ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ ២៥ខេត្តរាជធានី កើតមានជំងឺដុំពកលើស្បែក​គោក្របី​ទាំងអស់

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ក្រុមពេទ្យសត្វ នៅខេត្តកំពង់ឆ្នាំង បានបន្តចាក់វ៉ាក់សាំងការពារជំងឺដុំពកលើស្បែកសត្វគោក្របី ជូនប្រជាពលរដ្ឋ នៅក្នុងឃុំសែប ស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១​។…

ខេត្តកំពង់ឆ្នាំង៖ ក្រុមពេទ្យសត្វ នៅខេត្តកំពង់ឆ្នាំង បានបន្តចាក់វ៉ាក់សាំងការពារជំងឺដុំពកលើស្បែកសត្វគោក្របី ជូនប្រជាពលរដ្ឋ នៅក្នុងឃុំសែប ស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១​។ ក្នុង​នោះ នៅទូទាំងប្រទេស ក្នុង ២៥ខេត្តរាជធានី គឺមានគោក្រ​បី កើតជំងឺដុំពកលើស្បែក​ទាំងអស់​។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានប្រសាសន៍ថា ជំងឺដុំពកលើស្បែកសត្វគោ និងក្របី គឺជាជំងឺទើបកើតថ្មី ដែលបានចម្លងចេញពីប្រទេសជិតខាង ដែលធ្វើឱ្យសត្វគោក្របីរបស់បងប្អូន ដែលកើតជំងឺនេះ ហើយងាយងាប់ បើយើងមិនឆាប់ព្យាបាលទាន់ពេលវេលាទេនោះ។

ក្នុងពេលដឹកនាំមន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ចុះចាក់វ៉ាក់សាំង បង្ការ និងការពារជំងឺដុំពកលើស្បែកសត្វគោ និងក្របី នៅក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក តាន់ ផាន់ណារ៉ា បានបន្តថា គិតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាយើងទាំង ២៥ ខេត្តរាជធានី គឺបានកើតមានជំងឺដុំពកនេះ លើសត្វគោក្របីគ្រប់គ្នា​។ ចំពោះវិធីព្យាបា​លជំងឺដុំពកលើស្បែកនេះ មានតែការចាក់វ៉ាក់​សាំងការពារនេះទេ ដែលមានប្រសិទ្ធ​ភាពបង្ការ និងការពារជំងឺនេះ បានរហូតដល់រយៈពេល ៣ឆ្នាំ​។

ជាមួយគ្នានេះដែរ លោក លើកឡើងថា នៅពេលសត្វគោក្របីកើតជំងឺនេះ បងប្អូនត្រូវលាងទឹកសត្វនឹងសាប៊ូ ឲ្យបានស្អាត ហើយយកថ្នាំទឹកពណ៌ខៀវ ដែលចែកជូននេះទៅលាបលើដុំពកទាំងនោះ វានិងឆាប់ជាសះស្បើយហើយ​។ ដូច្នេះសូមប្រជាពលរដ្ឋយើងនៅគ្រ​ប់មូលដ្ឋាន សូមយកសត្វគោក្របី មកចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា និងសូមកុំជឿតាម​ពាក្យចចាមអារាម​តៗគ្នាថា យកទឹកដូង និងស្លឹកមន មកបុកឲ្យគោផឹក អាចជាសះស្បើយជំងឺដុំពកលើស្បែកនេះ គឺជារឿងមិនពិតនោះឡើយ​។

នៅក្នុងពិធីនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍ថា​ ខេត្តកំពង់ឆ្នាំង មានសត្វគោ និងក្របីសរុបជាង ២០ម៉ឺនក្បាល ក្នុងនោះ ក្របីមានចំនួនជាង ២ម៉ឺនក្បាល។ ដោយឡែក ចំពោះជំងឺដុំពកលើស្បែកថ្មីនេះ ខេត្តកំពង់ឆ្នាំង មានសត្វគោ និងក្របីចំនួនជាង ៤ ពាន់ក្បាល កើតជំងឺដុំពកលើស្បែកនេះ ក្នុងនោះ យើងបានព្យាបាល​ជាសះស្បើយចំនួនជាង ២ពាន់ក្បាល និងមានគោងាប់ដោយសារជំងឺនេះ ចំនួន ៣៣ក្បាល ដែលភាគច្រើនជាកូនគោ។

ជាការកត់សំគាល់ ក្នុងរយៈពេលជាង ៣ខែ ដែលមន្ត្រីជំនាញ ចុះជួយព្យាបាល និងផ្សព្វផ្សាយពីវិធីព្យាបាល ព្រមទាំងចែកថ្នាំសម្រាប់ព្យាបាល ពិសេសទៀតនោះ គឺការចុះវ៉ាក់សាំងការពារផងនោះ បានធ្វើឱ្យតួលេខ​សត្វកើតជំងឺនេះ បានថយចុះ​។

នៅក្នុងយុទ្ធនាការនោះដែរ លោក តាន់ ផាន់ណារ៉ា និងក្រុមការងារ បានចែកសម្ភារៈ និងវ៉ាក់សាំងជូនមន្ត្រីពេទ្យសត្វ ដើម្បីចាក់ សត្វគោ ក្របី ជូនប្រជាពលរដ្ឋ បានចំនួន ៣០០ ក្បាល និងបានចែកជូននូវថ្នាំទឹកសម្រាប់លាបលើដុំពកស្បែកសត្វគោក្របី ជូនប្រជាពលរដ្ឋផងដែរ៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ