រាជធានីភ្នំពេញ ៖ អំណោយ ជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារមួយចំនួន ត្រូវបានរដ្ឋបាលខណ្ឌមានជ័យ, រដ្ឋបាលខណ្ឌដង្កោ, រដ្ឋបាលខណ្ឌព្រែកព្នៅ និងសប្បុរសជនជាច្រើនរូបទៀត បន្តនាំមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និង ជនភៀសសឹក ខណៈក្រុមទាហានថៃ នៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជា យ៉ាងគឃ្លើននោះ ។
ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌ខាងលើ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ធ្នូ ២០២៥នេះ ក្រោមវត្តមានលោក ហួត ហៃ លោក ឆាយ វីរៈ និងលោក ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ។
អំណោយដែលទទួលថ្ងៃនេះ រួមមាន ៖ រដ្ឋបាលខណ្ឌមានជ័យថវិកា ៥លានរៀល អង្ករ និងគ្រឿងឧបភោគ បរិភោគ រដ្ឋបាលខណ្ឌដង្កោថវិកា២លានរៀលអង្ករ និងគ្រឿងឧបភោគ បរិភោគ រដ្ឋបាលខណ្ឌព្រែកព្នៅ មានបន្លែ ជាមួយ និងកាលពីថ្ងៃម្សិលម៉ិញ មានថវិកា ៣០លានរៀល អង្ករ និងគ្រឿងឧបភោគ បរិភោគ។ ក្រៅពីនេះ ក៏មានសប្បុរសជនជាច្រើនរូបទៀត បន្តនាំយកអំណោយមកបរិចាកផងដែរ ។
លោក ហួត ហៃ លោក ឆាយ លោកឯក ឃុនដឿន បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលខណ្ឌ និងសប្បុរសជនទាំងអស់ ដែលបាននាំយកអំណោយទាំងនេះ ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋជាជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ ៕






ចែករំលែកព័តមាននេះ