ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ភាពធ្ងន់ធ្ងរនៃការឆ្លងរាលដាលមេរោគកូវីដ១៩ នៅសៀមរាប បង្ហាញច្បាស់​ថា វ៉ាក់​សាំងមិនមែនជាអាវក្រោះប្រឆាំង​ការឆ្លងកូវីដ១៩ បើសិនជាមនុស្សនៅតែ​ប្រហែស មិន​អនុវត្ត​វិធានការសុខាភិបាល បានត្រឹមត្រូវ។ សារព្រមាន គឺវ៉ាក់សាំង…

ភ្នំពេញ​៖ ភាពធ្ងន់ធ្ងរនៃការឆ្លងរាលដាលមេរោគកូវីដ១៩ នៅសៀមរាប បង្ហាញច្បាស់​ថា វ៉ាក់​សាំងមិនមែនជាអាវក្រោះប្រឆាំង​ការឆ្លងកូវីដ១៩ បើសិនជាមនុស្សនៅតែ​ប្រហែស មិន​អនុវត្ត​វិធានការសុខាភិបាល បានត្រឹមត្រូវ។

សារព្រមាន គឺវ៉ាក់សាំង អាចការពារមនុស្ស មិនអោយឈឺធ្ងន់ និងស្លាប់ ប៉ុន្តែវាមិនធានា ១០០ភាគរយថា មេរោគ មិនអាចឆ្លងបានឡើយ។ ដូច្នេះមនុស្សគ្រប់គ្នា ត្រូវរក្សា និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

រហូតដល់​ពេលនេះ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រចាំថ្ងៃ បាន​ហក់​ឡើងដល់​ជាង ៦០០​នាក់ ក្នុង ១​ថ្ងៃៗ ហើយ​អ្នក​ស្លាប់មាន​ខ្ទង់ ១០​នាក់ រៀងរាល់ថ្ងៃ​។ ក្នុងនោះ នៅ​ខេត្តសៀមរាប មាន​ចំនួន​អ្នក​ឆ្លង​កូ​វីដ ច្រើនជាងគេ រហូតដល់​ត្រូវ​បិទ​ខ្ទប់​ក្រុង​សៀមរាប​។

ក្រសួងសុខាភិបាល ប្រកាសថា រហូតដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ ចំនួន​អ្នក​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស មាន​ចំនួន​សរុប ១១ ៨២៥ ៤១៨​នាក់ ស្មើនឹង ៧៣,៩១% នៃ​ចំនួន​ប្រជាជន​កម្ពុជា សរុប ១៦​លាន​នាក់​។ ក្នុងនោះ អ្នកមាន​អាយុ ១៨​ឆ្នាំ​ឡើង ចាក់​វ៉ាក់សាំង បាន ៩ ៨២១ ៦៦៧​នាក់​។ អ្នក​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ចាក់​វ៉ាក់សាំង បាន ១ ៧២៧ ០៦៣​នាក់ និង​កុមារ​អាយុ​ពី ៦​ឆ្នាំ ដល់ ១២​ឆ្នាំ ចាក់​វ៉ាក់សាំង គិត​ត្រឹម​ថ្ងៃទី​១៨​កញ្ញា បាន​ចំនួន ២៧៦ ៦៩៦​នាក់​។​

​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​ខាងលើ បង្ហាញថា មកដល់​ថ្ងៃទី​១៨​កញ្ញា គឺ​អ្នកមាន​អាយុ ១៨​ឆ្នាំ​ឡើង បាន​ចាក់​វ៉ាក់សាំង​ស្ទើរតែ​អស់ហើយ​។ តាម​ការប៉ាន់ស្មាន ក្រុម​ជំពូក​មនុស្សពេញវ័យ​នេះ មាន​ចំនួន ១០​លាន​នាក់ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​។ ក្នុងនោះ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ និង​អាជ្ញាធរ​រាជធានី​ខេត្ត ក៏បាន​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង លើ​មនុស្សពេញវ័យ​នេះ ជា​បណ្តើរៗ តាម​រាជធានី​ខេត្ត​ជាច្រើន​រៀងរាល់ថ្ងៃ​។​

​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល ២​ថ្ងៃនេះ គឺ​នៅ​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨​កញ្ញា ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសថា អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង​ពី​ជិត ៦០០​នាក់ ក្នុង ១​ថ្ងៃៗ មកដល់​ជាង ៦០០​នាក់ ក្នុង ១​ថ្ងៃ​។ នោះ​គឺ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ក្រសួងសុខាភិបាល ប្រកាសថា មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ៦១២​នាក់ ជាសះស្បើយ ៤៦០​នាក់ និង​ស្លាប់ ១៣​នាក់​។ ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ៦១២​នាក់ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា គឺមាន ៧៨​នាក់ ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។ គិត​ជារួម ត្រឹម​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១០៤ ០៩៤​នាក់​។ ក្នុងនោះ ជាសះស្បើយ ៩៧ ២២៧​នាក់ និង​ស្លាប់​សរុប ចំនួន ២១០៩​នាក់​។​

​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​ថ្ងៃទី​១៨ ខែកញ្ញា ចំនួន ៦១២​នាក់ គឺ​ថយចុះ​តិចតួច បើ​ធៀប​នឹង​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​។ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ៦៤៨​នាក់ ជាសះស្បើយ ៤៩២​នាក់ និង​ស្លាប់ ៧​នាក់​។​

​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ ដែល​ក្រសួង​សុខាភិបាល ប្រកាស​ប្រចាំ​ថ្ងៃនេះ គឺ​មិនមាន​លើក​បង្ហាញថា នៅ​ភ្នំពេញ មាន​អ្នក​ឆ្លង​ប៉ុន្មាន​នាក់? ហើយ​នៅ​ខេត្ត​ណា មាន​អ្នក​ឆ្លង​ប៉ុន្មាន​នាក់? ជាសះស្បើយ​ប៉ុន្មាន? និង​ស្លាប់​ប៉ុន្មាន​នាក់? ក៏​គ្មាន​ដែរ​។ យ៉ាងណាក៏ដោយ អគ្គស្នងនគ​របាល​ជាតិ បានប្រកាស ក្នុង​ពិធី​ផ្លាស់ប្តូរ​ស្នងការ​នគរបាល​​ខេត្តសៀមរាប កាលពី​អាទិត្យ​​មុន​​ថា នៅ​ខេត្តសៀមរាប ឆ្លង​កូ​វីដ​ប្រចាំថ្ងៃ​ ច្រើនជាងគេ បន្ទាប់មក​នៅ​ភ្នំពេញ និង​នៅ​ខេត្តបន្ទាយមានជ័យ​។​

​សេចក្តីប្រកាស​ពី​កំណើន​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រចាំថ្ងៃ​ច្រើន​ដូច្នេះ ត្រូវបាន​ប្រកាស​ចេញ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​រដ្ឋបាល​ខេត្ត​សៀម​រាប ​បាន​សម្រេច​​បិទ​​ខ្ទប់​ ក្នុង​​ក្រុង​សៀមរាប ចំនួន ៨​សង្កាត់ កំណត់​ជា​តំបន់​លឿងទុំ និង ៦​សង្កាត់​ទៀត ​កំណត់​​ជា​តំបន់​ក្រហម ដើម្បី​ទប់ស្កាត់​ក្នុង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ការបិទ​ខ្ទប់ ដោយ​កំណត់​ជា​តំបន់​ក្រហម និង​តំបន់​លឿងទុំ នៅ​ក្រុង​សៀមរាប ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៧ ខែកញ្ញា រហូតដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​។​

​ក្រៅ​ពី​​បិទ​​ខ្ទប់ ​នៅ​​ក្រុង​​សៀមរាប ដោយសារតែ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ រដ្ឋបាលខេត្ត ក៏បាន​សម្រេច​បិទ​ផ្សារ​រលួស ស្ថិតនៅ​ភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែលជា​ទីតាំង​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ការបិទ​ខ្ទប់​ផ្សារ​រលួស ជា​បណ្ដោះអាសន្ន​នេះ មាន​រយៈពេល ២​សប្តាហ៍ ចាប់ពី​ថ្ងៃទី​១៨ ខែកញ្ញា ដល់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២១​។​

​វិធាន​ការបិទ​ខ្ទប់​សង្កាត់ ចំនួន ១៤​សង្កាត់ នៅ​ក្រុង​សៀមរាប រួមទាំង​បិទ​ផ្សារ​រលួស​ផង ដោយសារ​តែមាន​អ្នក​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​ច្រើន រហូតដល់​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ ដោយ​ការបិទ​ខ្ទប់ ដែល​វិធាន​ការបិទ​ខ្ទប់ អនុវត្ត​ច្រើនលើក​រួចមកហើយ ចាប់តាំងពី​ផ្ទុះ​ព្រឹត្តិការណ៍​ឆ្លង​កូ​វីត នៅ​សហគមន៍ ថ្ងៃ​២០​កុម្ភៈ ឆ្នាំ​២០២១​។​

​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​ខេត្តសៀមរាប និយាយ​ដោយឡែក និង​និយាយ​ជារួម នៅ​ទូទាំងប្រទេស ដែល​កើនឡើង ដល់​ជាង ៦០០​នាក់ ក្នុង ១​ថ្ងៃៗ​នេះ គឺ​កើតឡើង នៅពេល​ប្រជាជន​នៅ​កម្ពុជា​យើង​ភាគច្រើន រហូត​ជិត ៧៤​ភាគរយ បាន​ចាក់​វ៉ាក់សាំង​រួចហើយ​។ ​នេះ​​​មាន​ន័យ​ថា​ អ្នក​​ចាក់​​វ៉ាក់​សាំង​​រួច​ ​ក៏​​នៅ​តែ​​ឆ្លង​​កូ​វីដ​​១៩ ដែរ​។​

​នៅ​សៀមរាប ការឆ្លង​រាលដាល​កូ​វីដ ក្នុង​រលក​ថ្មី​ដូច្នេះ ក៏​ដោយសារតែ​ប្រជាពលរដ្ឋ​មួយចំនួន ក្នុង​ក្រុង​សៀមរាប មិនបាន​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ នោះ​គឺមាន​អ្នក​ជួបជុំ​ផឹកស៊ី ដែល​អាជ្ញាធរ​ខេត្តសៀមរាប ចាប់​ឃាត់​ជា​ញឹកញាប់​។ ក្រៅពីនោះ វិធានការ ៣​កុំ និង ៣​ការពារ ក៏​ប្រជា​ពលរដ្ឋ​​មួយ​ចំនួន អនុវត្ត​​មិនបាន​​ត្រឹមត្រូវ​ផងដែរ​។​

​ជាការ​ពិត ការអនុវត្ត​​វិធាន​ការ​​រដ្ឋបាល ​រហូត​ដល់​​បិទ​​ខ្ទប់​​ក្នុង​ក្រុង​សៀមរាប គឺ​ការពិតជា​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​កត្តាសេដ្ឋកិច្ច ក្នុង​ខេត្ត​ទាំងមូល​តែម្តង​។ តែ​អាជ្ញាធរ​សមត្ថកិច្ច មិនមាន​ជម្រើស​អ្វី ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ក្នុង​សហគមន៍​នោះទេ​។​

​វិធាន​ការបិទ​ខ្ទប់ ១​សប្តាហ៍​នេះ អាច​មិន​គ្រប់គ្រាន់​ទេ បើសិនជា​នៅតែមាន​អ្នក​ឆ្លង​កូ​វីដ ក្នុង​ក្រុង​សៀមរាប​។ អ្វីដែល​​ត្រូវ​អនុវត្ត ​គឺ​​ការ​បន្ត​​ពង្រឹង​​វិធាន​ការ​​សុខាភិបាល និង​ការត្រៀម​កន្លែង​ព្យាបាល ឲ្យ​បានល្អ និង​គ្រប់គ្រាន់​។ រីឯ​ប្រជាពលរដ្ឋ ក៏​ត្រូវតែ​ចូលរួម​អនុវត្តតាម​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ បើ​មិន​ចង់​ឆ្លង និង​បើ​មិន​ចង់​ឲ្យ​ការបិទ​ខ្ទប់​អូសបន្លាយ​យូរថ្ងៃ​តទៅទៀត​ទេ​។​

​យ៉ាងណាក៏ដោយ អាជ្ញាធរ​ខេត្តសៀមរាប ផុតកំណត់ ១​សប្តាហ៍​នេះ បើ​នៅតែ​ឆ្លង​កូ​វីដ​ច្រើន ក្នុង​សហគមន៍​ទៀត ក៏​គួរតែ​ចាត់វិធានការ​បង្រួម​នូវ​ការបិទ​ខ្ទប់​។ ពោលគឺ​អាច​បិទ​ខ្ទប់​តែ​ផ្ទះ ឬ​ក្រុមហ៊ុន​ណា ដែលមាន​អ្នក​ឆ្លង​កូ​វីដ ឬក៏​ផ្សារ ដែលមាន​អាជីវករ​ឆ្លង​កូ​វីដ​។ ក៏​គួរ​តែ​​បិទ​​ខ្ទប់តែភូមិ ឬ​តំបន់ ប្លុក​ណា ដែលមាន​អ្នក​ឆ្លង​កូ​វីដ​ច្រើន​​។ ក្រៅពីនោះ អាច​បើក​ឡើងវិញ ហើយ​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ត្រឹមតែ​ហាមឃាត់​អាជីវកម្ម មុខរបរ និង​ទីកន្លែង​ណា ដែលមាន​ហានិភ័យ​នៃ​ការឆ្លង​កូ​វីដ​១៩ តាមរយៈ​ការជួបជុំ​មនុស្ស​ច្រើន ជាដើម​។

​ភ្នំពេញ បាន​អនុវត្ត​ដោយ​ជោគជ័យ​ហើយ ទាក់ទង​នឹង​វិធាន​ការបិទ​ខ្ទប់ និង​ការ​បង្រួម​វិធានការ​នេះ មក​ត្រឹម​បិទ​ខ្ទប់​តាម​ខ្នង​ផ្ទះ ដែលមាន​អ្នក​ឆ្លង​កូ​វីដ រួមទាំង​ការហាមឃាត់ ​មិន​ឲ្យ​អាជីវកម្ម មុខរបរ និង​ទីកន្លែង​មួយចំនួន បើក​អាជីវកម្ម​ឡើងវិញ​ឡើយ ដូចជា ក្លិប​កីឡា ហាង​ម៉ាស្សា ខារ៉ាអូខេ និង​ហាង​ផឹកស៊ី​គ្រឿង​ស្រវឹង ជាដើម​។ ប៉ុន្តែ​វិធានការ​នៅ​រាជធានី​ភ្នំពេញ ក៏​មិនមែន​មានន័យថា លែងមាន​អ្នក​ឆ្លង​កូ​វីដ​១៩ នោះឡើយ​។ នៅ​ភ្នំពេញ អ្នក​ចាក់​វ៉ាក់សាំង មាន​ច្រើនជាងគេ រហូតដល់​មាន​អ្នក​ចាក់​ដល់​ដូ​ស​ទី​៣ ក៏​នៅតែ​ឆ្លង និង​ស្លាប់ ដោយសារ​កូ​វីដ រៀងរាល់ថ្ងៃ​។ ដូច្នេះ​មានតែ​ម្នាក់ៗ ត្រូវ​បន្ត​ការពារ​ខ្លួន កុំ​ឲ្យ​ឆ្លង​កូ​វីដ ហើយ​វិធាន​ងាយៗ គឺ ៣​កុំ និង​៣​ការពារ​៕​