ខេត្តត្បូងឃ្មុំ ៖ រថយន្ត១គ្រឿងម៉ាក RAV4ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AD-9937 បានជិះជាមួយនឹងស្រីស្នេហ៏ដោយជាប់រវល់តែសាសងគ្នាភ្លេចមើលមុខក៏ជ្រុលទៅបុកម៉ូតូម៉ាកសាន់យ៉ាន់១គ្រឿងពណ៌ខៀវពេញទំហឹងនៅលើផ្លូវជាតិលេខ៧២ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ។ ហេតុការណ៍ នេះកើតឡើងនៅវេលាម៉ោងប្រហែល៩និង៤៥នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិ ត្រពាំងព្រីងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ហើយជនបង្កបានបើករថយន្តគេចពីកន្លែងកើតហេតុ ចម្ងាយប្រហែល១០គីឡូម៉ែត្រក៏ទុកចោល រត់គេចខ្លួនបាត់ស្រមោល ។
ប្រភពពីនគរបាលចរាចរខេត្ត ត្បូងឃ្មុំបានប្រាប់កោះសន្តិភាពឲ្យដឹងថា អ្នកបើករថយន្តរួមនឹងស្រីស្នេហ៏ បានលេចឮថាចេញមកពី ស្រុកមេមត់ក្នុងបំណង មកចូលច្រៀងនៅ ហាងខារ៉ាអូខេមួយកន្លែងម្តុំផ្លូវបំបែករង្វង់មូលតាដំបង គ្រញូង កន្លែងដែលក្រុមគយប្រចាំការរង់ចាំ ចាប់ទំនិញគេចពន្ធដោយខុសច្បាប់ ។ ប្រភពដដែលបន្ត ឲ្យដឹងទៀតថា ពេលដែលមកដល់ត្រង់ ខារ៉ាអូខេនោះ ហាងមិនសូវស្អាតក៏បានដឹកស្រីស្នេហ៏បន្តទៅ មុខទៀត ដើម្បីច្រៀងនៅហាងដែលល្បី តែមិនទាន់នឹងដល់គោលដៅផងស្រាប់តែជិះទៅបុកម៉ូតូពី ខាងក្រោយពេញទំហឹងនៅលើផ្លូវជាតិ លេខ៧២ ក្នុងភូមិត្រពាំងព្រីងទី២ ជាហេតុបណ្តាលឲ្យអ្នក បើកម៉ូតូឈ្មោះ សាត ហាង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្នល់កែងឃុំត្រពាំងផ្លុង ស្រុក ពញាក្រែកស្លាប់ភា្លមៗ ហើយក៏បើករថយន្ត គេចទៅខាងច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុងជាប់ប្រទេស វៀតណាម ។
តែដោយឃើញនៅលើរថយន្ត មានស្នាមប្រឡាក់ឈាមនោះធ្វើឲ្យសមត្ថកិច្ចដែលប្រចាំ ការទីនោះ បានបើកដេញតាមរថយន្តបង្កហេតុ មកដល់ត្រង់ចំណុចម្តុំមណ្ឌលកែប្រែត្រពាំងផ្លុងទី៣ ។ បន្ទាប់មកនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ត្រពាំងផ្លុង បានចុះទៅដល់កន្លែងកើតហេតុ និងបាន រាយការណ៏មកជំនាញចរាចរ ស្រុកពញាក្រែក ឲ្យមកស្ទូចរថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងពេលដែលកើតហេតុដំបូងគេមិនដឹងពីម្ចាស់រថយន្ត នោះនៅទីណាឡើយ តែក្រោយមកដោយមាន ការស្រាវជ្រាវទើបដឹងថា រថយន្តនេះមានដឹកស្រី ស្នេហ៏មកច្រៀងខារ៉ាអូខេដើម្បីសប្បាយ។ តែមិន ទាន់នឹងបានច្រៀងផង ក៏ជួបនឹងឧប្បត្តិហេតុគ្រោះ ថ្នាក់ចរាចរបណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់បាត់បង់អាយុ ជីវិត គេគ្រាន់តែដឹងពីតម្រុយរបស់អ្នកបើកបរ រថយន្តខ្លះៗតែប៉ុណ្ណោះ ទោះជាយ៉ាងណាក្តីជនបង្ក ហេតុបានរត់គេចខ្លួនបាត់ទៅហើយ ៕
ចែករំលែកព័តមាននេះ