ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លក់​នាវាមុជទឹក​​ត្រូវ​​គេ​កាត់មុខ​ បារាំង​លើក​ពី​វិបត្តិ​ធ្ងន់ធ្ងរ​មួយ​(វីដេអូ)

2 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការ​បេ​ទេស​បារាំង​លោក JEAN YVES LE DRIAN លើក​ឡើង​កាលពី​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០២១ ពី​វិបត្តិ​ធ្ងន់​ធ្ងរ​មួយ​កើតឡើង ដោយ​ការ​បំផ្លាញ​កុងត្រា​ដ៏​ធំ​មហាសាល​មួយ នៃ​ការ​លក់​នាវាមុជទឹក

ប្រទេស​បារាំង ៖ រដ្ឋមន្ត្រី​ការ​បេ​ទេស​បារាំង​លោក JEAN YVES LE DRIAN លើក​ឡើង​កាលពី​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០២១ ពី​វិបត្តិ​ធ្ងន់​ធ្ងរ​មួយ​កើតឡើង ដោយ​ការ​បំផ្លាញ​កុងត្រា​ដ៏​ធំ​មហាសាល​មួយ នៃ​ការ​លក់​នាវាមុជទឹក​បារាំង​ឲ្យ​អូស្ត្រាលី ដោយ​លោក​បរិហារ​ពី​ការ​ភូត​កុហក ​និង​ពោរពេញ​ដោយ​ភាព​វៀចវេរ និង​ជា​ការ​កាត់​ផ្ដាច់​ដ៏​ចម្បង​នៃ​ទំនុកចិត្ត​ និង​ជា​ការ​មើលងាយមើលថោក​មួយ ពី​ចំណាក់​សម្ព័ន្ធមិត្ត​បារាំង​។

តាម​ទូរទស្សន៍​ FRANCE 2 លោក​JEAN YVES LE DRIAN បាន​​ពោល​ថា បែប​នោះ​ជា​ហេតុផល នៃ​ការ​ហៅ​ឯកអគ្គរដ្ឋទូត​បារាំង ប្រចាំ​​ក្រុង​កង់​បេ​រ៉ា ​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​។ លោក​ថា​ នោះ​ក៏​មក​ពី​វិបត្តិ​ធ្ងន់ធ្ងរ​មួយ​រវាង​ពួក​យើង​។ ចំណែក​ការ​​កោះហៅ​ឯកអគ្គរដ្ឋទូត​បារាំង​ពី​ក្រុង​ឡុ​ង​ដ៏​មក​វិញ លោក​ថា ​មក​ពី​វា​ឥតប្រយោជន៍​។ រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​យល់​ឃើញ​ម្យ៉ាង​ទៀត​ថា ចំពោះ​អ្វី​ដែល​ទើប​កើត​មាន នឹង​អាច​ឲ្យ​មានការ​កំណត់​និយម​ន័យ​ថ្មី នៃ​យុទ្ធសាស្ត្រ​របស់​អូតង់ តែ​លោក​មិន​បាន​លើក​ឡើង​ពី​ការ​ចាក​ចេញពី​សម្ព័ន្ធភាព​យោធា​នោះ​ទេ​។

ដោយសារ​​ខឹង​ចិត្តខ្លាំង​ចំពោះ​ការ​កាត់មុខ​កុងត្រា​ដ៏​ធំ​នោះ ពី​សំណាក់​អា​មេ​រិ​ក ​និង​អង់គ្លេស​ ដែល​ទៅ​បង្កើត​សម្ព័ន្ធភាព​ត្រីភាគី​មួយ បារាំង​មុន​នេះ​បាន​លុប​ចោល​រួច​ហើយ ពិធីជប់លៀង​មួយ​ដែល​គ្រោង​ធ្វើ​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

ពិធីជប់លៀង​នោះ​គ្រោង​ធ្វើ​នៅ​និវេសនដ្ឋាន​នៃ​ស្ថានទូត​បារាំង​ប្រចាំ​ក្រុង​វ៉ា​ស៊ិ​ន​តោន ដើម្បី​អបអរសាទរ​ដល់​ខួប​នៃ​ការ​ប្រយុទ្ធ​ជើង​ទឹក​ដ៏​ខ្លាំងក្លា​នៃ​សង្គ្រាម​ដណ្ដើម​ឯករាជ្យ​សហរដ្ឋអាមេរិក ជាមួយ​ជោគជ័យ​របស់​កង​នាវាចម្បាំង​បារាំង លើ​កង​នាវាចម្បាំង​អង់គ្លេស ថ្ងៃ​ទី​៥ ខែ​កញ្ញា ​ឆ្នាំ​១៧៨១​។

កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អូស្ត្រាលី​លើក​ហេតុផល​ថា អូស្ត្រាលី​សម្រេច​បោះបង់​ចោល​កុងត្រា​ដ៏៏​ធំ​នោះ មាន​ទឹកប្រាក់​ដល់​៥៨​ពាន់​លាន​អឹ​រ៉ូ សម្រាប់​ទិញ​នាវាមុជទឹក​ធម្មតា​បារាំង​១២​គ្រឿង ងាក​មក​រក​នាវាមុជទឹក​នុយក្លេអ៊ែរ​អង់គ្លេស​-​អា​មេ​រិ​ក ព្រោះ​វា​សម​ស្រប​នឹង​ផលប្រយោជន៍​អូស្ត្រាលី​ខ្លាំង​ជាង​។

ប្រភព​នៃ​ភ្លើង​ឆេះ​ក្នុង​ទំនាក់ទំនង​អា​មេ​រិ​ក​-​បារាំង គឺ​ការ​បង្កើត​សម្ព័ន្ធភាព​ថ្មី​ឥណ្ឌូ​-​ប៉ា​សី​ុ​ហ្វិ​ក ប្រកាស​កាលពី​ថៃ្ង​ទី​១៥​ ខែ​កញ្ញា ដោយ​លោក​ចូ​បៃ​ដិ​ន​ជាមួយ​អង់គ្លេស ​និង​អូស្ត្រាលី​។ ភាព​ជា​ដៃគូ​នោះ​មានឈ្មោះ​ថា​ AUKUS ដែល​ច្បាស់​ណាស់ ​គឺ​​សំដៅ​ប្រឆាំង​ចិន៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ