ភ្នំពេញ៖ ក្នុងគោលការណ៍ណែនាំថ្មី របស់រដ្ឋបាលរាជធានីភ្នំពេញ បានតម្រូវឲ្យក្នុងទីវត្តអារាមទាំងអស់ ត្រូវដាក់ស្លាកសញ្ញាស្គាល់ពីការតម្រូវឲ្យពាក់ម៉ាស និងត្រូវពាក់ម៉ាស ឬរបាំងមុខការពារឲ្យបានគ្រប់គ្នា ទាំងព្រះសង្ឃ និងទាំងគ្រហស្ថ។ ប្រសិនបើមានបុគ្គលណា មិនព្រមពាក់ម៉ាស ឬរបាំងមុខការពារ ត្រូវរាយការណ៍ជាបន្ទាន់ ទៅស្ថាប័នមានសមត្ថកិច្ច ដែលនៅក្បែរនោះ ដើម្បីធ្វើការផាកពិន័យ ទៅតាមបទមិនគោរពវិធានការរដ្ឋបាល។
ក្នុងអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រា១៩ កំណត់ថា អ្នកមិនពាក់ម៉ាស ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០ម៉ឺនរៀល ទៅ ១លានរៀល។
សូមរម្លឹកថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ ដែលជាថ្ងៃដាក់បិណ្ឌ១ បានចេញសេចក្តីណែនាំ ស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន នៅភូមិសាស្ត្ររាជធានីភ្នំពេញ។
សេចក្តីណែនាំថ្មីនេះ បានធ្វើឡើង ខណៈដែលនៅថ្ងៃដាក់បិណ្ឌ១ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មានអ្នកទៅវត្តច្រើន ហើយតាមវត្តនានា បានរៀបចំនូវវិធានការទប់ស្កាត់ការឆ្លងរាលដាជំងឺកូវីដ១៩ ដូចជា មានម៉ាស៊ីនវាស់កំដៅ អាល់កុលលាងដៃ ទូរសម្លាប់មេរោគ ជាដើម។ ក្នុងនោះ ទាំងព្រះសង្ឃ និងទាំងគ្រហស្ថ សុទ្ធតែពាក់ម៉ាសទាំងអស់។ តែភាគច្រើន ក្នុងពិធីកាន់បិណ្ឌ១ នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ ការរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រកន្លះពីម្នាក់ទៅម្នាក់ មិនត្រូវបានអនុវត្តឲ្យបានត្រឹមត្រូវនោះទេ៕
ចែករំលែកព័តមាននេះ