ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្លឹង​ឃើញ​ទីផ្សារ​ប​ញ្ជួ​ន​ពលករ​ខ្មែរ ផ្នែក​កសិកម្ម​នៅ​ប្រទេស​អូស្ត្រាលី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម អ៊ិ​ត សំ​ហេង បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​របស់ គម្រោង​ផ្តល់​ទិដ្ឋាការ ផ្នែក​កសិកម្ម…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម អ៊ិ​ត សំ​ហេង បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​របស់ គម្រោង​ផ្តល់​ទិដ្ឋាការ ផ្នែក​កសិកម្ម របស់​ប្រ​ទស​អូស្ត្រាលី ដែល​ជា​ឱកាស​អា​ចប​ញ្ជួ​ន​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​ផ្នែក​កសិកម្ម នៅ​អូស្ត្រាលី ។

នៅ​ក្នុង​ជំនួប​មួយ​រវាង ឯកឧត្តម អ៊ិ​ត សំ​ហេង និង​អគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ឯកឧត្តម Pablo Chiho Kang នា​ពេល​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​នោះ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ចំណាប់អារម្មណ៍​របស់​កម្ពុជា​លើ​គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។ នា​ឱកាស​នោះ ឯកឧត្តម​អគ្គរាជទូត បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ទិដ្ឋាការ​ផ្នែក​កសិកម្ម (Australian Agriculture Visa) សម្រាប់​ប្រទេស​ដៃគូ​របស់​អូស្ត្រាលី​។

ឯកឧត្តម​ទូត​បញ្ជាក់​ថា ទិដ្ឋាការ​ផ្នែក​កសិកម្ម​នេះ មាន​លក្ខណៈ​បើកចំហរ​ដល់​ប្រទេស​ជា​ដៃគូ​របស់​អូស្ត្រាលី ដោយ​ប្រទេស​អាស៊ាន​ត្រូវ​ចាត់ទុកជា​ប្រទេស​គោលដៅ​សំខាន់​។ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំ​ហេង បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ក្រៃ​លែង ដែល​ទទួល​បាន​ព័ត៌មាន ដែល​ថា​រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​នឹង​ផ្តល់​ទិដ្ឋាការ​ផ្នែក​កសិកម្ម ដល់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ក្នុង​នោះ ក៏​មាន​កម្ពុជា​ផង​ដែរ​។

សម្រាប់​គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី ដែល​កំពុង​ត្រូវការ​ពលករ​ទៅ​បម្រើ​ការងារ​ផ្នែក​ប្រមូល​ផល​កសិកម្ម ការ​នេសាទ​និង​ជលផល និង​ឧស្សាហកម្ម​ធនធាន​ដើម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​រំពឹង​ថា ពលករ​កម្ពុជា ពិតជា​អាច​បម្រើ​ការងារ​នេះ​បាន​យ៉ាង​ល្អ​ជូន​ដល់​និយោជក​របស់​អូស្ត្រាលី​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ឱ្យ​ឯកឧត្តម​អគ្គរាជទូត ពិចារណារ​ផ្តល់​ឱកាស​ជូន​ដល់​ពលករ​កម្ពុជា​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី​ឲ្យ​បាន​ចំនួន​ច្រើន ដូច​កម្ពុជា​បាន​បញ្ជូន​ទៅ​សាធារណរដ្ឋ​កូរ៉េ​ដែរ ហើយ​បើ​អាច​ក្រៅពី​ផែ្ន​ក​កសិកម្ម សូម​ភាគី​អូស្ត្រាលី​ពិចារណា​ក្នុង​ការ​បើកឱកាស​ជូន​ដល់​ពលករ​កម្ពុជា​ទៅ​ធ្វើការ​ផ្នែក​សំណង់ សេវាកម្ម និង​ឧស្សាហកម្ម​ផង​ដែរ ដើម្បី​ពួក​គាត់​ទទួល​បាន​នូវ​ប្រាក់​ចំណូល​ខ្ពស់ សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ក៏​ដូច​ជា​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​បន្ថែម​ទៀត​ពី​អូស្ត្រាលី​។ នា​ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ការងារ និង​ចែករំលែក​ព័ត៌មាន​ពី​នីតិវិធី យន្តការ និង​ប្រព័ន្ធ​គ្រប់គ្រង​ពលករ ទាំង​ក្នុង​យន្តការ​ជ្រើសរើស បញ្ជូន និង​គ្រប់គ្រង ដែល​អាច​ធានា​បាន​នូវ​ការ​បង្ក​ជា​ហានិភ័យ ឬ​ការ​បោក​បញ្ឆោត​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​ជួញដូរ​មនុស្ស ជាដើម​។

ភាគី​អូស្ត្រាលី បារម្ភ​ខ្លាចក្រែង​មាន​ជន​ឱកាសនិយម​យក​ព័ត៌មាន​នេះ​ទៅ​បំភ្លៃ​ការ​ពិត ហើយ​បោក​បញ្ឆោត​ពលករ​កម្ពុជា ក្នុង​ពេល​ដែល​អូស្ត្រាលី​មិន​ទាន់​អនុញ្ញាត​ជា​ផ្លូវការ​ឱ្យ​កម្ពុជា​បញ្ជូន​បាន​នៅឡើយ​។ ស្ថានទូត​ក៏​មានការ​ពេញចិត្ត​ណាស់​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ចេញ​សេចក្តីជូនដំណឹង​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​មានការ​បោកប្រាស់​ពលករ​កម្ពុជា​ដែល​ថា អូស្ត្រាលី​បាន​ផ្តល់​ទិ​ដ្ឋ​ការ​ការងារ​ទៅ​ធ្វើការ​ខាង​ផ្នែក​កសិកម្ម ដោយ​ភាគី​ទាំង​ពីរ​កំពុង​ស្ថិត​ក្នុង​ដំណាក់​ការ​ចរចា ដើម្បី​បើកឱកាស​ការងារ​នេះ​។ ខាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា នឹង​បន្តការងារ​ជាមួយ​អគ្គនាយកដ្ឋាន​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ស្នើ​សុំ​ទៅ​ទីក្រុង​កង់​បេ​រ៉ា ធ្វើការ​ពិនិត្យ​សម្រេច​។

ក្រោយ​បញ្ចប់​ជំនួប ឯកឧត្តម​រដ្ឋមន្ត្រី មិន​ភ្លេច​ថ្លែងអំណរគុណ​ជូន​ដល់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​តែងតែបាន​ជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​ជំនួយ​ជា​ហិរញ្ញវត្ថុ ទាំង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស រួម​និង​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ផង​ដែរ ជូន​ដល់​ពលរដ្ឋ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​រំពឹង​ថា ចំណងមិត្តភាព​រវាង​ប្រទេស​យើង​ទាំង​ពីរ កម្ពុជា​-​អូស្ត្រាលី នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​រឹង​មាំ​ជាមួយ​គ្នា​ទៅ​មុខ​ទៀត​ជា​និរន្ត​។ ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ភាគី​អូស្ត្រាលី​នឹង​ផ្តល់​ឱកាស​ការងារ​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ព្រោះថា​កម្ពុជា​បាន​រៀបចំ​បាន​យ៉ាង​ល្អ​នូវ​លិខិត​បទដ្ឋាន គោលនយោបាយ និង​យន្តការ​ច្បាស់លាស់ ដែល​ជា​ប្រព័ន្ធ​គ្រប់គ្រង​មួយ​យ៉ាង​ល្អ​ក្នុង​ការ​ធានា​បាន​នូវ​ការ​ជ្រើសរើស បញ្ជូន និង​គ្រប់គ្រង​ពលករ មិន​ឱ្យ​មានការ​រំលោភ​បំពាន​សិទ្ធិ និង​អត្ថប្រយោជន៍ ហើយ​អាច​ទប់ស្កាត់​បាន​នូវ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​ជួញដូរ​មនុស្ស​ជាដើម​។

សូម​បញ្ជាក់​ថា គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី (Australian Agriculture Visa) ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២១ ក្នុង​នោះ អូស្ត្រាលី​ត្រូវការ​ជ្រើសរើស​ពលករ​ផ្នែក​កសិកម្ម នេសាទ​និង​ជលផល និង​ឧស្សាហកម្ម​ធនធាន​ដើម​។ គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី​នេះ ស្រ​ដៀង​គ្នា​នឹង​គម្រោង​ការងារ​ប៉ា​ស៊ី​ហ្វី​ក​(Pacific Labour Scheme) ដោយ​ពលករ​ក្រោម​គម្រោង​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី អាច​ធ្វើការ​បាន​រហូត​ដល់​រយៈពេល ១​ឆ្នាំ ដល់ ៣​ឆ្នាំ ក្រោម​ការ​ទទួល​បន្ទុក​ដោយ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី​៕

អត្ថបទសរសេរ ដោយ