ខេត្តកំពង់ចាម ៖ បុគ្គលិករបស់ក្រុមហ៊ុនទូរស័ព្ទក្នុងស្រុកមួយឈ្មោះវី សុភាច ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកទួក ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឡើងលើបង្គោលបេតុងដើម្បីតបណ្តាញខ្សែកាបអ៊ីនធើណិត ដែលមានកម្ពស់ប្រហែល៧ម៉ែត្រត្រង់ ចំណុចក្បាលស្ពានពង្រ ស្ថិតនៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ចៃដន្យដាច់ខ្សែក្រវ៉ាត់ជាហេតុបណ្តាលឲ្យធ្លាក់មកលើដីស្លាប់ភ្លាមៗ
ហេតុការណ៏នេះកើតឡើង នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកពិនិត្យផងដែរ។លោកវរសេនីយ៏ទោ ប្រេង ហ៊ីម អធិកានគរបាលស្រុកកោះសូទិន ប្រាប់ឲ្យដឹងថា នៅពេលមុនកើតហេតុបុគ្គលិកឈ្មោះ ភាច បានមកឡើងលើបង្គោលបេតុងដើម្បីតបណ្តាញខ្សែកាបសម្រាប់ប្រើប្រាស់ដល់អ្នកភូមិពង្រនៅតាមផ្ទះ និងតាមហាងកាហ្វេនានា ដើម្បីងាយស្រួលចុចទូរស័ព្ទដៃតាមដានមើលពីប្រតិ្តការព័ត៌មានផ្សេងៗ ដែលបានកើតមានឡើងនៅក្នុងសង្គមរាល់ថ្ងៃ។លោកវរសេនីយ៏ទោ ប្រេង ហ៊ីម អធិការនគរ បាលស្រុកកោះសូទិន ប្រាប់បន្តថា ក្នុងពេលដែលកំពុងតែឡើងតបណ្តាញខ្សែកាបនោះចៃដន្យស្រាប់តែដាច់ខ្សែក្រវ៉ាត់ដែលពាក់នៅនឹងចង្កេះជាហេតុបណ្តាលឲ្យធ្លាក់មកលើដីស្លាប់មួយរំពេច គ្រានោះប្រជាពលរដ្ឋដែលបានប្រទះឃើញ ក៏ប្រញាប់រាយការណ៍មកលោកនាយប៉ុស្ត៏រដ្ឋបាលឃុំពង្រ។
ហើយក្រោយពីបានដឹងហេតុការណ៏នេះក៏រាយការណ៏បន្តមករូបលោកនិងបានចាត់ឲ្យជំនាញព្រហ្មទណ្ឌ បច្ចេកទេសចុះទៅពិនិត្យសាកសពត្រឹមត្រូវ ហើយក៏បានទាក់ទងទៅក្រុមហ៊ុនដែលជនរងគ្រោះបម្រើការ ដើម្បីគេចាត់ឲ្យតំណាងមកទទួលយកសពត្រឡប់ទៅផ្ទះវិញដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។លោកវរសេនីយ៏ទោ ប្រេង ហ៊ីម អធិការនគរបាលស្រុកកោះសូទិនបញ្ជាក់ថា បុគ្គលិកខាងលើបានឡើងតែម្នាក់ឯងក្រោយពីកើតហេតុ គេមិនបានឃើញបុគ្គលិកផ្សេងទៀតនោះទេ ហើយនៅរសៀលថ្ងៃដដែលសពត្រូវបានត្រៀមប្រគល់ឲ្យទៅខាងក្រុមហ៊ុនទូរស័ព្ទដៃក្នុងស្រុកមួយ និងនាំបន្តទៅឲ្យក្រុមសាច់ញាតិរៀបចំធ្វើបុណ្យនៅស្រុកកំណើត ៕
ចែករំលែកព័តមាននេះ