ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! នារី​ម្នាក់​ប្រើ​ល្បិច​យក​លុយ​​ស្ត្រី​ម្នាក់​​ជាង​​៦​សែន​បាត​ផ្ញើ​ម្តាយ​នៅ​ថៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​រៀបចំ​សំណុំរឿង​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់កា​តាម

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​រៀបចំ​សំណុំរឿង​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់កា​តាម​នីតិវិធី​ច្បាប់ នៅ​រសៀល​ថ្ងៃ​ទី​១៨​ខែកញ្ញា​ឆ្នាំ​២០២១ ពី​បទ​ឆបោក​ចំនួន​៦៥១,០០០​បាត (​ប្រាំមួយ​សែន ប្រាំ​ម៉ឺន មួយ​ពាន់​បាត​) ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​០៦​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១​កន្លង​ទៅ មាន​ករណី​ឆបោក​មួយ​កើតឡើង​ស្ថិត​នៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់​ចិ​រ៉ា ខុ​ង​ឌី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ថៃ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​បាន​ធ្វើ​សកម្មភាព​ឆបោក​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ឈ្មោះ ងឹ​ម សារី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ សរុប​ជា​ប្រាក់​ថៃ​ចំនួន​៦៥១,០០០​បាត (​ប្រាំមួយ​សែន ប្រាំ​ម៉ឺន មួយ​ពាន់​បាត​)​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​បានឱ្យ​ដឹង​ទៀត​ថា យោង​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ដើមបណ្ដឹង​ឈ្មោះ ងឹ​ម សារី បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩​និង​២៦​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ ជនសង្ស័យ​ឈ្មោះ ចាន់​ចិ​រ៉ា ខុ​ង​ឌី បាន​មក​វេរ​ប្រាក់​នៅ​ហាង​របស់​ខ្លួន​នៅ​ចំណុច​បុរី KTH ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​វេរ​ប្រាក់​ទៅ​ឱ្យឈ្មោះ ស៊ី​ធិ​ឆៃ ឈី​ណា​សាន់ ជា​បន្តបន្ទាប់​សរុប​ប្រាក់​ថៃ​ចំនួន​៤៥,១០០០​បាត (​បួន​សែន ប្រាំ​ម៉ឺន មួយ​ពាន់​បាត​)​។ ក្រោយ​​ពី​វេរ​ប្រាក់​រួច ឈ្មោះ ចាន់​ចិ​រ៉ា ខុ​ង​ឌី (​ជនសង្ស័យ​) បាន​សន្យា​ឱ្យ​ខ្លួន​ទៅ​យក​ប្រាក់សុទ្ធ​នៅ​បន្ទប់​ជួល​របស់​គេ​នៅ​ម្ដុំ​ដីស ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ទៀត​នៅ​វេលា​ម៉ោង​១២​និង​០៦​នាទី​ថ្ងៃ​ដដែល រូប​ខ្លួន (​ជន​រង​គ្រោះ​) ក៏​បាន​ទាក់ទង​ទៅ​ហាង​របស់​ខ្លួន​មួយ​កន្លែង​ទៀត​នៅ​ផ្សារ​ទំនើប​ប៊ិក​ស៊ី ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ស្រាប់តែ​ឈ្មោះ ចាន់​ចិ​រ៉ា ខុ​ង​ឌី (​ជនសង្ស័យ​) បានឱ្យ​ខ្លួន​វេរ​ប្រាក់​មុន​ទៅ​ឈ្មោះ​ស៊ី​ធិ​ឆៃ ឈី​ណា​សាន់ ដដែល​នោះ ចំនួន​២០០,០០០​បាត​(​ពីរ​សែន​បាត​) បន្ថែម​ទៀត ហើយ​ខ្លួន​ពុំ​ទាន់​បាន​ទទួល​ប្រាក់សុទ្ធ​នៅឡើយ​ទេ​ទាំង​ពីរ​លើក​នេះ ដោយសារ​តែ​ទុកចិត្ត​ឈ្មោះ ចាន់​ចិ​រ៉ា ខុ​ង​ឌី ជា​ម៉ូយ​ប្រចាំ ទើប​ខ្លួន​វេរ​ប្រាក់​ជា​បន្តបន្ទាប់​សរុប​ចំនួន​៦៥១,១០០០​បាត (​ប្រាំមួយ​សែន ប្រាំ​ម៉ឺន មួយ​ពាន់​បាត​) ។

ម្ចាស់​បណ្ដឹង​បាន​រៀបរាប់​ទៀត​ថា​៖ ក្រោយ​ពី​វេរ​ប្រាក់​ចំនួន​ពីរ​លើក​រួច​ហើយ គាត់​ក៏​បាន​ទៅ​យក​ប្រាក់​ពី​ឈ្មោះ ចាន់​ចិ​រ៉ា ខុ​ង​ឌី (​ជនសង្ស័យ​) នៅ​កន្លែង​ស្នាក់​បណ្ដោះអាសន្ន ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ស្រាប់តែ​ជនសង្ស័យ​រូប​នេះ​បាន​គេចខ្លួន​បាត់ ដោយ​ឃើញ​ហេតុការណ៍​ដូច្នេះ​ទើប​ខ្លួន​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​តែ​ម្តង ។

មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត លោក​វរសេនីយ៍ត្រី​នួន នី​ណា​រ៉ូ បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ និង​ម​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​វេលា​ម៉ោង​០៦​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ ហើយ​បញ្ជូន​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សាកសួរ​ចម្លើយ ។

ក្រោយ​ពេល​ឃាត់​ជនសង្ស័យ​ឈ្មោះ ចាន់​ចិ​រ៉ា ខុ​ង​ឌី ក៏​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បានឱ្យ​ជន​រង​គ្រោះ​វេរ​ប្រាក់​ឱ្យ​ចំនួន​០២​លើក​សរុប​ចំនួន​៦៥១,០០០​បាត ទៅ​ឱ្យឈ្មោះ ស៊ី​ធិ​ឆៃ ឈី​ណា​សាន់ ពិតប្រាកដ​មែន ហើយ​ខ្លួន​បានឱ្យ​ឈ្មោះ ស៊ី​ធិ​ឆៃ ឈី​ណា​សាន់ នោះ យក​ប្រាក់​ទាំង​អស់នោះ​ទៅ​ឱ្យ​ម្ដាយ​របស់​ខ្លួន​នៅ​ប្រទេស​ថៃ ចំណែក​ខ្លួន​មិន​មាន​ប្រាក់សុទ្ធ​ឱ្យទៅ​ជន​រង​គ្រោះ​ទើប​រត់គេច​ខ្លួន ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ស្តាប់​ចម្លើយ​សារភាព ជនសង្ស័យ​ឈ្មោះ ចាន់​ចិ​រ៉ា ខុ​ង​ឌី ត្រូវ​បាន​កម្លាំង​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ ដើម្បី​ចាត់​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ