ខេត្តព្រៃវែង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ ដែលធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត ដោយរថយន្តបើកកៀរម៉ូតូដួល រួចកិនស្ត្រីដែលជិះពីក្រោយចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង៨និង១១នាទីព្រឹកថ្ងៃទី២៩ កុម្ភៈ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើ ម្នាក់ជាបងស្រី ឈ្មោះ យ៉ែន សាវង់ អាយុ២៣ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតជាប្អូនប្រុសឈ្មោះ យ៉ែន សារ៉ូ អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ទាំង២នាក់មានទីលំនៅភូមិភ្លោះ ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ មុនពេលកើតហេតុ ប្អូនប្រុសជិះម៉ូតូម៉ាកសង់កូរ៉េ មួយគ្រឿង ឌុបបងស្រីចេញពីភ្នំពេញទៅហូបការប្អូនជីដូនមួយនៅឯស្រុកកំណើតនៅឯខេត្តស្វាយរៀង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកស៊ីម៉ងត៍ មួយគ្រឿង បើកបរក្នុងល្បឿនលឿនកៀរម៉ូតូឱ្យដួលខ្ទាតបងស្រីទៅលើទ្រូងផ្លូវត្រូវកង់រថយន្តបង្កខាងក្រោយកិនចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗ ចំណែកប្អូនប្រុសខ្ទាតទៅលើចិញ្ចើមផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ ហើយរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេច ត្រូវសមត្ថកិច្ចឃាត់បានតែរថយន្ត ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សពស្ត្រីជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសត្រូវរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សឹង ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ