ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ថៃ​ក្នុង​ខែមករា បន្ដ​ធ្លាក់​ចុះ​រហូត​ដល់​8,9​ភាគរយ

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ការ​នាំ​ចេញ​របស់​ថៃ​នៅ​ខែមករា នៅ​តែ​បន្ត​ធ្លាក់​ចុះ​រហូត​ដល់​៨,៩% គិត​ជា​ទឹកប្រាក់​ចំនួន​១៥,៧១​ប៊ី​លាន​ដុល្លារ​នៃ​ការ​នាំ​ចេញ​សកល ។ ការ​ធ្លាក់​ចុះ​នេះ ជា​ការ​ធ្លាក់​ចុះ​នៃ​ខែ​ទី​១៣​ជាប់​ៗ​គ្នា និង​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​អាក្រក់

ប្រទេស​ថៃ ៖ ការ​នាំ​ចេញ​របស់​ថៃ​នៅ​ខែមករា នៅ​តែ​បន្ត​ធ្លាក់​ចុះ​រហូត​ដល់​៨,៩% គិត​ជា​ទឹកប្រាក់​ចំនួន​១៥,៧១​ប៊ី​លាន​ដុល្លារ​នៃ​ការ​នាំ​ចេញ​សកល ។ ការ​ធ្លាក់​ចុះ​នេះ ជា​ការ​ធ្លាក់​ចុះ​នៃ​ខែ​ទី​១៣​ជាប់​ៗ​គ្នា និង​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​អាក្រក់​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១១​មក ពោល​គឺ​នៅ​ពេល​ដែល​មាន​គ្រោះ​ទឹកជំនន់​បណ្តាល​ឱ្យ​លិច​រោងចក្រ​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស និង​ត្រូវ​ផ្អាក​ដំណើរការ​អស់​រយៈពេល​ជាង​១​ខែ ។

លោក SomkiatTriratpan អគ្គនាយក​ទូទៅ​នៃ​ការិយាល័យ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម  បាន​មាន​ប្រសាសន៍​ថា ៖ « ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​របស់​ថៃ កាលពី​ខែ​មុន​នៅ​តែ​ប្រឈម​នឹង​សម្ពាធ ជា​ពិសេស សម្ពាធ​នៃ​ប្រេង​ឆៅ និង​ផលិតផល​កសិកម្ម​ធ្លាក់​ថ្លៃ​តែ​ម្តង » ។

កាលពី​ឆ្នាំ​មុន ការ​នាំ​ចេញ​បាន​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​មិន​ទាន់​រើប​ឡើង​វិញ​ផង ស្រាប់តែ​ប្រេង​ឆៅ និង​ផលិតផល​កសិកម្ម​បាន​ធ្លាក់​ថ្លៃ ហើយ​រូបិយប័ណ្ណ​ក៏​ធ្លាក់​ថ្លៃ​ទៅ​តាម​នោះ​ដែរ ។

« វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​សេដ្ឋកិច្ច​សកល​មាន​ភាព​រង្គោះរង្គើ​ជាង​ការ​រំពឹង​ទុក ហើយ​វា​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ថៃ​ទាំងមូល​ផង​ដែរ » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក CharnonBoonnuch សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​មូល​ប​ត្រ Tisco ។

បើ​តាម​លោក Tim Leelahaphan សេដ្ឋវិទូ​មួយ​រូប​មក​ពី​ធនាគារ Maybank ដែល​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៣ មីនា ឆ្នាំ​មុន​ថា ៖ « ការ​នាំ​ចេញ​អាច​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​៤​ឆ្នាំ​នេះ ហើយ​ធនាគារជាតិ​ចាំបាច់​ត្រូវ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ។ ទោះជា​យ៉ាងណា តម្រូវការ​ក្នុងស្រុក​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដូច្នេះ ថៃ​មិន​ចាំបាច់​ចាត់វិធានការ​បន្ទាន់​ឡើយ » ។

ការ​នាំ​ចេញ​នៃ​ផលិតផល​កសិកម្ម​បាន​ធ្លាក់​ចុះ​៤,១% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បន្ទាប់​ពី​តម្លៃ​ប្រេង​សកល​បាន​ធ្លាក់​ចុះ ។ ជាមួយ​គ្នា​នេះ ផលិតផល​កៅស៊ូ​បាន​ធ្លាក់​ចុះ​២៥,៧% និង​អាហារ​ក្លា​សេ​ធ្លាក់​ចុះ​១៩,២% ។ ចំណែក​ការ​នាំ​ចេញ​ត្រី​ធូ​ណា​វិញ​បាន​ធ្លាក់​ចុះ​១៥,១% ខណៈ​មាន់​ក្លា​សេ​កើនឡើង​២,៣% ។ រីឯ​ការ​នាំ​ចេញ​អង្ករ​បាន​ធ្លាក់​ចុះ​៣០% និង​ស្ករ​បាន​ធ្លាក់​ចុះ​រហូត​ដល់​៦៨,៥% ។

ក្នុង​នោះ​ដែរ ការ​នាំ​ចេញ​ផលិតផល​ឧស្សាហកម្ម​បាន​ធ្លាក់​ចុះ​៨,៥% ខណៈ​ប្រេង​ចម្រាញ់​រួច​ធ្លាក់​ចុះ​២៥,២% ។ មិនតែប៉ុណ្ណោះ ការ​នាំ​ចេញ​មាស​ក៏​បាន​ធ្លាក់​ចុះ​ដែរ ពោល​គឺ​ធ្លាក់​ដល់​៥១,២% ។ ទោះជា​យ៉ាងណា ការ​នាំ​ចេញ​រថយន្ត និង​គ្រឿងបន្លាស់​បាន​កើនឡើង​៤,១% ។

ឧបនាយករដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក SuvitMaesincee បាន​មាន​ប្រសាសន៍​ថា ៖ « វិស័យ​នាំ​ចេញ​របស់​ថៃ​នឹង​បន្ត​ធ្លាក់​ចុះ ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​ចុះ​ខ្សោយ​។ ពួក​យើង​កំពុង​តែ​រក​វិធី​ដោះស្រាយ​ដើម្បី​ឲ្យ​ការ​នាំ​ចេញ​នៅ​ឆ្នាំ​នេះ​មាន​អត្រា​៥% ។ ថៃ​នឹង​ផ្តោត​លើ​ការ​រក្សា​ចំណែក​ទីផ្សារ​ក្នុង​ការ​នាំ​ចេញ​ឲ្យ​បាន​ល្អ​ប្រសើរ » ។
គួរ​បញ្ជាក់​ថា ការ​នាំ​ចេញ​របស់​ថៃ​ទៅ​កាន់​ទីផ្សារ​ធំ​ៗ​រួម​មាន ១០,១%​ទៅ​កាន់​ជប៉ុន​, ៨,៥%​ទៅ​កាន់​សហរដ្ឋអាមេរិក​, ៦,១%​ទៅ​កាន់​ចិន និង​២,៤%​ទៅ​កាន់​សហគមន៍​អឺរ៉ុប ។ ចំណែក​ការ​នាំ​ចូល​វិញ​បាន​ធ្លាក់​ចុះ​១២,៤% គិត​ជា​ទឹកប្រាក់​ចំនួន​១៥,៤៧​ប៊ី​លាន​ដុល្លារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​ថៃ​មាន​ផល​លើស​ក្នុង​រយៈពេល​៩​ខែ​ជាប់​ៗ​គ្នា គិត​ជា​ទឹកប្រាក់​ស្មើនឹង​២៣៨​លាន​ដុល្លារ ៕