រាជធានីភ្នំពេញ ៖ នៅក្នុងឯកសាររបស់សហព័ន្ធកីឡាប្រដាល់ បានអះអាងថា របៀបថ្វាយបង្គំគ្រូរបស់កីឡាករនៅមុនពេលប្រកួតមានចំនួន១៦របៀបផ្សេងពីគ្នា ដែលក្បាច់ទាំងនោះក្រៅពីមានលក្ខណៈពិសេសរៀងខ្លួន ក៏មានជំនឿថា ជួយឱ្យកីឡាករដែលមានរាសីត្រូវរបៀបថ្វាយបង្គំប្រភេទណាមួយទទួលបាននូវអំណាចពិសេសពីគ្រូខាងក្បាច់គុននោះផង។ យ៉ាងណាក៏ដោយនាពេលចុងក្រោយនេះ គេកត់សម្គាល់ថា មានតែរបៀបថ្វាយបង្គំគ្រូមិនដល់៦នោះទេត្រូវបានកីឡាករនិយមប្រើ ចំណែកប្រមាណជា១០ផ្សេងទៀតត្រូវគេកប់ទុកចោលទៅហើយដោយសឹងមិនមានអ្នកស្គាល់ផងទេ ក្រៅតែពីឮឈ្មោះនោះ ។
មន្ត្រីប្រចាំសហព័ន្ធកីឡាប្រដាល់ បានបង្ហាញពីការព្រួយបារម្ភបន្ទាប់ពីរបៀបថ្វាយបង្គំគ្រូរបស់កីឡាករប្រដាល់កាន់តែច្រើនត្រូវគេឃើញធ្វើឡើងតាមគ្នា ហើយកប់ចោលនូវរបៀបថ្វាយបង្គំគ្រូដែលគេមិនសូវចូលចិត្តឱ្យស្ថិតនៅក្នុងឯកសារ ។ កីឡាករស្ទើរទាំងអស់សឹងមិនបានដឹងថារបៀបថ្វាយបង្គំគ្រូដែលគេមិននិយមត្រូវថ្វាយបង្គំបែបម៉េចនោះផង ដែលនេះគឺអាចបណ្ដាលមកពីបញ្ហាជំរុញទឹកចិត្តក្នុងការបង្វឹកនៅមានកម្រិត ហើយកីឡាករខ្លួនឯងជាអ្នកមិនសូវចង់ទទួល និងទាមទារសុំប្រើតែក្បាច់ថ្វាយបង្គំគ្រូដែលមានលក្ខណៈងាយៗ ។ កីឡាករភាគច្រើនបានអះអាងថា ពួកគេមិនមែនមិនចង់អភិរក្សពីរបៀបថ្វាយបង្គំគ្រូប្រភេទខ្លះដែលគេមិនប្រើនោះទេ ប៉ុន្តែមកពីក្បាច់ទាំងនោះមើលទៅស្មុគស្មាញ និងភ័យខ្លាចគេសើចរឿងខុសគេ ទើបសុខចិត្តហ្វឹកហាត់តែក្បាច់ថ្វាយបង្គំគ្រូដែលគេនិយមប្រើ ។
មិនខុសពីការប្រកាសនេះ គេតែងកត់សម្គាល់ថា កីឡាករណាក៏ដោយឲ្យតែប្រើក្បាច់ថ្វាយបង្គំគ្រូខុសប្លែកពីគេ គឺច្រើនតែទទួលរងនូវបញ្ហា២ទន្ទឹមគ្នា គឺការចាប់អារម្មណ៍ និងការសើចចំអក ទើបធ្វើឱ្យកីឡាករភាគច្រើនមិនសូវចង់យកអ្វីដែលខុសប្លែកពីគេនោះឡើយ ។ ជាក់ស្ដែងក្នុងចំណោមកីឡាករទាំងអស់ គេឃើញមានតែកីឡាករ អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានឫទ្ធិម្នាក់ប៉ុណ្ណោះ ដែលថ្វាយបង្គំគ្រូតាមរបៀបក្រមុំតែងខ្លួនក្នុងពេលដែលគេឡើងរេញ ។ ពេលថ្វាយបង្គំគ្រូម្ដងៗ មានអ្នកសើចចំអកឱ្យពីកាយវិការម្ញ៉ិកម្ញ៉ក់ក្នុងពេលថ្វាយបង្គំគ្រូដែលគ្រប់ពេលឡើងរេញ គឺមិនមានអ្នកណាមិនកោតសរសើរ និងសើចចំអកឱ្យនោះទេ ជាពិសេសក្នុងពេលគេធ្វើកាយវិការម៉ិកម្ញ៉ក់ដើម្បីឲ្យត្រូវតាមក្បួននោះ។ ក្បាច់ថ្វាយបង្គំគ្រូនេះ ក្រោយពី អ៊ុំ ចំរើន ដកខ្លួនពីការប្រដាល់គេមិនឃើញទៀតទេក្នុងពេលដែលកីឡាករភាគច្រើននៅក្លិបតាឡីដំរីមានឫទ្ធិ រួមមានផល សោភ័ណ្ឌជាដើម ក៏ប្ដូរក្បាច់ថ្វាយបង្គំគ្រូមកជាក្បាច់ងាយៗដូចគ្នានឹងកីឡាករភាគច្រើនដែរនោះ ។
លោក រាជ សុផែន សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាប្រដាល់បានទទួលស្គាល់ថា នៅក្នុងកីឡាប្រដាល់គឺក្បាច់ថ្វាយបង្គំគ្រូមានភាពសំខាន់មិនអាចអត់បាន បើទោះជាជំនឿទៅលើបញ្ហាសម្ដែងក្បាច់គុនថ្វាយបង្គំគ្រូនេះ ហាក់សាបរលាបខុសប្លែកពីសម័យមុន ។ លោកថា ការថ្វាយបង្គំគ្រូមានច្រើនរបៀបច្រើនសណ្ឋាន ប៉ុន្តែអ្វីដែលកីឡាករបង្ហាញនៅលើសង្វៀន គឺមានមិនច្រើននោះទេ ដោយសារតែក្បាច់ថ្វាយបង្គំគ្រូខ្លះមានភាពស្មុគស្មាញ ហើយបើទោះជាមិនស្មុគស្មាញ ក៏កីឡាករជំនាន់ក្រោយមិនសូវចង់ហាត់ ព្រោះតែយល់ថា នោះជាក្បាច់ដែលគេមិនពេញនិយម។ លោកថា គ្រូបង្វឹកដែលអភិរក្សពីរបៀបថ្វាយបង្គំគ្រូតែងតែបានកំណត់ឲ្យមានការហ្វឹកហាត់នូវរបៀបថ្វាយបង្គំគ្រូច្រើនសណ្ឋាន ប៉ុន្តែកីឡាករខ្លួនឯងទៅវិញទេដែលទទូចសុំហាត់តែក្បាច់ដែលពួកគេធ្លាប់ឃើញ ហើយបណ្ដាលឱ្យក្បាច់ថ្វាយបង្គំគ្រូកាន់តែច្រើនកប់ចោល ។
យោងតាមឯកសារក្បាច់ថ្វាយបង្គំគ្រូមានសរុបចំនួន១៦របៀប ដូចជា ទី១-ក្បាច់ទន្សាយបន្លែងព្រះចន្ទ ទី២-ក្បាច់គ្រុឌឆក់នាគ ទី៣-ក្បាច់ឥន្ទ្រីសម្ដែងឫទ្ធិ ទី៤-ក្បាច់ព្រះលក្ខណ៍ព័ទ្ធសីមា ទី៥-ក្បាច់ព្រះរាមផ្លែងសរ ទី៦-ក្បាច់ក្រមុំចូលម្លប់ ឬ ក្រមុំតែងខ្លួន ទី៧-ក្បាច់រាហ៊ូចាប់ច័ន្ទ ទី៨-ក្បាច់កសិករធ្វើស្រែ ទី៩-ក្បាច់នាគពាំកែវ ឬនាគបន្លែងកែវ ទី១០-ក្បាច់នាគលេងទឹក ទី១១-ក្បាច់ក្រុងរាពណ៍សម្ដែងឬទ្ធិ ទី១២-ក្បាច់រំលឹកគុណគ្រូ ទី១៣-ក្បាច់ទូភីលេងស្នែង ទី១៤-ក្បាច់ទូភីសម្ដែងឫទ្ធិ ទី១៥-ក្បាច់ព្រហ្មមុខបួន និង១៦-ក្បាច់ហនុមានសម្ដែងឬទ្ធិ។
យ៉ាងណាក៏ដោយកីឡាករភាគច្រើននៅបន្តអនុវត្តន៍តែក្បាច់ថ្វាយបង្គំគ្រូមិនលើសពី៦នោះទេ ដោយបានទាំងចាត់ទុកថានោះជាក្បាច់ដែលមានការពេញនិយម និងស្នើសុំឲ្យគ្រូបង្ហាត់ពួកគេតែក្បាច់ទាំងនោះកុំឲ្យស្មុគស្មាញនោះផង ។ ក្បាច់ដែលនិយមប្រើទាំងនោះរួមមាន ក្បាច់ព្រះលក្ខណ៍ព័ទ្ធសីមា ក្បាច់ឥន្ទ្រីសម្ដែងឫទ្ធិ ក្បាច់ព្រះរាមផ្លែងសរ ក្បាច់នាគលេងទឹក និងយូរៗម្ដងឃើញមានការសម្ដែងក្បាច់ក្រមុំតែងខ្លួន ឬគេហៅថាក្បាច់ថ្វាយបង្គំគ្រូតាមរបៀបក្រមុំចូលម្លប់។
មន្ត្រីប្រចាំសហព័ន្ធជាច្រើនផ្សេងទៀតបានអះអាងស្របគ្នាថា ការពេញនិយមតែ៥-៦ក្បាច់នៃរបៀបថ្វាយបង្គំគ្រូ បានរុញឲ្យក្បាច់ថ្វាយបង្គំគ្រូផ្សេងទៀតប្រឈមនឹងការបាត់បង់។ យ៉ាងណាក៏ដោយមន្ត្រីភាគច្រើនបានអះអាងថា នោះមិនមានជាបញ្ហាចោទទាំងស្រុងឡើយ ដោយសារតែក្បាច់ថ្វាយបង្គំគ្រូត្រូវបានចងក្រងនៅក្នុងឯកសាររួចហើយ ឯក្រុមគ្រូបង្វឹកក៏បានបង្ហាត់បង្រៀនដល់កីឡាកររបស់ខ្លួនដែរ គ្រាន់តែកីឡាករភាគច្រើននៅពេលចេះហើយក៏នៅតែប្រើក្បាច់ថ្វាយបង្គំគ្រូដែលពួកគេយល់ថាពេញនិយម ។ សហព័ន្ធមានគម្រោងដាក់កំហិតដល់ការប្រើប្រាស់ក្បាច់ថ្វាយបង្គំគ្រូដែលគេមិនសូវប្រើដើម្បីឲ្យក្បាច់ទាំងនោះត្រូវបានបង្ហាញជូនឲ្យអ្នកស្នេហាកីឡាប្រដាល់បានដឹង។ អ្នកជំនាញនិយាយថា របៀបថ្វាយបង្គំគ្រូទាំង១៦ក្បាច់ គឺជាលក្ខណៈពិសេសរបស់ប្រដាល់ខ្មែរ ហើយបើក្បាច់ណាមួយត្រូវបានកប់ចោលនោះក៏នឹងកើតមាននូវបញ្ហាចោទផងដែរ ។ បញ្ហាចោទនោះគឺនៅត្រង់ថា ប្រសិនបើប្រទេសជិតខាងដែលមានវប្បធម៌ស្រដៀងខ្មែរ គេយកក្បាច់ទាំងនោះទៅបង្ហាត់ដល់កីឡាករគេ ហើយខ្មែរខ្លួនឯងមិនដែលស្គាល់ច្បាស់ជាចាត់ទុកថាជាក្បាច់របស់គេដែរមិនខាន ។
យោងតាមមន្ត្រីឯកទេសបានអះអាងថា កាលពីសម័យដើម របៀបថ្វាយបង្គំគ្រូគេធ្វើមានក្បួនមានខ្នាតហើយមើលទៅរស់រវើកខុសគ្នានឹងសម័យបច្ចុប្បន្នឆ្ងាយណាស់ដើម្បីឲ្យស្របនឹងជំនឿលើមន្ដអាគមអូមអាម ។ ជាក់ស្ដែងឱ្យតែមុនពេលចេញច្បាំង ឬចេញទៅកាន់ឆាកប្រយុទ្ធណាមួយ ខ្មែរកាលពីសម័យដើមបានទាំងធ្វើពិធីថ្វាយបង្គំគ្រូដោយសម្ដែងក្បាច់គុនតាមរបៀបទាំង១៦នោះ ដើម្បីយកឫទ្ធិកុំឲ្យចាញ់ច្រាបសត្រូវផងដែរ ដោយការថ្វាយបង្គំនៅក្នុងពេលនោះ គឺគេមិនចោលជាដាច់ខាតរឿងបាយសី និងភ្លេងប្រគំ។ បន្ថែមពីលើការពន្យល់នោះ មន្ត្រីភាគច្រើនក៏អះអាងថា កីឡាករបច្ចុប្បន្នក្រៅពីនិយមថ្វាយបង្គំគ្រូតែរបៀបដដែលៗតាមគ្នា ក៏ធ្វើឲ្យតែបានៗ និងមិនត្រូវក្បួនខ្នាតដែលធ្វើឱ្យបាត់បង់នូវលក្ខណៈដើមនោះផង ៕
ចែករំលែកព័តមាននេះ