឆ្លងតាម​ព្រឹត្តិការណ៍​នានា ដែល​ហ្វ៊ុនស៊ិនប៉ិច ឆ្លងកាត់ ចាប់តាំងពី​ការបោះឆ្នោត ឆ្នាំ​១៩៩៣ ជា​គណបក្ស​ឈ្នះឆ្នោត ទទួលបាន​អាសនៈ​ច្រើនជាងគេ មកជា​គណបក្ស ដែលមាន​ការបែកបាក់​ផ្ទៃក្នុង ដោយសារតែ​បក្ខពួកនិយម ហើយ​មិន​ទទួល​អាសនៈ​នៅ​រដ្ឋសភា ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ​២០១៣ និងឆ្នាំ២០១៨​ ហ៊្វុន​ស៊ិន​ប៉ិច គួរតែ​សម្របសម្រួល រំលត់​ការខ្វែងគំនិត​គ្នា នៅ​ផ្ទៃក្នុង និង​ខិតខំ​ស្តារ​ឈ្មោះ​ឡើងវិញ​។ ចំណែក​ថ្នាក់ដឹកនាំ​ចាស់ៗ ក៏​គួរតែ​ចូល​និវត្ត ហើយ​ទុក​ឲ្យ​ក្មេងៗ បន្តវេន ជ្រោង​ទង់​ហ៊្វុនស៊ិនប៉ិច វិញ​ម្តង​៕​