ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានបើកបរម៉ូតូក្នុងល្បឿនលឿន ហើយក៏ជ្រុលធ្លាក់ប្រឡាយ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលំនៅក្នុងប្រឡាយខាងកើត ត្រង់ចំណុចខាងជើងភូមិដក់ពរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកសំរោងទង បានឲ្យដឹងថា (សព)ជនរងគ្រោះមានឈ្មោះ នូ សុផល ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ម៉ូតូ១គ្រឿង ម៉ាក ZOOMER-X ពណ៌ស-ស្វាយ ពាក់ស្លាកលេខកំពង់ស្ពឺ 1R-5321 ។
ប្រភពបានបន្តថាក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋនូវករណីខាងលើនេះ ផ្នែកសណ្ដាប់ធ្នាប់ និងនគរបាលព្រហ្មទណ្ឌ និងផ្នែកពិនិត្យវិភាគ បានធ្វើការពិនិត្យលើសាកសព ឃើញថា បានដួលម៉ូតូខ្លួនឯង ធ្លាក់ចូលក្នុងប្រឡាយ ។
ដោយឡែកមានប្រជាពលរដ្ឋដែលបានប្រទះ បានប្រាប់ថា នៅល្ងាចថ្ងៃទី២៣ កញ្ញា ២០២១ វេលាម៉ោង១៨និង៣០នា ជនរងគ្រោះឈ្មោះ នូ សុផល នេះបានទៅហូបស្រាបៀជាមួយឈ្មោះ សន សុភាព នៅភូមិសំរោងទងកណ្ដាល ឃុំសំរោងទង ស្រុកសំរោងទង បន្ទាប់ពីហូបរួចឈ្មោះ នូ សុផល បានជិះម៉ូតូម្នាក់ឯង ឆ្ពោះទៅផ្ទះវិញ នៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ក៏ជួបគ្រោះអកុសលបែបនេះតែម្តង ។
តាមការបញ្ជាក់របស់មន្ត្រីជំនាញចរាចរណ៍ បានឲ្យដឹងថា នៅត្រង់កន្លែងកើតហេតុនោះ ជាផ្លូវកោង ហើយស្របពេលជនរងគ្រោះបើកបរលឿន និងស្រវឹងផងនោះ ហើយក៏ជ្រុលធ្លាក់ប្រឡាយតែម្តង ។ ករណីខាងលើនេះ ក្រុមគ្រួសារសាច់ញាតិបានទទួលស្គាល់ថា ពិតជាដួលធ្លាក់ប្រឡាយទឹកពិតប្រាកដមែន ដែលមានការចូលរួមពីសមាជិតក្រុមប្រឹក្សាឃុំ នាយរងប៉ុស្ដិ៍ មន្ដ្រីបច្ចេកទេស មេភូមិ ។ ចំពោះវត្ថុតាងម៉ូតូ និងសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ