ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ភាគី​​​រាជរដ្ឋាភិបាល តាមរយៈក្រសួង​ក្រសួង​ការងារ ភាគី​និយោជក ដែលជា​តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ និង​ភាគី​សហជីព តំណាង​កម្មករ​កាត់ដេ​រ បាន​ប្រជុំ​ចរចា​បន្តបន្ទាប់ នៅក្នុង​ខែកញ្ញានេះ​ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត…

ភ្នំពេញ​៖ ភាគី​​​រាជរដ្ឋាភិបាល តាមរយៈក្រសួង​ក្រសួង​ការងារ ភាគី​និយោជក ដែលជា​តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ និង​ភាគី​សហជីព តំណាង​កម្មករ​កាត់ដេ​រ បាន​ប្រជុំ​ចរចា​បន្តបន្ទាប់ នៅក្នុង​ខែកញ្ញានេះ​ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង ឆ្នាំ​២០២២​។ ក្នុង​កិច្ចចរចា​ត្រីភាគី​ជាច្រើនលើក​នេះ តំណាង​ភាគី​ទាំង​៣ បានកំណត់​តួលេខ​​រៀងៗ​ខ្លួន ដើម្បី​ដាក់ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ប្រជុំ ពិនិត្យ​សម្រេច​ចុងក្រោយ នៅ​ថ្ងៃទី​២៨ ខែកញ្ញា​ខាងមុខ​។​

ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ត្រីភាគី​កន្លងមក ភាគី​សហជីព​កម្មករ កំណត់​យក​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ឆ្នាំ​២០២២ ចំនួន ២០៤​ដុល្លារ​អាម៉េរិក​។ រីឯ​តំណាង​ភាគី​និយោជក បាន​ឯកភាព​យក​តួលេខ ១៨៨​ដុល្លារ​អាម៉េរិក និង​តំណាង​ភាគី​រាជរដ្ឋាភិបាល ដោយ​ឈរលើ​លក្ខណៈ​បច្ចេកទេស និង​វិទ្យាសាស្ត្រ បានកំណត់​តួលេខ​ចំនួន ១៩២​ដុល្លារ​អាម៉េរិក​។​

​គោលជំហរ​ចុងក្រោយ​នៃ​តួលេខ​ត្រីភាគី​នេះ ត្រូវបាន​ដាក់ជូន​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ប្រជុំ​ពិនិត្យ សម្រេច ឬក៏​ត្រូវ​បោះឆ្នោត ទៅតាម​នីតិវិធី ដែល​បានកំណត់​។ កិច្ចប្រជុំ ដែលមាន​តំណាង​ភាគី​ទាំង​៣ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការងារ  នឹងត្រូវ​ជួបពិភាក្សា​គ្នា​ម្តងទៀត នៅ​ថ្ងៃទី​២៨ ខែកញ្ញា​ខាងមុខ មុននឹង​ឈានទៅ​​សម្រេច​ចុងក្រោយ ដើម្បី​កំណត់​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង នៅ​ឆ្នាំ​២០២២​។ ការកំណត់​ប្រាក់​ឈ្នួល​នេះ ត្រូវ​ប្រកាស​សម្រេច​ឲ្យ​បាន​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នា​ថ្ងៃទី​៥-៦-៧ ខែតុលា ហើយនឹង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២​។​

​ការចរចា​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​កម្ពុជា ត្រូវបាន​ធ្វើឡើង​រៀងរាល់ ១​ឆ្នាំ​ម្តង​។ កន្លងមក កិច្ចប្រជុំ​ចរចាត្រីភាគី តែងតែ​ចេញ​តួលេខ​ខុសគ្នា រវាង​ភាគី​ទាំង​៣​។ តែ​ចុងក្រោយ ត្រូវ​សម្រេច ដោយ​ការបោះឆ្នោត ហើយ​សំឡេងគាំទ្រ​ភាគច្រើន​ បាន​​សម្រេចយក​តួលេខ​របស់​ភាគី​និយោជក ជា​ថៅកែ​រោងចក្រ ដែលជាតួលេខទាបជាងគេ​​។ បន្ទាប់​មក រាជរដ្ឋាភិបាល នឹង​សម្រេច​ថែម ២​ដុល្លារ ៣​ដុល្លារ ឬក៏ ៥​ដុល្លារ លើ​តួលេខ ដែល​ចេញពី​ការបោះឆ្នោត ក្នុង​កិច្ចប្រជុំ​ចរចា​ត្រីភាគី​នោះ​។​

​កាលពី​ឆ្នាំ​២០១៩ ប្រាក់ខែ​អប្បបរមា​របស់​កម្មក​រ​កាត់ដេរ មាន​ចំនួន ១៨២​ដុល្លារ​។ ឆ្នាំ​២០២០ ចំនួន ១៩០​ដុល្លារ និង​ឆ្នាំ​២០២១ មាន​ចំនួន ១៩២​ដុល្លារ​។ ពោលគឺ​ការចរចា​ប្រាក់ខែ​កម្មករ​កាត់ដេរ ក្នុង​ក្របខណ្ឌ​ត្រីភាគី កាលពីឆ្នាំ២០២០ មាន​ត្រឹមតែ ១៩០​ដុល្លារ ស្មើនឹង​ប្រាក់ខែ​ឆ្នាំ​២០២០ ដោយសារតែ​បញ្ហា​កូ​វីដ​១៩ ដែល​កម្ពុជា​យើង ឆ្លង​រាលដាល​​ នៅ​ដើមឆ្នាំ​២០២០​។ តែ​រាជរដ្ឋាភិបាល ថែម ២​ដុល្លារ ទើប​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​ឆ្នាំ​២០២១ នេះ ឡើងដល់ ១៩២​ដុល្លារ​។​

​យ៉ាងណាក៏ដោយ សម្រាប់​ដំណើរ​ការចរចា​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​ឆ្នាំ​២០២២ ដែល​នឹង​សម្រេច​នៅ​ថ្ងៃទី​២៨ ខែកញ្ញា គឺ​ភាគី​ថៅកែ​រោងចក្រ បាន​បញ្ចុះ ៤​ដុល្លារ ពី​ប្រាក់ខែ​ឆ្នាំ​២០២១​។ ពោលគឺ​នៅ​ឆ្នាំ​២០២២ ថៅកែ​រោច​ក្រ ព្រម​ផ្តល់​ឲ្យ​ត្រឹមតែ ១៨៨​ដុល្លារ​ប៉ុណ្ណោះ ខណៈដែល​ឆ្នាំ​២០២១ នេះ ប្រាក់ខែ​កម្មករ មាន​ចំនួន ១៩២​ដុល្លារ​។ រីឯ​រាជរដ្ឋាភិបាល យល់ព្រម​ឲ្យ​រក្សា​ដដែល ដូច​ឆ្នាំ​២០២១​។ ទាំងនេះ ដោយសារតែ​វិបត្តិ​កូ​វីដ​១៩ ដែល​អូសបន្លាយ និង​បង្ក​ផលប៉ះពាល់​លើ​គ្រប់​វិស័យ មិន​ថា នៅ​កម្ពុជា ឬក៏​នៅ​ប្រទេស​នានា​លើ​សកលលោក​នោះទេ​។​

​ទោះ​ជាមាន​ប្រាក់ខែ​គោល​ទាប​បំផុត​ត្រឹម ១៩២​ដុល្លារ តែ​កម្មករ​កាត់ដេរ​ម្នាក់ៗ នៅ​ទទួលបាន​ប្រាក់​បន្ទាប់បន្សំ​ជាច្រើន​ទៀត រួមមាន​៖ ១-​ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ ចំនួន ៧​ដុល្លារ ក្នុង​មួយខែ ២-​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ចំនួន ១០​ដុល្លារ​ក្នុង​មួយខែ ៣-​ប្រាក់​ថ្លៃ​បាយ សម្រាប់​ធ្វើការ​ថែម​ម៉ោង ដោយ​ស្ម័គ្រចិត្ត ចំនួន ២០០០​រៀល ក្នុង​មួយថ្ងៃ ឬ​ការទទួលបាន​បាយ​មួយពេល ដោយ​ឥតគិតថ្លៃ និង​ប្រាក់រង្វាន់​អតីតភាព​ការងារ ចំនួន​ពី ២​ដុល្លារ ដល់ ១១​ដុល្លារ ក្នុង​មួយខែ​។​ សរុបទៅ ​ក្រសួង​ការងារ បញ្ជាក់ថា ជា​មធ្យម​ កម្មករ​កាត់​ដេរ​នៅកម្ពុជា​ម្នាក់ៗ នៅ​​ឆ្នាំ​២០២១ នេះ ទទួលបាន​ប្រាក់ខែ​សរុប​ចន្លោះ​ពី ២០៩ ដុល្លារ ដល់ ២២០​ដុល្លារ ក្នុង​មួយខែ​ៗ។​

​យ៉ាងណាក៏ដោយ ភាគី​សហជីព តំណាង​កម្មករ នៅតែ​អះអាងថា ទោះបី​ជាមាន​វិបត្តិ​កូ​វីដ​១៩ ចាប់តាំងពីដើម​ឆ្នាំ២០២០ រហូតដល់ពេលនេះ តែ​វិស័យ​កាត់ដេរ នៅ​កម្ពុជា​យើង មិន​ទទួលផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​។ ការនាំចេញ​ផ្នែកកាត់ដេរ នៅតែ​បន្ត​កើនឡើង ខណៈដែល​ការចំណាយ​របស់​កម្មក​រ​កាត់ដេរ ក៏​កើនឡើង​ដែរ ព្រោះតែកូវីដ នាំឲ្យកម្មករមួយចំនួន មិនមានការងារធ្វើ ខ្លះប៉ះ​ពាល់ដោយសារការបិទខ្ទប់ និង​ដោយសារតែ​ទំនិញ​ឡើងថ្លៃ​ ជាដើម​។​

​ប៉ុន្តែ​ភាគី​និយោជក ជា​ថៅកែ​រោងចក្រ និង​ភាគី​រាជរដ្ឋាភិបាល យល់ឃើញ​ផ្ទុយ​ពី​សហជីព ហើយ​ថា កូ​វីដ ធ្វើ​ឲ្យ​រោងចក្រ​កាត់ដេរ​ជាច្រើន រង​ផលប៉ះពាល់ រហូតដល់​មាន​រោងចក្រ​ខ្លះ បិទទ្វារ​ថែមទៀត​ផង​។ ដូច្នេះ ប្រាក់ខែ​កម្មករ សម្រាប់​ឆ្នាំ​២០២២ មិនអាច​ផ្តល់​ឲ្យ​បាន​តាម​ការទាមទារ​រ​បស់​សហជីព​នោះទេ​។​

​ទោះយ៉ាងណា បើ​មិនបាន​ឡើង​ប្រាក់ខែ​ច្រើន ដូច​ការទាមទារ​រប​ស់​សហជីព​កម្មករ ក៏​ខាង​កម្មករ​កាត់ដេរ សូម​ឡើង​តិចតួចក៏បាន។ ម្យ៉ាង​​បើ​ថា​ ឡើង​មិន​បានទេ ក៏​សូម​ត្រឹមតែ​កុំ​កាត់បន្ថយ​ប្រាក់ខែ​នៅ​ឆ្នាំ​២០២២ តិចជាង​ឆ្នាំ​២០២១ នេះ​។ ពោលគឺ​ឆ្នាំ​២០២១ ប្រាក់ខែ​កម្មករ​កាត់ដេរ​អប្បបរមា មាន​ចំនួន ១៩២​ដុល្លារ ដូច្នេះ​ការចរចា​សម្រេច​ចុងក្រោយ នៅ​ថ្ងៃទី​២៨​កញ្ញា គឺ​បើ​មិនបាន​លើស ១៩២​ដុល្លារ ក៏​សូមកុំ​ឲ្យ​ក្រោម ១៩២​ដុល្លារ​។​

​ការសម្រេច និង​កំណត់​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​ឆ្នាំ​២០២២ ក៏​គួរតែ​កុំ​ឲ្យ​វិបត្តិ​កូ​វីដ​១៩ ក្លាយ​​ជា​ហេតុផល ក្នុង​ការមិន​ដំឡើង ឬក៏​រក្សា​ប្រាក់ខែ​ដដែល​។ អាច​ឡើង​តិចតួច ក៏បាន​ ដូច​កាលពី​ឆ្នាំមុន ព្រោះថា នៅកម្ពុជាយើង កាលពី​ឆ្នាំ​២០២០ កូ​វីដ ក៏បាន​ឆ្លង​រាលដាល​ដែរ គ្រាន់តែ​ថា មិន​ឆ្លង​ខ្លាំង ដូច​នៅ​ឆ្នាំ​២០២១ នេះ​។ តែ​យ៉ាងណាក៏ដោយ ពេលនេះ ស្ថានភាព​កូ​វីដ រាង​ធូរស្រាល ហើយ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ ក៏​មិនមាន​កម្មករ​​ឆ្លង​រាលដាល រហូតឈាន​ដល់​បិទ​រោងចក្រ​កាត់ដេរ​​នោះទេ​​៕​