ខេត្តកំពត ៖ ក្មេងប្រុស-ស្រី២នាក់ត្រូវភ្លើងឆាបឆេះពេញខ្លួន ក្នុងនោះក្មេងប្រុសម្នាក់បានស្លាប់ បន្ទាប់ពីបុរសស្រវឹងជិះម៉ូតូទៅបុកដបមានសាំងកំពុងដាក់លក់នៅមុខផ្ទះ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងទី២១ កុម្ភៈ ២០១៦ ស្ថិតនៅជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងភូមិថ្កូវ ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ។
ប្រភពឱ្យដឹងថា ក្មេងដែលត្រូវភ្លើងឆេះស្លាប់ឈ្មោះហិន ស៊ីញ ភេទប្រុស អាយុ៨ឆ្នាំ និងម្នាក់ទៀតរងរបួសធ្នង់ឈ្មោះបាន ស្រីលាភ ភេទស្រី អាយុ៤ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកបុរស២នាក់ជិះម៉ូតូ ដែលគេដឹងថា ស្រវឹងនោះម្នាក់ឈ្មោះអែម គង់ ហៅគង់ អាយុ២៧ឆ្នាំ និងម្នាក់ទៀតរួមដំណើរជាមួយមិនស្គាល់អត្តសញ្ញាណ មានទីលំនៅភូមិកោះគ្រឹស្នា ឃុំប្ញស្សីស្រុក ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋានខេត្ត ដើម្បីរង់ចាំការដោះស្រាយ ។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញបុរសទាំង២នាក់ជិះម៉ូតូក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅដបប្រេងសាំង ដែលគេដាក់លក់នៅមុខផ្ទះ ហើយដួលរលំដបសាំង៣ដបស្រោចទៅលើប៊ូស៊ីម៉ូតូ ក៏ឆាបឆេះទៅលើក្មេងប្រុស-ស្រីទាំង២នាក់តែម្តង ។
ចែករំលែកព័តមាននេះ