ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅប៉ៃលិន ៦ខែ គ្រោះថ្នាក់ចរាចរណ៍ កើតមានតែ ២លើកប៉ុណ្ណោះ!

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ ពោលគឺ​រយៈពេល ៦​ខែ ចាប់ពី​ខែមករា ដល់​ខែមិថុនា គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខេត្ត​ប៉ៃលិន កើតមាន​ចំនួន…

ខេត្ត​ប៉ៃលិន​៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ ពោលគឺ​រយៈពេល ៦​ខែ ចាប់ពី​ខែមករា ដល់​ខែមិថុនា គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខេត្ត​ប៉ៃលិន កើតមាន​ចំនួន ០២​លើក​។ គ្រោះថ្នាក់​ចរាចរណ៍​ទាំង ២​លើក​នោះ កើតឡើង ក្នុង​ក្រុងប៉ៃលិន ទាំង ២​លើក​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​លើកឡើង​បង្ហាញ ក្នុងពេល​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​អង្គភាព មន្ទីរជំនាញ ចូលរួម​ប្រជុំ បូកសរុប​លទ្ធផល​ការងារ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ ឆមាស​ទី​២ ឆ្នាំ​២០២១ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១​។ កិច្ចប្រជុំ​នេះ ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក តាម​ប្រព័ន្ធ​អន​ឡាញ Zoom​។​

​ដោយឡែក សម្រាប់​ការងារ​ចុះបញ្ជី​យានយន្ត នៅ​ខេត្ត​ប៉ៃលិន ក្នុង​រយៈពេល ៦​ខែ​ក្នុង​ឆ្នាំ​២០២១ នេះ បានធ្វើការ​ចុះបញ្ជី​រថ​យន្ត​ទេសចរណ៍​ចំនួន ១២​គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច​បាន​ចំនួន ១១​គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​ធំ បាន​ចំនួន ០៩​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ចំនួន ០១​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ មិនមាន​ទេ និង​ទោចក្រយានយន្ត (​ម៉ូតូ​) ចំនួន ៥៩​គ្រឿង​។​

​សូម​រម្លឹកថា របាយការណ៍​ចរាចរណ៍ ដែល​បាន​ឡើង​ក្នុង​កិច្ចប្រជុំ បង្ហាញថា នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល ៦​ខែ ក្នុង​ឆ្នាំ​២០២១ នេះ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ឡើង​សរុប ១.២៦១​លើក (​យប់ ៥៤​ភាគរយ​) បណ្ដាលឱ្យ​ស្លាប់ ៧០៩​នាក់ និង​រង​បួស ១.៧៩២​នាក់​។ ក្នុងនោះ​របួសធ្ងន់ ១.០៤៦​នាក់​។ គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆមាស​ទី​១​នេះ បាន​ថយចុះ ៣៥៨​លើក ស្មើនឹង ២២​ភាគរយ ហើយ​អ្នកស្លាប់​ថយចុះ ១៥២​នាក់ ស្មើនឹង ១៨​ភាគរយ និង​រងរបួស​ថយចុះ ៦៥៧​នាក់ ស្មើនឹង ២៧​ភាគរយ​។​

​ចំណែក​មូលហេតុ​នៃ​គ្រោះថ្នាក់ គឺ​ល្មើស​ល្បឿន ៣៤​ភាគរយ បើកបរ​មិន​គោរព​សិទ្ធិ ២៣​ភាគរយ មិន​ប្រកាន់​ស្ដាំ ១៦​ភាគរយ វ៉ា​ជែង ៨​ភាគរយ បត់ ៩​ភាគរយ កត្តា​យានយន្ត ៣​ភាគរយ ស្រវឹង ៣​ភាគរយ និង​បញ្ហា​សុខភាព ងងុយ ១​ភាគរយ​។

​ជាការ​កត់សំគាល់ ក្នុងចំណោម​ជនរងគ្រោះ ស្លាប់ មាន ៧៨​ភាគរយ គឺជា​អ្នកជិះ​ម៉ូតូ ស្មើនឹង ៥៥៥​នាក់ និង​មិន​ពាក់មួក​សុវត្ថិភាព ចំនួន ៦៩​ភាគរយ ស្មើនឹង ៣៨៥​នា​កក់​។ ដោយឡែក រាជធានី​ខេត្ត ដែលមាន​អត្រា​គ្រោះថ្នាក់​ច្រើនជាងគេ រួមមាន នៅ​រាជធានី​ភ្នំពេញ ៣៤០​លើក ខេត្តកណ្ដាល ៨៦​លើក និង​ខេត្តស្វាយរៀង ៧៧​លើក​។

​នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល ៦​ខែ​ក្នុង​ឆ្នាំ​២០២១ នេះ សមត្ថកិច្ច បាន​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​ប្រមាណ​ជាង ១​សែន ៥​ម៉ឺន​គ្រឿង​។ ក្នុងនោះ ទោចក្រយានយន្ត ត្រីចក្រយានយន្ត មាន ៧៣​ភាគរយ​។ ក្នុងចំណោម ៧៣​ភាគរយ​នោះ មាន ៩០​ភាគរយ មិន​ពាក់មួក​សុវត្ថិភាព ៦​ភាគរយ ល្មើស​សញ្ញា​ចរាចរណ៍ ២​ភាគរយ គ្មាន​ស្លាក​លេខ ២​ភាគរយ ប្រើ​ទូរ​សព្ទ និង​១​ភាគរយ​ទៀត អ្នកបើកបរ ក្នុងស្ថានភាព​ស្រវឹងស្រា​។

​ដោយឡែក​រថយន្ត​ល្មើស​វិញ ក្នុង​រយៈពេល ៦​ខែ​មកនេះ មាន​ចំនួន ២៨.២០១​គ្រឿង ស្មើនឹង ២៧​ភាគរយ​។ ក្នុងនោះ រថយន្ត​ធុន​ធ្ងន់ មាន ៦.៤៣១​គ្រឿង​។ ក្នុងចំណោម​រថយន្ត​ល្មើស​ទាំងនោះ មាន​បទល្មើស មិន​ពាក់​ខ្សែក្រវ៉ាត់ ៥២​ភាគរយ ល្មើស​ល្បឿន ១៦​ភាគរយ ប្រើ​ទូរ​សព្ទ ១០​ភាគរយ គ្មាន​ស្លាក​លេខ ៥​ភាគរយ ល្មើស​សញ្ញា​ចរាចរណ៍ ៧​ភាគរយ គ្មាន​បណ្ណ​បើកបរ ៤​ភាគរយ ដឹក​លើស​ចំណុះ ៤​ភាគរយ គ្មាន​ឆៀក ១​ភាគរយ គ្មាន​អាជីវកម្ម ១​ភាគរយ និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ១​ភាគរយ​៕ នី​យ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ