ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការ​ ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូ ​

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ៖ នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីជូនដំណឹង ព្រមាន​ចាត់វិធានការ​រដ្ឋបាល និង​ច្បាប់…

​ខេត្តព្រះសីហនុ៖ នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីជូនដំណឹង ព្រមាន​ចាត់វិធានការ​រដ្ឋបាល និង​ច្បាប់ ចំពោះ​ម្ចាស់​អគារ សណ្ឋាគារ និង​កាស៊ីណូ ដែល​ប្រើប្រាស់​ហត្ថ​ពលករ​ដោយ​បង្ខំ​។

​ក្នុង​លិខិត លើកឡើងថា ក្នុង​រយៈពេល​កន្លងមក រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​សង្កេតឃើញថា ការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង ការអនុវត្ត​កិច្ចសន្យាការងារ​រវាង​និយោជក និង​បុគ្គលិក កម្មករ និយោជិត​មួយចំនួន នៅ​មិនទាន់​ស្របតាម​នីតិវិធី​ច្បាប់​នៅឡើយ ដែលជា​ហេតុ​បណ្តាល​ឲ្យ​កើតមាន​វិវាទ​ការងារ ហើយ​រដ្ឋបាលខេត្ត ក៏បាន​ទទួល​ពាក្យបណ្តឹង និង​ដោះស្រាយ​វិវាទ​ការងារ​ជា​បន្តបន្ទាប់​ច្រើន​ករណី​មកហើយ​។​

​ដើម្បី​ដោះស្រាយ និង​កាត់បន្ថយ​វិវាទ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ជាពិសេស​ដើម្បី​ទប់ស្កាត់​ការបំពេញ​ការងារ​ដោយ​បង្ខំ ឬ​ជា​កាតព្វកិច្ច ដែល​អាច​ប្រឈម​នឹង​ការជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ក្រោមរូបភាព​រក​ការងារ​ឲ្យ​ធ្វើ ក្នុង​ទម្រង់​កេងប្រវ័ញ្ច​ពលកម្ម រដ្ឋបាលខេត្ត​ព្រះសីហនុ ដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់ តាមច្បាប់ ៥ ចំណុច រួមមាន​៖ ១-​ការងារ​ដោយ​បង្ខំ ឬ​ជា​កាតព្វកិច្ច ត្រូវ​ហាមឃាត់​ដាច់ខាត​។ ២-​ការជួល​មនុស្ស​ឲ្យ​ធ្វើ​ការងារ ដើម្បី​កាត់​ជំពាក់ ត្រូវ​ហាមឃាត់​។ ៣-​ការ​កាត់​ប្រាក់​ឈ្នួល ក្នុង​គោលបំណង​ឲ្យ​អ្នកទទួល​រក​ការ​ឲ្យ​ធ្វើ ទោះបី​ដោយ​ចំពោះ​ក្តី ឬ​មិន​ចំពោះ​ក្តី ឲ្យ​ទៅ​និយោជក អ្នកតំណាង​និយោជក ឬ​អន្តរការី​ណា​ម្នាក់ ដូចជា ភ្នាក់ងារ​ទទួល​ជ្រើសរើស​ហត្ថ​ពលករ​ជាដើម ត្រូវ​ហាមឃាត់​។ ៤-​ជន​ណា ដែល​នាំយក​ជន​ដទៃ ចេញ​ដោយ​មិន​ស្របច្បាប់ ក្នុង​គោលដៅ​ស្វែងរក​ប្រយោជន៍ ឈ្លានពាន​ខាង​ផ្លូវភេទ ផលិត​រូបភាព​អាសអាភាស រៀប​អាពាហ៍ពិពាហ៍​ផ្ទុយ​ពី​ឆន្ទៈ​របស់​ជនរងគ្រោះ ស្មុំ​កូន ឬ​ទម្រង់​ណាមួយ​នៃ​ការ​កែង​ប្រវ័ញ្ច​ផ្សេងទៀត នឹងត្រូវ​ផ្តន្ទាទោស​តាមច្បាប់​។ ៥-​បុគ្គល ដែល​ចាប់ ឬ​ឃុំឃាំង ឬ​ដែល​បង្ខាំង​បុគ្គល​ផ្សេងទៀត ដោយ​គ្មាន​បញ្ហា​ពី​អាជ្ញាធរ​ស្របច្បាប់ ឬ​ក្រៅពី​ករណី ដែល​ច្បាប់​អនុញ្ញាត ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​។​

​សេចក្តីជូនដំណឹង ក៏បាន​លើកឡើងថា សកម្មភាព​ដូច​បាន​រៀបរាប់​ខាងលើ គឺជា​អំពើ​ឧក្រិដ្ឋកម្ម ដែល​ត្រូវ​ផ្តន្ទាទោស និង​មាន​ស្ថាន​ទម្ងន់ទោស​ធ្ងន់ធ្ងរ ព្រោះ​ជា​អំពើ​ប៉ះពាល់​ដល់​មនុស្សជាតិ​។ ជាងនេះទៀត រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ​រដ្ឋបាល និង​ច្បាប់​ចំពោះ​ម្ចាស់​អាគារ សណ្ឋាគារ និង​កាស៊ីណូ ដែលមាន​ការពាក់ព័ន្ធ ទោះ​ក្នុង​រូបភាព​ដោយ​ប្រយោល ឬ​ដោយផ្ទាល់​ក្តី ទៅលើ​ការ​បង្ខាំង ការបង្ខំ​ឲ្យ​មនុស្ស​ធ្វើការ ការជួញដូរ​តាម​រូបភាព​ទទួល​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់​ឲ្យ​ធ្វើការ ដែលមាន​ការចាត់តាំង ជាដើម​…​។​ល​។

​សេចក្តីជូនដំណឹង បន្ថែមថា ក្នុងករណី​រកឃើញ​ម្ចាស់​អគារ សណ្ឋាគារ និង​កាស៊ីណូ ប្រព្រឹត្ត​បទល្មើស ដូច​មានចែង​ខាងលើ រដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​ចាត់វិធានការ​ផ្អាក​ទីតាំង​អាជីវកម្ម​ជា​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​បុគ្គល ដែលមាន​ការពាក់ព័ន្ធ​ស្របតាម​ច្បាប់​ជា​ធរមាន ព្រមទាំង​ស្នើសុំ​រាជរដ្ឋាភិបាល ដើម្បី​លុប​អាជ្ញាប័ណ្ណ​អាជីវកម្ម​ជា​ស្ថាពរ​។

សេចក្តីជូនដំណឹង​ខាងលើនេះ បានធ្វើឡើង ភ្លាមៗ ក្រោយពីមានការផ្សព្វផ្សាយនូវវិដេអូខ្លីប នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ ពី​បុរស​ខ្មែរម្នាក់ វ័យ ៣៣​ឆ្នាំ បានចេញ​វិ​ដេ​អូ​ខ្លី​ប ដោយ​អះអាងថា ខ្លួន​ត្រូវ​ថៅកែ​ចិន ខាង​អាជីវកម្ម​កាស៊ីណូ អន​ឡាញ បង្ខាំង​ទុក​លក់​បន្ត ក្នុងតម្លៃ ១០០០​ដុល្លារ​។ ប៉ុន្តែ​លក់​មិន​ដាច់ ក៏​ថៅកែ​ចិន​នោះ ឲ្យ​រូបគេ​បង់លុយ ៥០០​ដុល្លារ ដើម្បី​បាន​រួចខ្លួន​មកវិញ​។

​ក្នុង​ខ្លី​ប​វិ​ដេ​អូ បុរស​រូបនោះ អះអាងថា ដំបូង​ឡើយ ខ្លួន​បានដាក់​ពាក្យ​ធ្វើការ នៅកាស៊ី​ណូ អន​ឡាញ តាមរយៈ​បុគ្គលិក​ខ្មែរ ហើយក៏​ត្រូវ​ថៅកែ យល់ព្រម​ឲ្យ​ធ្វើការ ដោយ​សន្យាថា ឲ្យ​ប្រាក់ខែ​ពី ៧០០​ដុល្លារ ទៅ ៨០០​ដុល្លារ​។ តែ​នៅពេល​ចូលធ្វើការ បែរជា​ត្រូវ​ថៅកែ​ចិន ចាប់​បង្ខាំង​ខ្លួន ទុក​លក់​បន្ត​ឲ្យ​ថៅកែ​ចិន​ផ្សេងទៀត​។​

​យ៉ាងណាក៏ដោយ ករណីនេះ ត្រូវបាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ រកឃើញ​បុរស​ខ្មែរ​ម្នាក់​នោះ ដែល​អះអាងថា ត្រូវ​ថៅកែ​ចិន ចាប់​បង្ខាំង​ទុក​លក់ ហើយ​លក់​មិន​ដាច់ ទើប​ឲ្យ​រូបគេ រកលុយ​មក​លោះ ៥០០​ដុល្លារ ដើម្បី​បាន​រួចខ្លួន​។​

​ប៉ុន្តែ​ព័ត៌មាន​លម្អិត និង​គួរ​ឲ្យ​ជឿជាក់ មិនទាន់​ត្រូវបាន​បង្ហាញ​ទេ​។ រីឯ​ថៅកែ​ចិន និង​កន្លែង​កាស៊ីណូ អន​ឡាញ នៅ​ខេត្ត​ព្រះសីហនុ ដែលជា​កន្លែង​ឃុំឃាំង​បុរស​ខ្មែរ​ម្នាក់​នោះ ក៏​មិនត្រូវ​បានបង្ហាញ និង​ចាប់​ថៅកែ​ចិន​ខុសច្បាប់​នោះ នៅឡើយ​ទេ​៕