ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពែង ខ្មៅ និង​អ៊ុ​ង វិ​រៈ ប៉ះ​កីឡាករ​បរទេស​ផ្សេង​គ្នា​លើ​រេញ​តែ​មួយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៧ កុម្ភៈ ខាន​ស្អែក​នេះ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ចាប់ផ្ដើម​ទៀត​ហើយ អម​ដោយ​ការ​ប្រកួត​វិល​ជុំ​របស់​កីឡាករ​៨​រូប​នៅ​លើ​សង្វៀន​។ កីឡាករ​កំពែង ខ្មៅ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៧ កុម្ភៈ ខាន​ស្អែក​នេះ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ចាប់ផ្ដើម​ទៀត​ហើយ អម​ដោយ​ការ​ប្រកួត​វិល​ជុំ​របស់​កីឡាករ​៨​រូប​នៅ​លើ​សង្វៀន​។ កីឡាករ​កំពែង ខ្មៅ និង​អ៊ុ​ង វិ​រៈ ដែល​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​មក​ពី​ប្រទេស​ផ្សេង​គ្នា​នោះ ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ស្នេហា​ការ​ប្រដាល់​មិន​តិច​នោះ​ទេ ដោយសារ​តែ​ពួក​គេ​ចង់​ដឹង​ថា លទ្ធផល​ចុង​ក្រោយ​នឹង​ទៅ​ជា​យ៉ាងណា?

កីឡាករ​កំពែង ខ្មៅ ដែល​គ្រាន់តែ​ឮឈ្មោះ​ក៏​មាន​អ្នក​ញាក់សាច់​រួច​ទៅ​ហើយ នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ចេ​ន ភុប ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​និង​ក្នុង​នាម​ជា​គូ​អន្តរជាតិ​បើក​ឆាក ។ កីឡាករ​ទាំង​ពីរ​នឹង​ឡើង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់ K-Cement ដែល​ក្នុង​ពេល​នោះ​ក៏​មានការ​ប្រកួត​ដណ្ដើម​ពិន្ទុ​ក្នុង​ជុំ​ទី​១​របស់​កីឡាករ​៨​រូប​ដើម្បី​ឆ្ពោះទៅ​កាន់ការ​ប្រកួតប្រជែង​យក​តំណែង​ជើងឯក​នៅ​លើ​សង្វៀន​ផង​ដែរ​។ ការ​ប្រកួត​របស់​គូ​នេះ ត្រូវ​គេ​កត់សម្គាល់​ពី​ស្នាដៃ​រួច​ទៅ​ហើយ ដោយសារ​តែ​កីឡាករ​កំពែង ខ្មៅ បើ​ទោះជា​មាន​ប្រវត្តិ​ឡើង​រេញ​មិន​ច្រើន​ណាស់ណា ប៉ុន្តែ​ថ្វីដៃ​របស់​គេ​លោត​ខ្លាំង​មិន​ខុស​ពី​ឈ្មោះ​ដែល​បាន​ដាក់​ឡើង​នោះ​ឡើយ ។ ភាគី​ខាង​កម្ពុជា​គឺជា​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន ប៉ុន្តែ​កីឡា​ករចេ​ន ភុប ក៏​ត្រូវ​គេ​អះអាង​ថា មិន​ណ​យ​នោះ​ដែរ ដោយសារ​តែ​ក្នុង​ប្រទេស​ថៃ​កីឡាករ​រូប​នេះ គឺជា​អ្នក​ដែល​មាន​ប្រវត្តិ និង​ស្នាដៃ​ច្រើន​ណាស់​ក្នុង​ការ​វាយបំបាក់​កីឡាករ​ល្អ​ៗ​។

លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ក្នុង​ពេល​ដែល​ការ​អះអាង​របស់​លោក បាន​ទាញ​អ្នកគាំទ្រ​ឲ្យ​ទុកចិត្ត​កីឡាករ ចេ​ន ភុប ច្រើន​ជាង​កំពែង ខ្មៅ នៅ​ក្នុង​ពេល​នេះ ។ ភាព​ទុកចិត្ត​លើ​ការ​អះអាង​របស់​លោក​ថៃ អ៊ូ កើតឡើង​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​ក្នុង​ពេល​កីឡាករ​ថៃ​មក​ប្រកួត​សឹងតែ​គ្រប់​គ្នា​ប្រមូល​យក​ជ័យ​​ជម្នះ​ពី​កីឡាករ​កម្ពុជា​ទៅ​អស់ ។ កីឡាករ​កម្ពុជា​មិន​ថា​អ្នក​ស្ថិត​ក្នុង​ជួរ​ទី​១ ឬ​ជួរ​ទី​២​នោះ​ទេ គឺ​ទោះជា​ក្នុង​ប្រភេទ​ទម្ងន់​ណា​ក៏​ដោយ សុទ្ធតែ​ត្រូវ​កីឡាករ​ថៃ​វាយ​ឲ្យ​បាក់​ភាគច្រើន​នៅ​លើ​សង្វៀន ។ មានការ​យល់​ឃើញ​ថា កីឡាករ​ថៃ​ដែល​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាន់តែ​ពិបាក​ឲ្យ​ជើង​ខ្លាំង​កម្ពុជា​យកឈ្នះ ដោយ​សារ​តែ​កីឡាករ​ថៃ​ដែល​បាន​នាំ​មក​គឺជា​កីឡាករ​អាជីព​របស់​ថៃ និង​ដោយសារ​តែ​កីឡាករ​កម្ពុជា​កាន់តែ​ល្បី​កាន់តែ​ធ្លាក់ដៃ ដែល​ខុស​ពី​កីឡាករ​បរទេស​គឺ​កាន់តែ​មានមុខ​កាន់​តែ​​ពិបាក​រក​គូប្រកួត​នោះ​។

លោក​ថៃ អ៊ូ បាន​អះអាង​ថា កីឡាករ ចេ​ន ភុប នឹង​ធ្វើ​ឲ្យ​កំពែង ខ្មៅ ពិបាក​ទប់ ។ ប៉ុន្តែ​លោក​ក៏​បាន​បង្ហាញ​ការ​ព្យាករ​ចំពោះ​កីឡាករ​កម្ពុជា​ថា នឹង​មានសំណាង​ផង​ដែរ​បើ​គេ​អាច​ចាប់​ចំណុចខ្សោយ​របស់​កីឡាករ​ថៃ ហើយ​វាយបក​បាន​ល្អ ។ លោក​ថា កីឡា​ករចេ​ន ភុប ធ្លាប់​ប្រកួត​បាន​៤៩​ដង ឈ្នះ​៤៦​ដង និង​ចាញ់​៣​ដង ប៉ុន្តែ​សម្រាប់​ប្រវត្តិ​របស់​កីឡាករ​រូប​នេះ លោក​ហ៊ាន​អះអាង​ថា​ខ្លាំង​ទាំង​កែង ម៉ាត់ និង​ជើង​ព្រម​គ្នា ។ លោក​ថា ការ​ប្រកួត​ចាញ់​៣​លើក​របស់​គេ គឺ​ចាញ់​តាំងពី​គេ​មិន​ទាន់​មានបទពិសោធន៍​ច្រើន​នោះ​ទៅ​ទៀត ចំណែក​ការ​ប្រកួត​មួយ​រយៈ​ចុង​ក្រោយ គឺ​កីឡាករ​រូប​នេះ​ពិតជា​ពិបាក​រក​អ្នក​ប្រដូច ។

យ៉ាងណា​ក៏​ដោយ អ្នក​ព្យាករ​ចំពោះ​កីឡាករ​កម្ពុជា​ក៏​មាន​រំពឹង និង​មិន​ជឿ​តាម​ការ​ប្រកាស​របស់​លោក​ថៃ អ៊ូ ទាំងស្រុង​នោះ​ដែរ ដោយសារ​សំអាង​ថា កីឡាករ​កម្ពុជា​គឺជា​ជើង​ខ្លាំង​ល្អ​ម្នាក់ ។ កំពែង ខ្មៅ ឆ្លងកាត់​ការ​ប្រកួត​បាន​៦៥​លើក ឈ្នះ​៥៧​លើក ចាញ់​៨​លើក និង​ជា​សិស្ស​គុន​របស់​ក្លិប​អប្សរា​គុន​ខ្មែរ​។ ដូច្នេះ​ទាំង​បទ​ពិសោធន៍ និង​ភាព​ប៉ិន​ប្រសប់​របស់​កីឡាករ​រូប​នេះ​គឺ​មិន​អាច​ឲ្យ​ថៃ​សម្រេច​គោលដៅ​បាន​ទេ បើ​ទោះជា​គេ​ជា​ជើង​ខ្លាំង​យ៉ាងណា​ក៏​ដោយ ។ ក្រុម​អ្នក​ទុកចិត្ត​គ្រូបង្វឹក​ប្រចាំ​នៅ​ក្នុង​ក្លិប​អប្សរា​គុន​ខ្មែរ នៅ​តែ​ផ្ដល់​ទំនុកចិត្ត​មួយ​ភាគ​ថា កីឡាករ​កម្ពុជា​នឹង​ទទួល​បាន​ជ័យជម្នះ​នៅ​រសៀល​ខាន​ស្អែក ។

នៅ​លើ​សង្វៀន​នេះ​ដែរ កីឡាករ អ៊ុ​ង វិ​រៈ មក​ពី​ក្លិប​ទ័ព​ឆត្រយោង​៩១១ ក៏​នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជនជាតិ​បារាំង ឈ្មោះ តូ​ម៉ាស់ មេន​ឌិ​ស ក្នុង​នាម​ជា​គូ​អន្តរជាតិ​ទី​២ និង​ជា​គូ​ឯក​នៅ​លើ​សង្វៀន ។ កីឡាករ​បារាំង​រូប​នេះ ធ្លាប់​មាន​ប្រវត្តិ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ និង​កីឡាករ​មក​ពី​ប្រទេស​ផ្សេង​ច្រើន​នាក់​មក​ហើយ បន្ទាប់​ពី​គេ​សម្ងំ​ហ្វឹកហាត់​ក្បាច់គុន នៅ​ក្នុង​ប្រទេស​ថៃ​។ សមាសភាព​របស់​គេ​ត្រូវ​គេ​មើលឃើញ​ថា​នឹង​ជួយ​ឲ្យ​កីឡាករ​កម្ពុជា​ដណ្ដើម​បាន​ជ័យជម្នះ​ភាគច្រើន ដោយសារ​តែ​កីឡាករ​បារាំង សម្រាប់​ការ​ប្រកួត​ជា​លក្ខណៈ​ប្រដាល់សេរី គឺ​មិន​ងាយ​មាន​គ្រឹះ​ហើយ​ប្រកួត​បាន​ល្អ​ដូច​គ្នា​នឹង​កីឡាករ​ថៃ ឬ​កីឡាករ​កម្ពុជា​ដែល​ជា​ម្ចាស់​ក្បាច់គុន​ដើម​នោះ​ឡើយ​។ អ្នក​ទស្សនា​ភាគច្រើន​បាន​យល់​ឃើញ​ថា កីឡាករ​បារាំង នឹង​មិន​អាច​ទៅ​រួច​ជាមួយ​កីឡាករ​កម្ពុជា​បាន​ទេ បើ​ទោះជា​គេ​មាន​ស្នាដៃ​រួច​ជា​ស្រេច​មុន​ពេល​ប៉ះ​អ៊ុ​ង វិ​រៈ​ក្ដី ។ ម្យ៉ាង​កីឡាករ តូ​ម៉ាស់ មេន​ឌិ​ស ទើបតែ​ឡើង​ប្រកួត​បាន​២៥​លើក ឈ្នះ​២៣​លើក និង​ចាញ់​២​លើក ដែល​អាច​និយាយ​បាន​តួលេខ​ឡើង​ប្រកួត​ក្នុង​ចំនួន​ប៉ុណ្ណេះ គឺ​មិន​ស្មើនឹង​តួលេខ​ឡើង​ប្រកួត​ក្រៅផ្លូវការ​របស់​អ៊ុ​ង វិ​រៈ​នោះ​ផង ។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​បារាំង​បើ​ទោះជា​ប្រកួត​បាន​តិចតួច ប៉ុន្តែ​សមត្ថភាព​របស់​គេ​ក៏​ល្អ​ដែរ ទើប​គណៈកម្មការ​រៀបចំ​ឲ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​អ៊ុ​ង វិ​រៈ​ដែល​មាន​ប្រវត្តិ​ឡើង​ប្រកួត​បាន​៧៩​លើក ឈ្នះ​៦៩​លើក ចាញ់​៩​លើក និង​ស្មើ​១​លើក ។

នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ចាប់ពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៧ កុម្ភៈ​នោះ​ដែរ ក៏​មានការ​ប្រកួត​រវាង​គូ​ល្អ​ផង​ដែរ​នៅ​ក្នុង​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ស៊ីម៉ង់ត៍​អូដ្ឋ​។ ការ​ប្រកួត​នេះ ត្រូវ​គេ​អះអាង​ថា មាន​កីឡាករ​សុទ្ធតែ​ខ្លាំង​ៗ​ប៉ះ​គ្នា​ដើម្បី​រំលេច​សង្វៀន​មុន​ការ​រៀបចំ​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​វគ្គ​៣​ចាប់ផ្ដើម​៕