ម្នាលភិក្ខុទាំងឡាយ ធម៌៤ប្រការនេះប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌៤ប្រការនោះគឺអ្វីខ្លះ ?

ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះរៀនព្រះសូត្រដែលខ្លួនរៀនខុស ដោយបទនិងព្យញ្ជនៈដែលរៀបរៀងខុសលំដាប់ ម្នាលភិក្ខុទាំងឡាយ បទនិង ព្យញ្ជនៈដែលរៀបរៀងខុសលំដាប់នោះ រមែងយល់សេចក្តីបានដោយលំបាក ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី១ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម ។
ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាមនុស្សដែលគេប្រដៅបានដោយក្រ ប្រកបដោយធម៌ដែលឲ្យគេប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ មិនទទួលពាក្យប្រៀនប្រដៅ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាសសាបសូន្យនៃ ព្រះសទ្ធម្ម ។

ម្នាលភិក្ខុទាំងឡាយ មួយទៀតភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគមគឺ និកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ មិនញ៉ាំងបុគ្គលដទៃឲ្យរៀនព្រះសូត្រ ដោយគោរព លុះអំណើះទៅមុខ ព្រះសូត្ររបស់ភិក្ខុទាំងនោះក៏ដាច់មូលលែងប្រតិស្ឋាននៅ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម ។

ម្នាលភិក្ខុទាំងឡាយមួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈជាអ្នកប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការ ប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី៤ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម ។
ម្នាលភិក្ខុទាំងឡាយ ធម៌៤យ៉ាងនេះឯង ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម ៕ សាន សារិន
ចែករំលែកព័តមាននេះ