រាជធានីភ្នំពេញ ៖ បុរសជនជាតិស្បែកខ្មៅម្នាក់ស្រវឹងស្រាបើករថយន្តលឿនពេករេចង្កូតឡើងទៅលើចិញ្ចើមផ្លូវបុកម៉ូតូសង់កូរ៉េ ដែលចតចាំដឹកម៉ូយអូសជាប់ក្រោមរថយន្តជ្រុលទៅបុកផើងផ្កាបែកអស់៥ សំណាងល្អមិនបណ្តាលឲ្យមនុស្សរងរបួសទេ កាលពីវេលាម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី១ មីនា ស្ថិតនៅផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់អ្នករត់ម៉ូតូឌុបដែលតែងតែចតម៉ូតូរបស់គាត់ម៉ាកសង់កូរ៉េ ពណ៌ក្រហម នៅលើចិញ្ចើមផ្លូវចាំដឹកម៉ូយ ចំណែកបុរសជាម្ចាស់ម៉ូតូមិនបានអង្គុយលើម៉ូតូទេ ស្រាប់តែមានបុរសជនជាតិស្បែកខ្មៅម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ធ្វើដំណើរតាមផ្លួវលេខ២៧១ ពីកើតទៅលិច ក្នុងល្បឿនលឿន និងស្រវឹងរេចង្កូតទៅខាងស្តាំបុកម៉ូតូអូសជាប់ក្រោមរថយន្តជិត១០ម៉ែត្រជ្រុលទៅបុកផើងផ្កាដែលគេដាក់នៅមុខផ្ទះបែកអស់៥ផើង សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្រោយពេលកើតហេតុ ភាគីទាំងពីរបានចរចាគ្នា ដោយខាងរថយន្តសងទៅខាងម៉ូតូចំនួន៣៥០ដុល្លារ និងសងថ្លៃផើងផ្កា២០ដុល្លារដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ