ខេត្តព្រះវិហារ ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៨នាក់រងរបួសធ្ងន់ស្រាល ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ នេះ ស្ថិតនៅតាមដងផ្លូវក្រួសក្រហមចំណុចថ្មកំបោរ ភូមិដងផ្លិត ឃុំកំពង់ស្រឡៅ ស្រុកឆែប ខណៈពេលដែលពួកគេធ្វើដំណើរទៅកម្សាន្តរមណីយដ្ឋានទឹកជ្រោះព្រះនិមិត្ត ឃុំស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរ ឈ្មោះ លី ហៀង អាយុ៣៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងក្រុមគ្រួសារ ធ្វើដំណើរទៅកម្សាន្តរមណីយដ្ឋានទឹកជ្រោះព្រះនិមិត្ត តែមិនទាន់ទៅដល់គោលដៅផង លុះមកដល់ចំណុចកើតហេតុ តាមផ្លូវក្រួសក្រហមខាងលើ ស្រាប់តែរថយន្តរេចង្កូតក្រឡាប់ទៅម្ខាងផ្លូវបណ្តាលឱ្យអ្នកជិះក្នុងរថយន្តរងរបួសធ្ងន់និងស្រាលតែម្តង ។
មន្ត្រីសមត្ថកិច្ច បានបន្តថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ម៉ាកឡិចស៊ីស៤៧០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2P-1113 រងការខូចខាតយ៉ាងដំណំ រីឯអ្នករងគ្រោះទាំង៨នាក់នេះ មាន ១-ឈ្មោះ លី ហៀង អាយុ៣៩ឆ្នាំ ភេទប្រុស ២-ឈ្មោះ រិទ្ធិ សុផាវី អាយុ៣៦ឆ្នាំ ភេទស្រី ៣-ឈ្មោះ សុ ផល អាយុ៥១ឆ្នាំ ភេទស្រី ៤-ឈ្មោះ ស៊ុយ ដារ៉ារិទ្ធិ អាយុ៥២ឆ្នាំ ភេទប្រុស ៥-ឈ្មោះ លី ជូមីង អាយុ៨ឆ្នាំ ភេទប្រុស ៦-ឈ្មោះ រិទ្ធិ ថុនា អាយុ២៦ឆ្នាំ ភេទប្រុស ៧-ឈ្មោះ លី ជឺអ៊ីង អាយុ៦ឆ្នាំ ភេទស្រី និង៨-ឈ្មោះ លី ជឺអាន អាយុ៣ឆ្នាំ ភេទស្រី អ្នករងគ្រោះទាំង៨នាក់ខាងលើរស់នៅរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា អ្នករងគ្រោះទាំង៨នាក់ខាងលើ មានម្នាក់ឈ្មោះ រិទ្ធិ ថុនា រងរបួសបាក់ដៃខាងស្តាំ ចំណែក៧នាក់ទៀតរងរបួសស្រាល ៕
ចែករំលែកព័តមាននេះ